រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​​​២២ ធ្នូ ២០១០ ​មាន​​​ការ​ភ្ញាក់​ផ្អើល​​ដល់សមត្ថ​កិច្ច​​​​សឹង​មួយ​ចំហៀង​​រាជធានីភ្នំពេញ ​ដោយសារ​តែ​ស្ត្រី​ម្នាក់​​ស្រែក​​ថា ចោរ​លួច​​រថយន្ត​បាត់​​ហើយ! ​ភ្លាមៗ​នោះ​សមត្ថ​កិច្ច​បានស្រែក​​តាមវិទ្យុ​​ទាក់ទង​​​ និង​តាមប្រមាញ់​​ចាប់រថយន្ត​ដែលស្ត្រី​​នោះ​​ស្រែក​ថា ​ចោរលួច​ៗ! ក៏ប៉ុន្តែ​​ខណៈ​​ពេល​សមត្ថកិច្ច​​ប្រមាញ់​​ចាប់បាន​រថយន្ត​​ និង​អ្នក​​បើក​បរ​បាន​​ភ្លាមៗ​នៅ​ឯជាយក្រុង​ភ្នំពេញ ​ទើប​​ដឹង​ថា ​ពុំមែន​ជា​ករណី​ចោ​រលួច​រថយន្តនោះទេ គឺ​​ជា​ករណី​​ជំពាក់លុយទៅវិញ ។​
នៅ​​​អធិការដ្ឋាន​​ខណ្ឌសែនសុខ ​បុរស​ជា​​អ្នក​បើក​​រថយន្ត​​ម៉ាក​​កាមរី ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ 2O-4681 ​បានឆ្លើយ​​បដិ​សេធយ៉ាង​ដាច់​អហង្ការ​​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ខ្លួន​ពុំ​​​​មែនជា​​ចោរលួច​រថយន្តន ោះទេ ​ហើយ​រថ​យន្ត​​​នេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​​ពិតប្រាកដ ​។ ​ទោះបីយ៉ាង​ណា ​ក្រោយ​ពីសមត្ថ​កិច្ច​​ជំនាញ​សាក​សួរ​​ប្រមាណ​​១៥​នាទី ទើប​ដឹង​ថា​ ពុំមែន​​ជា​ករណី​​លួចរថ​យន្ត​នោះទេ​ គឺ​​ជាករណី​ជំពាក់លុយ​​តែ​ប៉ុណ្ណោះ ​ដោយ​សារ​បុរស​នេះ​​ចាញ់ល្បែង​​នៅកាស៊ីណូ​​​ ហើយ​យក​រថ​យន្ត​ទៅបញ្ចាំ​​ជាមួយស្ត្រី​​រងគ្រោះ​​ពេល​បាន​​លុយ​ហើយ ក៏បើក​​រថយន្ត​​រត់តែ​ម្តង។​
ផ្អែក​តាម​​ការបំភ្លឺ​​របស់ស្ត្រីរងគ្រោះ​​ឈ្មោះ​វង្ស ថៃ​យីន អាយុ​​២៨​ឆ្នាំ ជាអ្នក​​ទទួលបញ្ចាំ​​របស់​របរ-ទ្រព្យ​​សម្បត្តិ​​ផ្សេងៗ ​បាន​ឱ្យ​​ដឹង​ថា ឈ្មោះ​ហួរ ស៊ុន អាយុ​​៣៧​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​​មានជ័យ ​សង្កាត់ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ ​បានយក​រថយន្ត​​​​កាមរី ​ពណ៌​​ខ្មៅ ​ស៊េរី​​២០០៣ ​ពាក់ស្លាកលេខ ភ្នំពេញ 2O-4681 ទៅ​បញ្ចាំ​​​ខ្លួន (វង្ស ថៃយីន​) ចំនួន​​៥.៧០០​ដុល្លារ ​ដោយ​មាន​​កិច្ច​សន្យា​​ដាក់បញ្ចាំ​​ត្រឹមត្រូវ​នៅ​កន្លែងកាស៊ីណូ​​​ រួមទាំង​​ថត​ចំលង​​ប័ណ្ណ​​បើក​បរ​ និង​កាតគ្រី​​រថយន្ត​​ទៀត​ផង ។ ស្ត្រី​ដដែល​នោះ​បាន​ឱ្យ​​ដឹង​ថា ​ឈ្មោះ​ហួរ ស៊ុន​​ និយាយ​​ថា ដាក់​បញ្ចាំ​រថយន្ត​តែ​១ថ្ងៃ​២ថ្ងៃ​​ទេនឹង​យក​វិញហើយ ប៉ុន្តែ​​ពេលបាន​​លុយ​ហើយ ស្រាប់តែ​​បុរស​នោះ​បើក​រថយន្ត​​​ចេញទៅ ធ្វើ​ឱ្យ​នាង​​ស្រឡាំងកាំង​​ក៏​ស្រែក​ថា​ ចោរៗ​​តែម្តង​ ៕