ខេត្តកំពង់ចាម ៖ ក្រុម​មន្ត្រី​នៃ​មន្ទីរ​វប្ប​ធម៌​និងវិចិត្រសិល្បៈខេត្ត បាន​ទទួល​យក​វត្ថុ​បុរាណជាថ្លាងធ្វើអំពីស្ពាន់មានទំងន់២៤​គីឡូ​ក្រាមពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ ត​នា​ព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ក្រោយពីបានរក្សា​ទុក​មួយ​រយៈពេលកន្លងមក ដោយរឹប​អូស​ពីក្រុម​អ្នកជីក​រកវត្ថុអេតចាយនៅស្រុកកងមាស​ ។ លោកវរសេនីយ៍ត្រីសាន​ សុភា ប្រធាន​ការិ​យាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តប្រាប់ថា វត្ថុបុរាណនេះត្រូវនគរបាលស្រុកកងមាសដកហូត ពីក្រុមអ្នកដើរជីកអេតចាយចំនួន៥នាក់នៅភូមិពាម​ក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស កាលពី​វេលា ម៉ោង៦និង៥០នាទីល្ងាចថ្ងៃទី២​ ធ្នូ​ ។
ការ​ជីកប្រទះឃើញវត្ថុបុរាណនេះនៅ​ទីទួល​មួយមានចំងាយប្រហែល១គីឡូម៉ែត្រពីភូមិ ពាមក្នុងបង្កឲ្យមានការភា្ញក់ផ្អើលជាខ្លាំងដោយ​ល្បីថា​ ជីកបានកំណប់ដ៏មានតំលៃ។ នគរ​បាល​ប៉ុសិ៍្តរដ្ឋបាលឃុំព្រែកក្របៅ និងនគរបាល​ស្រុក​បានទៅទីនោះភា្លមព្រោះខ្លាចហិង្សាផ្ទុះឡើង​ដោយសារដណ្តើមយកកំណប់។ ក្រោយមកបាន​ស្ងប់ស្ងាត់​ទៅវិញបន្ទាប់ពីបានដឹងថា របស់ដែល​ជីកបាន​ជាថ្លាងស្ពាន់ ។ លោកអនុសេនីយ៍ឯកហែម ស៊ីថុន អធិ​ការ​រងនគរបាលស្រុកកងមាសបាន​ប្រាប់ថា ដំបូង​លោកនាយប៉ុស្តិ៍រដ្ឋបាល​ឃុំព្រែកក្របៅរាយ​ការណ៍ទៅលោកវរសេនីយ៍ត្រីសូ សារិទ្ធ អធិការ​នគរបាលស្រុកថា ប្រជាពលរដ្ឋម្នាក់ឈ្មោះអ៊ាង ស្រ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ បានជីករក​ដែក​អេត​ចាយប៉ះចំកំណប់ធ្វើឲ្យអ្នកស្រុក​ភ្ញាក់​ផ្អើល​តាំងពីម៉ោង២រសៀលរហូតដល់ជិត​ម៉ោង​៧​យប់ថ្ងៃ ទី២ធ្នូ ។ ក្រោយពីបាន​ទទួល​បញ្ជាពី​លោកអធិការស្រុកមករូបលោកបានដឹកនាំកំលាំងក្រោមឱវាទទៅ​​កន្លែង​ជីកបាន​នោះ តែ​តាមពិតមិនមានកំណប់មាសទេ គឺ​ថ្លាង​បុរាណ​១ធ្វើអំពីស្ពាន់ដុះស្នឹម និង​ដាច់​​មាត់ផ្នែកខាង​លើ​អស់១ដុំ។ នៅទីនោះមានប្រជា​ពលរដ្ឋប្រុសស្រី​ប្រមាណជាង១០នាក់ប៉ុណ្ណោះឈរមើល។ ថ្លាង​នេះមានមុខ​កាត់ទំហំ​០,៥៧ម៉ែត្រ កំពស់​០,៤០ម៉ែត្រ ទំងន់២៤គីឡូក្រាមត្រូវបាន​គេលើកដាក់នៅលើមាត់រណ្តៅ ហើយដកហូត​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​កងមាសជាបណ្តោះអាសន្ន ។
លោកវរសេនីយ៍ត្រី សាន សុភា ប្រធាន​ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តប្រាប់ថា មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈខេត្ត​ដែលទៅទទួលអះអាងថា ថ្លាង​នេះ​គេ​ហៅ​ថា កុលាលភាជន៍នៅក្នុងសតវត្ស​ទី១៥ ។ តាម​អ្នក​ស្រុក​តំណាលតៗគ្នាថា មាន​សំពៅ​១គ្រឿងបានបើកមកដល់ភូមិពាមក្នុង ឃុំព្រែក​ក្របៅ ស្រុកកងមាសបានជួបខ្យល់ព្យុះធ្វើឲ្យ​សំពៅឃ្លេង​ឃ្លោង​រក​កល់​នឹង​លិច ។ ពេលនោះអ្នកនៅលើសំពៅបានលើករបស់របរមួយ​ចំនួន​បោះចូលទៅក្នុងទឹក ។ បន្ទាប់​ពី​សំពៅ​បន្ត​ដំណើរ​ទៅ​មុខទៀតមិនបានប៉ុន្មានផងក៏លិចនៅត្រង់កណ្តាលបឹងធំសព្វថ្ងៃនេះដែលមានផ្ទៃទឹកធ ំល្វឹង​ល្វើយ ។ អ្នក​ស្រុក​ឱ្យ​ដឹង​ថា​ ក្នុង​អំឡុងឆ្នាំ១៩៨០ ប្រជាពលរដ្ឋចេញទៅនេសាទ​កណ្តាល​​បឹង​បានប្រទះ​ឃើញដងទង់របស់សំពៅ​នោះ ។ ត្រង់​កន្លែងដែលប្រជាពលរដ្ឋជីក​ឃើញវត្ថុ​បុរាណ​នេះអាចមានច្រើនទៀត ដូច្នេះសូមស្ថា​ប័ន​​ជំនាញ​ស្រាវជ្រាវបន្ថែម និង​ការពារ​កុំ​ឲ្យ​ជនខិលខូចណា​ចូលទៅ​គាស់កាយ​ទីនោះ ៕