ខេត្តស្ទឹង​ត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ធ្នូ​ សមត្ថ​កិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការដ្ឋាន​ខេត្ត​បាន​​ប្រគល់​​ម៉ូតូ​​ដែល​​ចោរ​​លួច​ ​យក​​ទៅ​លក់​នៅ​ខេត្ត​ក្រ​ចេះ​ជូន​ម្ចាស់​ដើម​វិញ​ ។ ​​តាម​​ពត៌មាន​បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​២០​ ធ្នូ​ ម្ចាស់​ ម៉ូតូ​បាន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​មួយ​​​រហូត​​ដល់​​យប់​ជ្រៅ​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​​ស្ថិត​​ក្នុង​​សភាព​ស្រវឹង​ ហើយ​ពេល​មក​ដល់​ផ្ទះ​​បាន​​ហៅ​​ប្រពន្ធ​ឱ្យ​បើក​ទ្វារ​ តែ​ប្រពន្ធ​មិន​បាន​​បើក​​ឱ្យ​​ឡើយ ​ពេល​នោះ​បុរស​ជា​ម្ចាស់​ម៉ូតូ​​បាន​​ដេក​ខាង​ក្រៅផ្ទះជាមួយម៉ូតូ ហើយកូនសោក៏​ជាប់​នឹងម៉ូតូ ។ ម្យ៉ាងទៀតដោយសារស្រវឹង និង​លង់​លក់ក្នុងដំណេកផង ទើបជនសង្ស័យឆ្លៀត​ឱកាស​លួចម៉ូតូជិះសំដៅមកលក់នៅខេត្តក្រចេះ​តែម្តង ។
លោកវរសេនីយត្រីយ៍បែន វ៉ា នាយរងការិ​យាល័យព្រហ្មទណ្ឌកំរិតស្រាលបានឱ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១ ធ្នូ ជន សង្ស័យឈ្មោះតូច ចយ បានធ្វើសកម្មភាពលួច ម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១០ ដែល​ជាកម្មសិទ្ធិរបស់ឈ្មោះមីន ធីសា​មី អាយុ២៨ឆ្នាំ ជាមន្រ្តីសុរិយោដីខេត្ត មានទី​លំ​នៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ចំណែកជនសង្ស័យឈ្មោះតូច ចយ មាន​អាយុ ២៣ឆ្នាំ មុខរបរជាងម៉ាស៊ីន រស់នៅ ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ លោកបែន វ៉ា បានបន្តទៀតថា ជនសង្ស័យ បានត្រូវសមត្ថកិច្ចប៉ូលិសខេត្តក្រចេះចាប់ឃាត់ខ្លួននៅស្រុកព្រែកប្រសព្វ កាលពីថ្ងៃទី២២ ធ្នូ បន្ទាប់ពីបានដឹងនិងកំណត់ មុខសញ្ញារួចមក ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​បញ្ជូនទៅសាលា​ដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់​ការតាមផ្លូវច្បាប់ ចំណែកម៉ូតូបានប្រគល់ឱ្យ​ម្ចាស់វិញ ៕