រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ថៃ​ម្នាក់​​បាន​​ប្រកាច់​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះជួល​​ក្រុមទី១០ ភូមិ​សាមគ្គី​​ សង្កាត់​​ឫ​​ស្សី​កែវ ខណ្ឌ​ឫស្សី​កែវ កាលពី​វេលា​ម៉ោង​៧​និង​៣០នាទី​​យប់​ថ្ងៃទី​​២៧ ធ្នូ ​បន្ទាប់ពី​​ធ្វើ​ដំណើរ​ទៅ​រក​​សង្សារ​របស់​ខ្លួន​ ប៉ុន្តែ​​​មិន​បាន​​ជួបនាង​ ។ ការស្លាប់​បាត់​បង់ជីវិត​របស់​​បុរស​ជនជាតិ​ថៃ​នេះ គេសង្ស័យ​ថា ​ដោយ​សារតែផឹក​ថ្នាំ​ពុល​​​​ ពីព្រោះ​មុនពេល​ស្លាប់​គេ​ឃើញ​​ជន​ជាតិ​ថៃ​រូបនេះ​ផឹកទឹក​ពណ៌​ខៀវ នៅ​ក្នុង​ដបទឹក​បរិសុទ្ធ​ ។ ទោះបីជា​យ៉ាង​ណា ​សមត្ថ​កិច្ច​​ជំនាញ​​កំពុង​សហការជាមួយ​មន្ត្រី​ស្ថាន​ទូត​ស្រាវជ្រាវ​​ពីការ​ស្លាប់​នេះ​ ។
ជនជាតិ​ថៃ​ដែល​ស្លាប់​នេះ​​ ​ឈ្មោះ​ប៊ុន សយ ​នឿងផាន់​ អាយុ៣៧ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ប្រទេស​ថៃ ។ តាមប្រភព​ព័ត៌​មាន​ឱ្យ​ដឹងថា នៅ​វេលាម៉ោង​១១​និង​៣០នាទី​​​ព្រឹក​ថ្ងៃទី​២៧ ធ្នូ ជនជាតិ​ថៃរូបនេះ​ រួមទាំង​មិត្តភក្តិ​​ជាអ្នក​បក​ប្រែខ្មែរ​ម្នាក់​​បាន​ធ្វើ​ដំណើរ​ទៅ​ចំណុច​ផ្ទះ​ជួល​នៅ​ក្នុង​ភូមិ​ខាង​ល ើ ក្នុងគោល​បំណង​សួរ​រក​សង្សារ​​ជាជនជាតិ​វៀត​ណាម​ឈ្មោះ​ថាច់ ធីលីម អាយុ​២០ឆ្នាំ ។ ការ​សួរ​នាំ​​​នោះ​ត្រូវ​​ស្ត្រី​​ជាម្តាយ​​របស់​សង្សារ​​​ប្រាប់​​ថា​មិន​ឃើញ​​ត្រឡប់​​មក​ផ្ទះ​វិញ ទេ ។​​​ ខណៈ​នោះ​​ម្តាយ​​របស់នាង​​ថាច់ ធីលីម ក៏​បាន​ស្តី​បន្ទោស​ថានាំ​កូន​ស្រី​របស់​គាត់​ទៅ​បាត់​រយៈ​ពេល​កន្លះ​ខែ​ហើយ​ ស្រាប់​តែ​​មក​សួរនាំ​រក​កូន​ស្រី​របស់​គាត់​ តើ​ឱ្យ​គាត់​​ទៅរក​​នៅឯណា?​
បន្ទាប់​ពី​សួរនាំ​រក​សង្សារ​រួច​មក​​ជនជាតិ​ថៃ​រូបនោះ ​រួមទាំង​​អ្នក​បក​ប្រែ​ក៏​​​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​វិញ​​បាត់​ទៅ ។ លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៧ ខែធ្នូ ក៏​បាន​ត្រឡប់​មក​​ផ្ទះ​​ម្តាយ​​សង្សារ​របស់គេ​វិញ​​ និង​បាន​អង្គុយ​​លេង​ក្នុង​បន្ទប់​ដោយ​កាន់​ដបទឹក​បរិសុទ្ធ​​មាន​​ទឹក​ពណ៌​ខៀវ​ក្រឡុក​ផឹក​ ព្រមទាំង​មាន​កំប៉ុងជ័រ​​មាន​ម្សៅ​ពណ៌​ខៀវ​ផង​ដែរ ​ហើយក្រោយ​មក​​គេ​ក៏ស្លាប់​​​នៅវេលាម៉ោង​​៧​និង​​៣០នាទីយប់​នោះទៅ ៕​