ខេត្ត​កំពង់ស្ពឺ ៖ ក្រោយ​​ពី​ការ​ចាប់​​ដាក់​ច្រវាក់​​ជើងអា​សំបូរ​ តាម​រយៈ​ការ​បាញ់​ថ្នាំសន្លប់​កាល​ពីរសៀល​ថ្ងៃ​ទី១៥ ​ធ្នូ កន្លងទៅ​ ​មក​ដល់​ពេលនេះ​មាន​រយៈ​ពេល​៦​ថ្ងៃ​ហើយ​ដែល​អា​សំបូរ​​កំពុង​ស្ថិត​នៅ​​ក្នុងការ​ឃ្លាំ​មើល​ និងថែ​រក្សា​ដោយ​ក្រុម​ហ្មដំរី​​ចំនួន៣​នាក់ និងអង្គ​ការ​ថែរក្សា​​សត្វ​ដំរីជាប់រហូត ។ មក​ដល់​​ថ្ងៃទី១៩ ធ្នូ ​អាសំបូរ​នៅ​តែ​មានចរិត​​​កាច​សាហាវ​ដដែល ហើយ​ក្រុម​ហ្ម​ទាំង​នោះ​កំពុង​ព្យាយាម​​ផ្សាំង​វា​តាម​រយៈ​​ទៅ​អង្គុយ​ជិត​​វាបន្តិច​​ម្តងៗ​ និងព្យា​យាម​យក​ដើមចេក ផ្លែ​ចេកឱ្យ​វាស៊ី​ ដើម្បីផ្សាំង​​ឈាន​ទៅ​រក​អង្អែល​ឱ្យ​បាន​ដូចធម្មតា ដូច​កាល​ពីមុន​ពុំ​ទាន់​សម្លាប់​ហ្ម​ខ្លួន​ឯង​នោះ ។ លោក​ជែក ហាយ​វូត ជន​ជាតិ​អង់គ្លេស​ដែល​​ជា​អ្នកជំនាញ​ចិត្ត​សាស្ត្រ និងថែទាំ​ដំរី​បាន​​ប្រាប់​អ្នក​យកព័ត៌​មាន​យើង​​​ថា អាសំបូរ​ក្រោយ​ពី​ទទួល​ថ្នាំសណ្តំ​​មក វា​កំពុង​ស្ថិត​ក្នុង​ការ​ចង​ឃ្លីង​ជើង​​ដោយច្រវាក់​ជើង និងច្រវាក់​ចង​ជាប់​នឹង​​កំណាត់​ឈើ​​ធំមួយ​កប់​ក្នុងដី​​ វាពុំអាច​រើ​បំរះ​ ឬ​រត់​ចេញ​ឆ្ងាយ​ពី​រង្វង់​​ច្រវាក់​​នេះបាន​ឡើយ ។ ​លោក​ជែក​ ហាយវូត បន្តថា គាត់​ទើប​តែ​ដឹង​ថា អា​សំបូរ​​វា​ចុះ​ប្រេង​ ​ដោយសារ​វា​ហៀ​រជាតិ​រំអិល​ដែលហៅ​ថា​ប្រេងរហូតជាប់​តាមគុម្ព​ត្រចៀក​​​និងភ្នែក តែ​វាពុំ​មានភ្នែក​ក្រហម​​ទេ ។ យើង​​អាចយក​ផ្លែ​ចេក​ ឬដើមចេក​កាប់​ជា​កំណាត់ៗ​ខ្លីៗ​បោះ​ឱ្យ​វា​ស៊ី​បាន​ត្រឹមចំងាយ​​៤​ទៅ​៥​ម៉ែត្រប៉ុណ្ណោះ និងពុំ​ហ៊ាន​ចូល​ជិត​កៀក​បានទេ ទោះ​បី​​វា​កំពុង​ជាប់ច្រវាក់​​ឃ្លីង​ជាប់ក៏​ដោយ ។
មន្ត្រី​​រដ្ឋបាលព្រៃ​ឈើ​​បានប្រាប់​ដែរថា ​សួន​សត្វ​​ភ្នំ​តា​ម៉ៅ​​កំពុង​ធ្វើ​​ទ្រុង ​​ធ្វើ​របង​ឱ្យ​បាន​មាំទាំ ដើម្បី​​នាំអា​សំបូរ​ទៅ​នៅ​​កន្លែង​នោះ​ ទើប​មាន​សុវត្ថិ​ភាព​ដោយពុំ​អាច​​យក​ទៅ​មណ្ឌល​គិរី​បាន​​​ឡើយ ។ ទ្រុង​សំរាប់​​ដាក់​អា​សំបូរ​​ប្រហែល​​ជា​ធ្វើ​​រួច​រាល់​នៅសបា្តហ៍​ក្រោយ ។ តាម​ការ​រៀបរាប់​ស្តីពីការបំផ្លាញ​របស់អា​សំបូរ​ដល់​ដំណាំស្រូវ​នៅ​តំបន់​លើ​ទំនប់​ និង​ក្រោម​ទំនប់​មានសេចក្តី​រាយ​ការណ៍​​ដែលពុំ​​​ទាន់​ផ្លូវ​ការ​ថា ពី​ថ្ងៃទី៣ ដល់១៥ ធ្នូ វាបាន​បំផ្លាញ​​​ស្រូវ​អស់​ប្រ​មាណ​៥ហិកតា មាន​បរិ​មាណ​ស្រូវ​ប្រ​មាណ​ជាង​១០តោន ដែលក្នុង​នោះមានការជាន់ជ្រុំ ​និងបោកស៊ីធ្វើ​ឱ្យ​ការ​ប្រមូល​​ផល​ដែល​សេសសល់​មិនបានអ្វីជាដុំ​កំភួន​នោះ​ទេ។ ​នេះជា​របាយ​ការណ៍​​ថ្ងៃទី១៨ ធ្នូ របស់​ប្រធាន​​ភូមិ និង​ថ្នាក់​ឃុំ​។ អ្នក​ជំនាញ​ដែលនៅ​​ប្រចាំ​ការ​និយាយ​ថា នៅពេលយប់​អាសំបូរ​មាន​ចរិត​កាច​​សាហាវ​​ខ្លាំង ទើប​ពុំអាច​​ចូលជិត​បាន​។ ​​​​វា​ដេក​លក់​បានចំនួន​ពីរម៉ោង​ប៉ុណ្ណោះ​ក្នុង​១ថ្ងៃ ។
ប្រវត្តិ​​ដំរី​មួយក្បាលនេះត្រូវ​បាន​គ្រួសារ​​​ហ្ម​​​រៀប​រាប់​បន្ថែម​ឱ្យ​ដឹង​ថា កាល​ពី​សម័យសង្គម​រាស្ត្រនិយម​​លោក​តា​ម៉ែលមានដំរីឈ្មោល​មួយ​ក្បាល​ ប៉ុន្តែ​ក្រោយ​មក​ក៏​បានលក់ដំរីនោះ​ទៅ​ហើយ​ទិញដំរី​ឈ្មោះ​អាសំបូរ​​ទុក​មកដល់​កូន
ចៅ ។ ក្នុង​សម័យ​ប៉ុល ពត ពួកអង្គ​ការ​បាន​យក​ដំរីនេះ​ទៅ​ជួយ​អូស​ទាញ​ឈើ និង​ដឹកជញ្ជូន​ស្បៀង​ ប៉ុន្តែ​ហ្ម​ដំរី​​មិន​មែន​​លោក​តា​ម៉ែលទេ ។ ដល់​ឆ្នាំ​១៩៧៩ ​លោក​តា​ម៉ែល​ដើរ​ស្វែង​រកដំរី​គាត់​វិញ ហើយ​ទទួល​បានដំណឹង​ថា អាសំបូរ​នេះ​នៅស្រុក​បរ​​សេដ្ឋ​ហើយ​គេ​ក៏​ប្រគល់​ឱ្យគាត់វិញ ។ លុះ​ដល់លោកតា​​ទទួល​មរណភាព​ទៅ​កូនឈ្មោះ​ម៉ែល ឌុល​ មើល​ថែរក្សាបន្ត​ជា​ហ្ម ។ ដំរី​នេះបាន​ផ្តល់​ផល​ប្រយោជន៍ឱ្យ​គ្រួសារ​ហ្ម​ឌុល​ច្រើន​ណាស់ ដូច​ជា​វាចេះ​រកថ្នាំ​ពីរុក្ខ​ជាតិផ្សេងៗត្រូវ​កប​នឹង​ជំងឺ​ច្រើនប្រភេទ ។ វា​រកថ្នាំឱ្យ ​ដោយ​យក​ប្រមោយ​បោច​ទាញ​ដើមរុក្ខ​ជាតិ​ ហើយ​ម្ចាស់​ដើរ​ប្រមូល​តាម​ពីក្រោយ​ រួ​ចកាប់​ជា​ចំណិត​តូចៗ​ហាល​ថ្ងៃឱ្យ​ស្ងួត ទើ​ប​ច្រកស្បោង​​ រួច​យក​ទៅ​លក់​នៅ​បណ្តា​ខេត្ត​​មួយចំនួន​មានខេត្ត​កំពង់ឆ្នាំង កណ្តាល ពោធិ៍សាត់ជាដើម ។ ​ក្រៅពីដើរ​បោច​រុក្ខ​ជាតិ​ធ្វើ​ថ្នាំ​​អា​សំបូរ​ត្រូវគេ​ឱ្យ​វាបឺត​ទឹកតាម​ប្រមោយ​ ហើយបាច​សាច​ទៅលើ​ផ្ទះ​សម្បែង​សុំ​សេចក្តី​សុខ​បាន​ទៀត​ផង នេះ​ជាជំនឿ​អ្នកស្រុក​តំបន់នោះ ៕