ក្រុងប៉ោយប៉ែត​ ៖ ​រថយន្ត​យោធា​ពាក់​ស្លាក​លេខ​​​រាជ​ការ មួយគ្រឿង ​បានបើក​​លឿន ​​ក្រឡាប់​ធ្លាក់​ស្នាម​ភ្លោះ ​ខណៈ​អ្នកបើក​​បរ​ស្រវឹង ធ្លាក់​​ភ្នែក ក្រោយ​ចេញពី​ច្រៀង​​ខារ៉ាអូខេ ​យី​ហោ​​ត្រចៀក​កាំ នៅក្រុង​​ប៉ោយប៉ែត ​​កាលពី​វេលា​ម៉ោង​​​៥​និង​​៣០នាទី​ល្ងាច​​ថ្ងៃទី​១៨ ធ្នូ ​២០១០ នៅ​ចំណុច​​ផ្លូវ​បត់​​ចូល​ផ្លូវ​​៥០ម៉ែត្រ ស្ថិត​ក្នុង​​​ភូមិ​​​កូនដំរី ​សង្កាត់និមិត្ត បណ្តាល​ឱ្យ​​មន្ត្រី​យោ​ធា​​​ និង​ប៉ូលិស​​​៣​នាក់ ​​សន្លប់​​​នៅក្នុង​រថយន្ត​​ កុំ​តែ​បានប្រជាពល​រដ្ឋ​​គាស់ទ្វារ​ជួយ​ទាន់ ប្រហែល​​ជា​ត្រូវស្លាប់ ។ រថយន្តក្រឡាប់នេះ​​ម៉ាកកាមរី ​ពាក់ស្លាក​លេខ រាជការ ​៤៥៩៨ ចង្កូតស្តាំ ស៊េរី​​១៩៩១ ពណ៌​ស្លាបក្អែក ​បើកបរ​​ដោយ​ឈ្មោះ​​ស៊ុំ ​សុគន្ធ ​ជា​យោធាសឹក​រង ស្រុកម៉ាឡៃ ​និង​​២នាក់ទៀត​​​ជា​មន្ត្រី​​ប៉ូលិស​​​ រួមដំណើរ​​​​១-​ឈ្មោះ​​គង់ ខៀន ​អាយុ​​៥១​ឆ្នាំ ​នាយរង​ប៉ុស្តិ៍​​ម៉ាឡៃ និង​២-​ឈ្មោះ​ហ៊ាន សួរ អាយុ​​៤២​ឆ្នាំ ​ជាមន្ត្រីប៉ូលិស​​ប៉ុស្តិ៍​ម៉ា​ឡៃដែរ ។ ​
រថយន្ត​​​​បានក្រឡាប់​ចូលស្នា​មភ្លោះ​​​​ត្រូវ​បានអ្នកស្រុកដែល​​លក់សាំង​​ និងអ្នក​​ចាប់​ត្រី​​ ព្រមទាំង​​អ្នក​លក់​គ្រឿងទេស​​ ពិសេស​​សន្តិ​សុខ​របស់កាស៊ីណូ​ហូលីដេ ​ដែលប្រចាំការ​នៅ​ដើម​ច្រក​​ចូលផ្លូវ​​៥០ម៉ែត្រ​នោះ​ឃើញ​ ក៏​​នាំគ្នា​​ហក់​ទឹក​ចូលទៅ​ជួយគាស់​ទ្វារឡាន ដើម្បី​​ទាញ​​យក​មនុស្ស​​​ចេញមកក្រៅ ​ព្រោះ​​ខ្លាច​ពួកគេស្លាប់ ​ដោយ​ឈ្លក់ទឹក ឬ​លង់ទឹក ។ នៅកន្លែង​កើតហេតុ​​គេ​ពិនិត្យ​​ឃើញ​រថយន្ត​ផ្ងារ​កង់​​ឡើងលើដំបូល ​ចុះ​ក្រោម​លិច​ក្នុង​ស្នា​ម​ភ្លោះដែល​មាន​ទឹកជ្រៅ​គួរសម ។ ក្រុមអ្នក​ជួយ​សង្គ្រោះ​​បាន​នាំគ្នា​​ទាញ​​បញ្ឈរ ទើប​​កង់​ចុះ​ក្រោម​វិញ ប៉ុន្តែ​​ដោយទឹកជ្រៅ​ត្រូវលិច​បាត់​ឃើញ​​តែ​ដំបូល​រថយន្តលឹមៗ​តែប៉ុណ្ណោះ​ ៕​