ខេត្តកំពង់​ចាម​ ៖ បុរសម្នាក់​ឈ្មោះស៊ុម សល្យ អាយុ៣៦ឆ្នាំ រស់នៅភូមិកន្ថុំ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ បានជួបឧប្បត្តិ​ហេតុ គ្រោះថ្នាក់ក្រឡាប់គោយន្តដឹកស្រូវ​សង្កត់​លើបណ្តាល​ឱ្យឈ្លក់ទឹក​ប្រឡាយ​រហូត​​ដល់​សន្លប់វិះនឹងស្លាប់កាលព ីល្ងាចថ្ងៃទី២៤ ធ្នូ នៅ​ចំណុចជិតផ្សារវត្តគក ឃុំ​ពង្រ ស្រុកបារាយណ៍។ សំណាងល្អត្រូវបាន​ប្រជាកសិករឃើញហើយ​ជួយសង្គ្រោះទាន់ពេលវេលា និងនាំមកកាន់មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម។ ស្រ្តីឈ្មោះ ឌិត សារុំ អាយុ៣៣ឆ្នាំ ជា​ប្រពន្ធរបស់អ្នករងគ្រោះបានរៀបរាប់ថា ប្តី​របស់​គាត់បានទៅស៊ីឈ្មួលដឹកស្រូវចំនួន១៧​បាវមានទង្ងន់ជិត២តោនចេញពីចំណុច​វាល​ស្រែដំបូកយួន មកដល់ត្រង់ម្តុំជិត​វត្តខាងលើស្រាប់តេក្រឡាប់​ចូលទៅក្នុង​ប្រឡាយទឹក​ហើយត្រូវស្រូវបាវ​នោះ​សង្កត់លើ។
បន្តិច​ក្រោយ​មកទើបប្រជាកសិករដើរមក​ស្រែបានប្រទះ​ឃើញនាំគ្នាជួយកាត់​ខ្សែចំណងដែលចងបាវ​ស្រូវចេញ រួចលើកយកប្តី​របស់គាត់មកដាក់លើ​គោកតែជនរងគ្រោះសន្លប់បាត់​ស្មារតី​​ទៅ​ហើយ។ ពេល​នោះ​ពួកគាត់​បាននាំ​គ្នាប្រឹងប្រែង​ជួយ​សង្គ្រោះ​​ធ្វើចលនារឹតបេះដូង​រហូតបានដឹង​ខ្លួនឡើងវិញ​និងក្អួ តចេញ​មក​សុទ្ធតែភក់និងទឹក។ បន្ទាប់មក​ត្រូវបានគេរត់ទៅ​ប្រាប់​គាត់ឱ្យមក​មើល​ប្តីនិងបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត​កំពង់ច ាម។
ស្រ្តីជាប្រពន្ធបាន​បញ្ជាក់ថា ដោយសារតែ​ជីវ​ភាព​ក្រុមគ្រួសារ​របស់គាត់ក្រីក្រ ឆ្លៀតពេល​ទៅ​ស៊ីឈ្មួលដឹកស្រូវ​ឱ្យគេដោយក្នុង១បាវបាន​១.០០០​រៀលចេញពី​ស្រែមកដល់ផ្ទះ តែមិន​ទាន់​ដឹកដល់ផងក៏ត្រូវជួប​ឧប្បត្តិហេតុគ្រោះ​ថ្នាក់នេះ​ ដោយបាវស្រូវទាំងអស់មានទំងន់ជិត២តោន ក្រឡាប់សង្កត់វិះស្លាប់​ ។ ប្រសិនបើបងប្អួនកសិករមិនជួយសង្រ្គោះ​ឱ្យបានទាន់ពេលទេនោះ ប្តីរបស់គាត់នឹងត្រូវ​ស្លាប់ដោយឈ្លក់ទឹកភក់ ព្រោះតែបាវស្រូវ​សង្កត់​​លើរើខ្លួនងើបមិនរួច។ រហូតមកដល់ថ្ងៃ​ទី២៥ធ្នូ អ្នករងគ្រោះ​បានធូរស្រាលគ្រាន់បើ​ហើយ ​បន្ទាប់​ពីក្រុម​គ្រូពេទ្យជួយសង្រ្គោះយ៉ាង​យកចិត្តទុក​ដាក់៕