ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំណាស់​ម្នាក់ត្រូវ​​ប៉ូលិស​ស្រុកអូរជ្រៅ​​បង្ក្រាប​​​​​ជាក់ស្តែង​​កាលពី​វេលាម៉ោង​​១០ព្រឹកថ្ងៃទី​ ២៥ ធ្នូ ឆ្នាំ​២០១០ នៅភូមិ​​សិលា​​ខ្មែរ ឃុំអូរបីជាន់ ​ស្រុក​អូរជ្រៅ​ ​ពីបទ​ចែកចាយគ្រឿង​ញៀន ។​ ជនសង្ស័យ​​ត្រូវ​​ប៉ូលិស​​ស្រុកអូរជ្រៅ​​​ឃាត់ខ្លួន​​នោះ ​ឈ្មោះប៊ិត ​សារី ភេទ​ប្រុស អាយុ​​៥០​ឆ្នាំ ​នៅ​ភូមិ​-​​ឃុំ​កើត​ហេតុ​ខាងលើ​ ។ ជាមួយ​​នឹងការ​ចាប់ឃាត់ខ្លួន​នេះ សមត្ថ​កិច្ច​​ដកហូតបានថ្នាំ​ញៀន​​​ប្រភេទ​​គ្រាប់​ ​ពណ៌ក្រហម​ មាន​អក្សរ​ WY លើ​គ្រាប់​​ថ្នាំ​​ម្ខាង​ចំនួន​​៥១គ្រាប់ ។​
​តាម​​ប្រភព​ពី​ប៉ូលិស​​បាន​ឱ្យ​​ដឹង​​​ថា ក្រោយ​​ការ​សួរ​នាំ​ ​បុរស​សង្ស័យ​​រូបនេះ​បាន​សារ​ភាព​​ថា ខ្លួន​ពិត​​ជា​ធ្វើសកម្មភាព​​ចែក​ចាយ​​ថ្នាំញៀន​​ប្រាកដ​មែន ដោយ​ទទួល​ចែកចាយពី​គេ​​ទិញ​​មក​ក្នុង​១គ្រាប់​តំលៃ​​៨.៥០០​រៀល ​លក់​ចេញ​តំលៃ​​១០.០០០រៀល ​។ ការ​ចែកចាយ​នេះ​រូបគេ​​​បាន​ធ្វើសកម្មភាព​យូរខែ​មកហើយ ។ ​​លោកវរ​សេនីយ៍​​ត្រី​ ស ឆុង​ អធិការ​នគរ​បាល​ស្រុក​​អូរ​ជ្រៅ បាន​ឱ្យ​​ដឹង​​​ថា បុរស​​ជាប់​ចោទ​​​ឈ្មោះ​​ប៊ិត សារី ​ជា​មុខសញ្ញា​​ចាស់ ដែលកំលាំង​​របស់លោក​​បានធ្វើការ​ស្រាវជ្រាវ​​ស៊ើបអង្កេតជា​​​យូរមក​ហើយ ​ទើប​ឈានដល់​ការ​​ចាប់ឃាត់ខ្លួន​​ជាក់​ស្តែង​ ខណៈ​​កំពុង​​ចែក​ចាយ​ថ្នាំញៀន​នៅមុខ​ផ្ទះ​​​​​របស់ខ្លួន​ ។
បច្ចុប្បន្ន​​ជន​សង្ស័យ​​រួមទាំងវត្ថុតាង​​បញ្ជូន​ទៅការិយា​ល័យ​​ប្រឆាំង​​គ្រឿងញៀន ដើម្បី​ចាត់​ការ​​​បន្ត​តាម​​​នីតិវិធី​ ។​ លោកវរសេនីយ៍​​ឯក​ពូន សានិត ស្នងការ​រង​ជា​ប្រធានការិយាល័យ​​កណ្តាលនគរ​បាល​យុត្តិ​ធម៌​​បាន​បញ្ជាក់​​ថា ជនសង្ស័យ​​រួមទាំង​​​វត្ថុតាង​​ ការិយាល័យ​ជំនាញ​កំពុង​រៀបចំសំណុំរឿង​​បញ្ជូនទៅសាលាដំបូង​ខេត្ត​​ដើម្បីចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕​