ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ​​ចែក​ចាយ​ថ្នាំ​ញៀន​​ម្នាក់​បានទំលាក់​ថ្នាំ​ចោល ​​រត់​យក​រួច​ខ្លួន​​ ក្រោយ​ពី​ដឹង​ថា មានអាជ្ញាធរ​​ និងសមត្ថ​កិច្ច​​​តាមប្រមាញ់​​ពីក្រោយ​​ ប៉ុន្តែ​​អស់​លក្ខណ៍​​​ពេល​រត់​អស់ខ្យល់​​ ក៏ព្រម​​ប្រគល់ខ្លួន​​​ឱ្យ​ចាប់​តាម​សំរួល​​កាលពី​​វេលាម៉ោង​​១២​និង​​២០នាទី​​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ធ្នូ ​នៅកណ្តាល​វាល​​ស្រែ ចំណុច​​ភូមិ​​អូរ​​ជ្រៅ​ សង្កាត់​​និមិត្ត​​ ។ ជនសង្ស័យ​​ដែលត្រូវ​​អាជ្ញាធរ​ និងសមត្ថ​កិច្ច​​ប៉ូលិស​​​​​ឃាត់ខ្លួន​​នេះ ឈ្មោះ​ធឿន ​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​ជា​កម្មករ​​លី​ស្រូវ មានទីលំនៅ​​ភូមិ​​រកា​ត្រេត ឃុំ​កញ្ច្រៀច ស្រុក​កញ្ច្រៀច ​ខេត្ត​ព្រៃ​វែង ស្នាក់នៅ​​ផ្ទះ​ឪពុកធម៌​​ក្នុង​ភូមិ​​កើត​ហេតុ ។
តាម​ការ​ឱ្យ​ដឹង​ពីឈ្មោះ​​លី សារឿន ​អាយុ​​៣៧​ឆ្នាំ អនុប្រធាន​​ភូមិអូរជ្រៅ ​បានប្រាប់​ថា ជន​សង្ស័យ​​​រូបនេះ ​​មុនធ្វើការ​ឃាត់​ខ្លួន​ គឺ​បាន​​ព្យា​យាម​រត់​កាត់​វាលស្រែ ពេល​ដឹង​ថា មានការ​​ដេញ​​តាមពីក្រោយ​​ដោយ​ប៉ូលិស និង​អាជ្ញាធរ​​នោះ​​ ​ក៏​ទំលាក់​​​ថ្នាំញៀន​​ចោល​​ ដើម្បី​​បំបិទ​​ភស្តុ​តាង​ តែក៏​មិន​​រួចខ្លួន ។ ឈ្មោះ​​សារឿន បន្ត​​ថា ក្រោយពេល​​ចាប់បាន​​លោក និង​មេក្រុម​ក៏​​​បាន​ប្រគល់​​ជនសង្ស័យ​ទៅ​ឱ្យ​​ប៉ូលិសតែម្តង ។ ​ជនសង្ស័យ​​​ពេលចាប់បាន​ពុំ​​មាន​​ឃើញ​​ថ្នាំ​ញៀន​​ទេ លុះ​តែ​ប៉ូលិស​​បណ្តើរ​​ឱ្យ​​ទៅរក​​ទើប​​គេ​ប្រាប់​​ ហើយ​​​ក៏​ប្រទះ​ឃើញ​លាក់ក្នុង​​​កូន​ថង់​​​តូច​​ញាត់​​​ចូល​ក្នុងកញ្ចប់​​បារី ​មាន​ចំនួន​​១០គ្រាប់ ប្រភេទ​យ៉ាម៉ា ​ពណ៌ផ្កា​ឈូក ។ ​ជនសង្ស័យ និង​វត្ថុតាង​​​​ត្រូវ​​បាន​បញ្ជូន​ទៅកាន់​អធិការ​​​​នគរបាល​​ស្រុក​អូរជ្រៅ ។
លោក​ ស ឆុង អធិការនគរបាល​​ស្រុកអូរ​ជ្រៅ បាន​​ប្រាប់​​ឱ្យ​ដឹង​ថា យោង​តាម​​ការ​សួរនាំ​​ពី​ជន​​សង្ស័យ ​បាន​ឆ្លើយ​ថា ថ្នាំញៀន​ទាំង​​​នោះ​ខ្លួន​​យកមក​​ពី​ក្រុង​ប៉ោយប៉ែត​ដោយ​គោលបំណង​​​ចែកចាយក្នុង​​​​​ភូមិ ។ ​ផ្អែក​លើ​ការ​​សួរ​នាំ​ជន​សង្ស័យ​​​ក៏​បាន​​ប្រាប់​ថា ​ថ្នាំទាំង​នេះ​​ត្រូវ​​ឈ្មោះ​​ចាន់ ឌឿន ​ភេទ​ប្រុស ​អាយុ​​៥៧​ឆ្នាំ ​នៅភូមិ​​និមិត្ត​​២ សង្កាត់​​និមិត្ត ជាអ្នក​​​ឱ្យលុយ​​​ទៅទិញ​យក​​មក​ចែកចាយ ។ ចំពោះ​ឈ្មោះ​​​ចាន់ ឌឿន ​ដែលរង​ការ​ឆ្លើយ​​ដាក់​ពីជនសង្ស័យ​​ ពេល​នេះ​កំពុងស្ថិត​ក្នុង​ការ​ស្រាវជ្រាវ និង​តាម​ដាន​​យ៉ាង​ហ្មត់​ចត់​​​​ពី​សមត្ថកិច្ច​​ ដើម្បី​​រក​​ប្រភព​​ច្បាស់​ការ ៕