ខេត្ត​បាត់​ដំបង ៖ បើទោះ​ជាបន​ល្បែង​​​ស៊ី​សង​ខុស​ច្បាប់​​បាន​ស្ងប់​ស្ងាត់​​ក្នុង​រយៈ​​​ពេល​​ជិត​១ខែ​កន្លង​ទៅ​នេះ​នៅ​ក្ន ុង​ក្រុង​បាត់​ដំបង​ ដោយ​​សារ​តែ​ការ​បង្ក្រាប​ពី​កម្លាំង​នគរ​បាលនៃ​ស្នង​ការ​​ដ្ឋាន​ខេត្ត​ក្តី ក៏​មិន​អាច​បញ្ឈប់​សកម្ម​ភាពពួក​អ្នក​ញៀន​នឹង​ល្បែង​នេះ​បាន​ឡើយ ។ ពួកគេ​នៅតែ​មានឱកាស​ប្រមូល​ម្តុំ​គ្នា​ដើម្បី​បង្កើត​ជាវង់​ល្បែង​លេង​នៅ​តាម​បណ្តា​ស្រុក​នានា​មួយចំនួន​ តាម​ជាយ​​ក្រុង​បាត់​ដំបង ឯក្រុម​សមត្ថ​កិច្ច​ក៏​បាន​ព្យា​យាម​បង្ក្រាបណាស់​ដែរ ។​#ជាក់​ស្តែង​កាលពី​រសៀល​ថ្ងៃទី​​​២៧ ធ្នូ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ផ្នែក​បង្ក្រាប​​បាន​សហការ​ជាមួយ​កងកម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នង​ការ​ដ្ឋ ាន​ខេត្ត​ សរុប​ប្រ​ហែល​​ជាង​១០​នាក់​ ដែល​ដឹក​នាំ​​ដោយ​លោក​មៀន ឡាយ ប្រធាន​ការិយា​ល័យ​​ព្រហ្មទណ្ឌ​​កំរិត​ស្រាល ​ចុះ​ទៅ​បំបែក​សំបុក​អាចោរ​ជើង​មួយ​ មួយ​កន្លែង​នៅ​ភូមិ​ភ្នំសំពៅ​កើត ឃុំ​ភ្នំសំពៅ ស្រុក​បាណន់ ដែល​​អាជ្ញាធរ​​​មូល​ដ្ឋាន​មិន​អើពើ​នឹង​បន​ល្បែង​នេះ​ទាល់​តែសោះ​នាពេល​កន្លង​មក​។​
លោក​មៀន ឡាយ បាន​ឱ្យដឹង​ថា វង់​ល្បែង​នេះ​បាន​បោះ​តង់​លេង​ក្នុង​គុម្ពោត​ព្រៃ​នៅទីតាំង​ភូមិ-ឃុំ​ខាង​លើ ដែល​សំងំ​លេង​យូរ​ខែ​មក​ហើយ​​ ពេល​កម្លាំង​របស់​លោកចុះទៅ​ឡោម​ព័ទ្ធ​ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ប្រហែល​២០​នាក់ បាន​រត់​ប្រសាច​កាត់​វាល​ស្រែ​ ប៉ុន្តែ​កម្លាំង​របស់​លោក​បាន​ឃាត់​ខ្លួន​អ្នក​លេង​ចំនួន​៥​នាក់ ដក​ហូត​មេអាប៉ោង​ចំនួន​៤គ្រាប់​ ម៉ូតូ​ចំនួន១០​គ្រឿង និង​សំភារ​ល្បែង​មួយ​ចំនួន​ទៀត​ជាវត្ថុ​តាង​ ។ លោក​​មៀន ឡាយ​ បាន​​បញ្ជាក់​ថា វង់​ល្បែង​នេះ​ហាក់​ដូចជា​មានការ​រៀបចំ​ផែន​ការ​​យ៉ាង​ប្រុង​ប្រយ័ត្ន​​បំផុត ព្រោះ​មាន​ទាំង​អ្នកយាម​កាម​ផង​ដែរ ​ដូច្នេះ​ហើយ​ទើប​ពួក​គេ​រត់​រួច​ពេល​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់ ។​
ក្រុម​អ្នកញៀន​ល្បែង​ដែល​ឃាត់​ខ្លួន​ទាំង​៥​នាក់នេះ​រួមមាន​១-ឈ្មោះ​ទៀង ទ្រី អាយុ​៦០ឆ្នាំ ២-ឈ្មោះ​ឃឿន ឃឿត អាយុ​៤៧ឆ្នាំ ៣-ឈ្មោះ​​​ស៊ិន ជ័យ អាយុ​៥៩ឆ្នាំ ៤-ឈ្មោះ​មឿន ម៉ែន អាយុ​៤០ឆ្នាំ និង​៥-ឈ្មោះ​​ញ៉ែម សាត អាយុ​៦០ឆ្នាំ ។ ក្រុម​អ្នក​ញៀន​ល្បែង​ស៊ី​សង​ទាំង​៥​នាក់​​នេះ​ បាន​និយាយថា​ ក្រុម​អ្នក​លេង​ទាំងអស់​សុទ្ធ​តែ​នៅ​ស្រុក​ផ្សេងៗគ្នា ។ ពួកគេ​បាន​ណាត់​​គ្នា​លេង​នៅ​ទីនោះ​ ព្រោះវង់​ល្បែង​ធំៗ​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ ត្រូវ​បាន​បិទ​ទ្វារ ដូច្នេះ​​ទើប​​ក្រុម​អ្នក​ញៀន​​ល្បែង​ទាំង​អស់​​ត្រូវ​ស្វះ​ស្វែង​រក​កន្លែង​​លេង​នៅ​​​​ឱ្យ​ឆ្ងាយ​ពីភ្នែ ក​សមត្ថ​កិច្ច​ខេត្ត ប៉ុន្តែ​នៅតែ​មិន​មាន​សេចក្តី​សុខ​ទៀត ។ ក្រុម​អ្នក​ញៀន​ល្បែង​​ទាំង​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម​អ្នក​លេង​ធំៗ​បាន​ប្រមូល​គ្នា​ទៅ​លេង​នៅ​ស្រុក​​មោង​ឫស្សី​ ​ស្រុក​គាស់​ក្រឡ និង​ស្រុក​សង្កែ ​៕