ខេត្ត​កំពង់​ឆ្នាំង ៖ ពិតណាស់​ថា ពាក្យ​«ក្រុង​»​ គឺទាមទារ​ឱ្យ​មាន​សោភ័ណភាព ​អនា​ម័យ​ និង​មាន​ផាសុកភាព​ផងដែរ ។ ប៉ុន្តែ​អ្វី​ដែល​ចង់​និយាយ​នៅពេល​​នេះ ​គឺ​ក្រុង​​កំពង់​ឆ្នាំង​ ដែល​ជន​មួយ​ក្តាប់​តូច​​បាន​ធ្វើ​ឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​​ និង​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​អស់​ជាច្រើន​ផង​​ដែរ ។​ ផ្សារ​​ឆ្នាំង​​ គឺជា​សង្កាត់​មួយ​​ក្នុង​ចំណោម​​សង្កាត់​​ទាំង​៤នៃ​ក្រុង​កំពង់​​ឆ្នាំង ។ សង្កាត់​នេះ​មាន​ភូមិ​សាស្ត្រ​ជាប់​មាត់​ទន្លេ​ ភាគច្រើន​ដែល​ទី​នោះ​សំបូរទៅ​​ដោយ​ភ្ញៀវ​ទេសចរ​បរទេស មក​​ឈប់​​កប៉ាល់​ ហើយ​បាន​ឡើងទៅលើ​គោកដើម្បី​​ដើរ​​ទស្សនា​កំសាន្ត​នៅ​ក្នុង​សង្កាត់​នេះ​ក៏​ដូច​ជា​ដើរ​ទស្សនា​​ទេស​ភាព​ក្ នុង​ក្រុង​ផងដែរ ។
ប៉ុន្តែ​អ្វីដែល​ហួស​ចិត្ត​នោះ ​គេ​បាន​ឃើញ​ក្តារ​ខៀន​​មួយដែល​មាន​ដំបូល​ប្រក់​ទុក​សំរាប់​បិទ​ប្រកាស​ សេចក្តី​ជូន​ដំណឹង ​​ឬទុក​សំរាប់​បិទ​ផ្សាយ​ឃោសនា​អប់រំ​សុខភាព​ជាដើម ​ដែល​បាន​ដាក់​បញ្ឈរ​នៅ​ម្តុំ​ចុង​កោះ​នោះ​ បាន​ក្លាយ​ជា​កន្លែង​ចង​ខ្សែ​ដាក់​ស្នួ​ហាល​ខោអាវ​​យ៉ាងអនាធិបតេយ្យ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សោភ័ណភាព​ទីក្រុង​នេះ​យ៉ាង​ធ្ងន់​ធ្ងរ​ ។​ ប៉ុន្តែ​ទង្វើ​​យ៉ាង​អាក្រក់​នេះ​​មិន​ត្រូវ​បាន​អាជ្ញាធរ​មូល​ដ្ឋាន​​មើលឃើញ​និង​ណែនាំ​ឡើយ ។ ដូចមាន​រូប​ថត​ដែល​បាន​ដាក់​ឱ្យ​ឃើញ​នេះ​ស្រាប់ ។ តាម​​មើល​ក្តារខៀន​ដែល​សំរាប់​បិទ​ផ្សាយ​ព័ត៌​មាន​​នេះ គឺ​​យក​មក​ដាក់​ចោល​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សាមី​អង្គភាព​ឡើយ ។ មិន​មាន​បំណង​បន្តុះ​បង្អាប់​អង្គភាព​ឬស្ថាប័ន​នោះទេ តែគួរមាន​​សតិសម្បជញ្ញៈ​ផង ខ្មាស់​ភ្ញៀវ​​​​បរទេស​ដែល​គេ​ដើរ​កំសាន្ត​​រាល់​ថ្ងៃ​ ។ សង្ឃឹម​ថា ក្រោយ​ការ​ផ្សាយ​នេះ នឹង​មាន​ការ​​​កែប្រែឡើងវិញ​សំរាប់​យើង​ទាំងអស់គ្នា ៕