ខេត្តព្រៃវែង ៖ ​កាលពីថ្ងៃទី​​២៥ ធ្នូ ក្រុម​មន្ត្រី​​បសុព្យាបាល​​ប្រចាំស្រុក​​​ពាមរក៍ ​បានចុះ​​ទៅ​ដល់​​​ភូមិ​​ចាន់ ​ភូមិ​ព្រៃ​​កំពែង ​ភូមិ​ព្រៃអង្គញ់​​ និង​​ភូមិ​​ព្រៃ​កណ្តៀង ​ក្នុង​ឃុំ​ព្រៃ​កណ្តៀង ​ស្រុក​ពាមរក៍ ​ដើម្បីផ្សព្វ​ផ្សាយ​​​ណែនាំ និង​​ចែក​​ថ្នាំ​ព្យាបាល​​សត្វគោ​មួយចំនួន​ដល់​ប្រជា​កសិករ​​ ដើម្បី​ការពារ​​​ជំងឺ​ផ្សេង​ៗ​លើ​សត្វ​ពាហនៈ ។ លោកមុំ ​ស្រស់ មន្ត្រី​​បសុព្យាបាល​ប្រចាំ​ស្រុក​​​ពាមរក៍ ​បាន​ឱ្យ​ដឹង​ថា ​ភូមិ​​ទាំង​៤ ​ដែល​ស្ថិត​ក្នុង​​ឃុំ​ព្រៃ​​កណ្តៀងនេះ​សព្វថ្ងៃ​​​ពុំទាន់​​​កើត​​មាន​ជំងឺ​សត្វ​​​ពាហនៈ​ច្រើនទេ ហើយ​​ពួកលោក​​​​ចុះ​មក​ពន្យល់​​ពីវិធីសាស្ត្រ​ការពារ​​​ជំងឺ​សត្វ​ពាហនៈ​ ដោយ​​វិធីផ្សេងៗ​ ​ដល់ប្រជាកសិករ​​ ដើម្បី​ឱ្យ​​​ពួក​គាត់​​​ដែលមាន​​គោ​ក្របី​ កុំ​ឱ្យ​​ធ្វេស​ប្រហែស​​ឱ្យ​សោះ​​​ ​មាន​​បញ្ហា​ត្រូវ​​​ឆាប់​រាយការណ៍​ និង​ឆាប់​​ព្យា​​បាល​ ។
សព្វថ្ងៃ​នៅ​ខេត្ត​ដទៃៗ​​ទៀត​​​មានការ​រាលដាល​ជំងឺ​​ដល់​​សត្វ​ពាហនៈ​​ជា​ច្រើន​ ដូច្នេះ​​ហើយ​សំរាប់​មូលដ្ឋាន​​យើង​ដែល​​ពុំ​ទាន់មាន ឬ​ក៏មាន​​ជំងឺ​តិចតួច​​​ត្រូវ​ប្រញាប់​​​​ព្យាបាល​​​ ទោះដោយ​​វិធីបុរាណ​ក៏​ដោយ ​ឬ​​វិទ្យា​សាស្ត្រ​​ក៏ដោយ ឱ្យតែ​​បានជា​​ឆាប់រហ័ស ​ដូច​ជា​​វិធី​​យកស្លឹក​​អំពិល​​​ត្រាំទឹក​មក​ប្រើ​​​ដែល​ជា​វិធី​បុរាណ​​​នេះ​ក៏​មាន​ប្រសិទ្ធ​ភាព​ ដែរ ។​ ​ចំណុច​​ពិសេ​ស​គឺ​​លោក​បាន​ផ្តាំ​ផ្ញើ​ឱ្យ​ម្ចាស់​សត្វ​​ពាហនៈ​​កុំ​ភ្លេច​​តាមដាន​​​ស្ថាន​ភាពសត្វ​​​រប ស់​ខ្លួន​​​​ពេល​រដូវ​​ច្រូតកាត់​​ ហើយនេះ​ បើ​វា​​មាន​ជំងឺ​​ ត្រូវ​​ឆាប់ព្យាបាល​​កុំ​ទុក​ឱ្យ​​ទាល់តែ​​​​ឈឺ​ធ្ងន់​​ធ្ងរ​​ ទើបរត់​រកគ្រូពេទ្យ​ ឬថ្នាំ​នោះគឺជា​ការ​នាំ​ឱ្យ​ខាត​បង់​​ ។
លោក​មុំ ស្រស់ បន្ត​ថា លោក​ប្រធាន​​ការិ​យា​​​ល័យ​បសុព្យាបាល​​ខេត្ត​​បានផ្តាំ​ផ្ញើ​​ថា បើ​​ចិញ្ចឹម​គោ​ក្របី​​​ សូម​កុំ​​ពិសា​សាច់​គោ​​ក្របី​ដែល​ឈឺ​ងាប់​នៅក្នុងភូមិ​​ តែ​​បើ​​ពិសា​សាច់គោ ក្របី​ដែល​ឈឺ​ងាប់​​នៅក្នុង​ភូមិ​ សូមកុំ​​ចិញ្ចឹម​​វា ព្រោះ​​នឹង​​អាច​មានមេរោគ​​ឆ្លង​រាលដាល​ដល់​​សត្វគោ​​ក្របី​​ពុំខាន ។ លោក​បន្ត​ទៀត​ថា​ សព្វ​ថ្ងៃ​នេះ​រាជរដ្ឋាភិ​បាល​​​មានការ​យកចិត្តទុកដាក់​​​ចំពោះ​​សត្វ​​ពាហនៈ​នេះ​ណាស់​​ ​រី​ឯ​ការ​​​ព្យា​បាល​របស់​យើង​​ក៏សកម្ម​​ដែរ ​​​ហើយសំខាន់​គឺការពារ​មុន​​កុំ​ឱ្យ​មាន​​​កើត​ជំងឺ​​ហើយ​ទើបព្យាបាល ៕​