ខេត្ត​កណ្តាល ៖ រថយន្ត​ដឹក​ទំនិញ​លើស​កំណត់​ជិត​១០០​គ្រឿង ដែល​ធ្វើចរា​ចរណ៍​​តាម​ផ្លូវ​ជាតិ​លេខ​២១B ទៅ​កាន់​ស្រុក​​​កោះ​ធំ (ច្រក​ទ្វារ​ជ្រៃ​ធំ) ព្រំ​​ប្រទល់​កម្ពុជា​-​វៀត​ណាម​ត្រូវបាន​មន្ទីរ​សាធារណ​ការ​ខេត្ត​ឃាត់​មិន​ឱ្យ​ធ្វើ​ចរា​ចរណ៍ ឡើយ ដោយ​សារ​នៅ​ផ្លូវ​ជាតិ​លេខ​២១B នោះ​មាន​ស្ពាន​ទ្រុឌ​ទ្រោម​ជា​ច្រើន​កន្លែង​មិន​អាច​ទ្រ​ទំងន់​​រថយន្ត​ដឹក​លើស​ចំណុះ​​ទាំង​នោះ​បាន ។ រថយន្ត​ដែល​អាច​ធ្វើ​ចរា​ចរណ៍​បាន គឺ​កំណត់​ឱ្យ​ផ្ទុក​ទំនិញ​ត្រឹម​តែ​១៥​​តោន​ប៉ុណ្ណោះ ហើយ​បើ​រថយន្ត​ណា​​​ផ្ទុក​លើស​ចំណុះ​ គឺ​​ត្រូវ​តែ​សាង​ទំនិញ​ទុក​ត្រឹម​ការ​កំណត់​ជា​មុន​សិន ទើប​អាច​ធ្វើ​ចរា​ចរណ៍​​បាន ។ នេះ​ជា​ការ​កំណត់​យ៉ាង​តឹង​រ៉ឹង​មួយ បន្ទាប់​ពី​រថយន្ត​ដឹក​ស្រូវ​មួយ​គ្រឿង​បាន​​បើក​ឆ្លង​កាត់​​ស្ពាន​ទ្រុឌ​ទ្រោម​លេខ​២៤ ស្ថិត​នៅ​ឃុំ​កោះ​ធំ ​បណ្តាល​​ឱ្យ​បាក់​ក្តារ​ស្ពាន​​ជាប់​រថយន្ត​លើ​ស្ពាន​អស់​​រយៈ​ពេល​ជាង​២​ម៉ោង ធ្វើ​ឱ្យ​កក​ស្ទះ​ចរា​ចរណ៍​ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​​​ព្រឹក ថ្ងៃ​ទី​២៥ ធ្នូ កន្លង​មក​នេះ ។
ប៉ុន្តែ​ក្រោយ​ពី​​រថយន្ត​នោះ​ត្រូវ​បាន​អូស​ចេញ​រួច ​​ខាង​សាធា​រណ​ការ​ក៏​បាន​ធ្វើ​ការ​ជួសជុល​ស្ពាន​នោះ​ឡើង​វិញ​ផង​ដែរ ។ ការកំណត់​ទំងន់​យ៉ាង​តឹង​រ៉ឹង​នេះ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ឈ្មួញ​​កំពុង​សំរុក​ដឹក​ស្រូវ​​ទៅ​លក់​​​​ន ៅ​​ស្រុក​កោះ​ធំ ​ក្នុង​មួយ​​ថ្ងៃ​ៗ​មិន​តិច​ជាង​៥០​រថយន្ត​​ឡើយ ។ ​គ្រាន់​តែ​​នៅ​ថ្ងៃ​ទី​១៩ ធ្នូ គេ​សង្កេត​​ឃើញ​មាន​រថយន្ត​ដឹក​ស្រូវ​មិន​តិច​ជាង​១០​គ្រឿង​ទេ ដែល​ត្រូវ​បាន​ហាម​ឃាត់​ និង​​ឱ្យ​សាង​រំលែក​បន្ត​ ដើម្បី​ធ្វើ​ចរា​ចរណ៍​បាន​ទៅ​ដល់​គោល​ដៅ​​ច្រក​ទ្វារ​​ជ្រៃធំ ។ រថយន្ត​ដឹក​​លើស​ការ​កំណត់​រាប់​រយ​គ្រឿង​នោះ​ត្រូវ​បាន​គេ​ឃាត់​​ឱ្យ​ឈប់​នៅ​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង បន្ត​គ្នា​​​លើ​ផ្លូវ​ជាតិ​លេខ​២១B ដែល​ជា​កន្លែង​ពិនិត្យ​ទំងន់​រថយន្ត ។
មន្ត្រី​​សាធា​រណ​​ការ​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹងថា នៅតាម​ផ្លូវ​ជាតិ​លេខ​២១B មាន​ស្ពាន​​ចំនួន​៧៨​​កន្លែង ហើយ​​​ភាគច្រើន​​​ទ្រុឌ​ទ្រោម​ ​ក្នុង​នោះ​​ស្ពាន​ដែល​ទ្រុឌ​ទ្រោម​ខ្លាំង​​ជាង​គេ​មាន​ចំនួន​៤ ​ដែល​ពី​​មុន​ខាង​មន្ត្រី​មាន​ការ​យល់​យោគ​ខ្លះ​​ចំពោះ​ម្ចាស់​​រថយន្ត​​​ដែល​ដឹក​លើស​ចំណុះ​ពី​ការ​កំណត់ ​បន្តិច​បន្តួច ។ ប៉ុន្តែ​ឥឡូវ​នេះ​​គឺ​លែង​យោគ​យល់​ទៀត​ហើយ គឺ​កំណត់​ឱ្យ​ផ្ទុក​ត្រឹម​តែ​១៥​តោន​ជា​អតិ​បរមា​ប៉ុណ្ណោះ ​​ទាំង​នេះ​ក៏​ដោយ​សារ​​មាន​ស្ពាន​​ទ្រុឌ​ទ្រោម​ច្រើន ។
ក្រុ​មឈ្មួញ​រក​​ស៊ីដឹក​ទំនិញ​តាម​ផ្លូវ​ជាតិ​លេខ​​២១B និយាយ​ថា ផ្លូវ​នេះ​ជា​ផ្លូវ​សេដ្ឋ​កិច្ច​មួយ​យ៉ាង​សំខាន់​​​ក្នុង​ការ​នាំ​ចេញ​ផលិត​ផល​កសិ​​កម្ម​របស់​កសិ​ករ​​ទៅ ​លក់​នៅ​ព្រំ​ដែន​កម្ពុជា-វៀត​ណាម ហើយ​ទំនិញ​ពី​ប្រទេស​​វៀត​ណាម ក៏​នាំ​ចូល​ស្រុក​ខ្មែរ​តាម​ផ្លូវ​នេះ​​វិញ​ផង​ដែរ ។ ប៉ុន្តែ​ការ​​នាំ​ទំនិញ​ចេញ​-ចូល​ជួប​បញ្ហា​​លំបាក​ដោយ​សារ​មាន​ស្ពាន​ទ្រុឌ​ទ្រោម​​ច្រើន​ មិន​អាច​ដឹក​ទំនិញ​តាម​រថយន្ត​ធំៗ​បាន​ទេ ។ គេ​មាន​ការ​​កត់​សំគាល់​ថា ចាប់​ពី​ដើម​​រហូត​មក​ដល់​ចុង​ខែ​​ធ្នូ​នេះ មាន​រថយន្ត​ដឹក​ស្រូវ ពោត សណ្តែត សំរុក​ដឹក​តាម​ផ្លូវ​ជាតិ​លេខ​២១B ទៅច្រក​ទ្វារ​ជ្រៃ​ធំ មួយ​ថ្ងៃ​ប្រហែល​​៥០​រថយន្ត ​ឯ​ណោះ​ ហើយ​​​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ឈ្មួញ​​ទំនិញ​ដែល​ដឹក​​ចេញ​​ទៅ​​ច្រក​ជ្រៃ​ធំ​​ភាគ​ច្រើន គឺ​ជា​ផលិត​ផល​​កសិ​កម្ម​ដែល​ប្រមូល​ទិញ​មក​ពី​ខេត្ត​ផ្សេងៗ ៕