រាជធានី​ភ្នំពេញ ៖ ប្រជាជននៅខេត្តមណ្ឌលគិរី​បាន​ចូល​រួម​ក្នុង​ទស្សន​កិច្ច​សិក្សា​របស់ ​អ.វ.ត.ក ​(សាលា​ក្តីខ្មែរ​​​ក្រហម)​ ជាលើកទី១​ ចាប់​តាំង​ពី​ការ​កកើត​ដំបូង​នៃ​កម្ម​វិធី​នេះ​ដែល​បង្កើត​ឡើង​នៅ​ត្រីមាសទី១​ឆ្នាំ២០០៩​ដោយ​#ផ្នែក​កិច្ច ​កា​រសាធារណៈ​នៃ​អ.វ.ត.ក.​។ ​ប្រ​ជា​​ជន​ចំនួន​៣៩០​នាក់​ បាន​ចូល​រួម​ក្នុង​កម្ម​វិធី​​ទស្សន​កិច្ច​សិក្សា​របស់ ​អ.វ.ត.ក. ​នៅថ្ងៃ​ទី២៣​ ធ្នូ​ ឆ្នាំ​២០១០​នេះ ​។ ដំណើរ​ទស្សនកិច្ច​នេះ​ចាប់​ផ្តើម​ ដោយ​ការ​ទស្សនា​ខ្សែភាពយន្ត​​ឯកសារ​​នៅ​​ពេលយប់មុនពេលក្រុមអ្នកចូលរួមឡើងលើរថ​យន្តក្រុងដើម្បីចេញដំណើរមកទ ីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារបានផ្តល់ឲ្យគាត់នូវចំណេះដឹងបឋមអំពីដំណើរការកាត់ក្តីមេដឹកនាំខ្មែក្រហម។
នៅភ្នំពេញអ្នក​ចូល​រួម​បាន​ទស្សនា​សារ​មន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែល​ត្រូវបានស្គាល់ថាជា អតីតគុកទួលស្លែង ។ នៅទី​នោះអ្នកចូលរួមបានឃើញដោយផ្ទាល់ភ្នែកនូវភស្តុតាងនានាអំពីជ្រុងមួយនៃរបប​ខ្មែរ​ក្រហម​។ សម្រាប់អ្នកចូលរួមដែលមានវ័យក្មេងទិដ្ឋ​ភាព​នៅទីនេះមានសភាពគួរឲ្យរន្ធត់។ ប្អូនស្រីឆែម រីយ៉ា អាយុ២០ឆ្នាំ និយាយថា «ការមក​មើល​គុកទួលស្លែងធ្វើឲ្យខ្ញុំបានឃើញភស្តុតាងនៃ​រឿង​រ៉ាវដែលកើតឡើង​នៅក្នុងរបប​ខ្មែរក្រហម។ មនុស្សជំនាន់ខ្ញុំនេះមិនដែលដឹងថាខ្មែរក្រហម យ៉ាង​ម៉េចទេ ព្រោះខ្ញុំកើតអត់ទាន់ ។ ខ្ញុំធ្លាប់តែ​ឮឪពុកម្តាយខ្ញុំនិយាយប្រាប់អំពីជីវិតរបស់គាត់​ក្រោមរបបខ្មែរក្រហម អំពី​ការ​ស្លាប់​របស់​ជីតា​ខ្ញុំនិងសាច់ញាតិដទៃទៀត ។ ខ្ញុំធ្លាប់បានអាន ទស្សនាវដ្តីអំពីរឿងរ៉ាវខ្មែរក្រហមខ្លះៗដែរ ប៉ុន្តែ ថ្ងៃនេះខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវភស្តុតាង​ដែលបញ្ជាក់ថា រឿងរ៉ាវទាំងនោះគឺជាការពិត ហើយថា ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ស្រងេះស្រងោច និងអាណិតចំពោះអ្នកដែល​បាន​ស្លាប់និងអ្នកដែលឆ្លងកាត់របបនោះ»។
សម្រាប់មនុស្សវ័យចំណាស់ដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម គុក​ទួល​ស្លែង​ធ្វើ​ឲ្យ​គាត់​នឹក​ឃើញឡើងវិញអំពីជីវិតរបស់គាត់នៅ​ក្រោម​របបនោះ និងនឹកឃើញដល់សាច់សា​លោ​ហិត​របស់គាត់ដែលបានស្លាប់ ​ឬព្រាត់​ប្រាសគ្នា ។ គាត់​ចាប់ផ្តើមកិច្ចសន្ទនាខ្លីៗអំពី​អ្វី​ដែល​គាត់​បាន​ឆ្លង​កាត់ ។ គាត់និយាយគ្នាអំពី​ការធ្វើពលកម្មធ្ងន់ធ្ងរ ការ​ហូបចុកមិនគ្រប់គ្រាន់ និងអំពីសាច់ញាតិ​របស់គាត់ដែលស្លាប់​ឬបាត់​ខ្លួន។ អ៊ំស្រីលន គីម អាយុ៧៧ឆ្នាំ និយាយថា គាត់គឺជាមនុស្ស​តែម្នាក់គត់ដែលនៅរស់ក្នុងចំណោមបងប្អូនទាំង១២នាក់របស់គាត់ ។ លន សំណាង អាយុ៣៧ឆ្នាំ និយាយអំពីការព្រាត់ ប្រាសឪពុកម្តាយ និងបងប្រុស តាំងពីគាត់អាយុ​៣ខែហើយត្រូវបានអ៊ំស្រីលន គីម យកមក​ចិញ្ចឹម ។ មីងម្នាក់និយាយអំពីការបាត់ខ្លួនប្អូន​ថ្លៃ​របស់គាត់ ។ អ៊ំស្រីឈិត សារ៉េត អាយុ៦០ឆ្នាំ និយាយអំពីការបាត់បង់សាច់ញាតិចំនួន២០នាក់​និងប្តីរបស់គាត់នៅក្នុងរបបខ្មែរក្រហម។
ដំណើរទស្សនកិច្ចសិក្សាបញ្ចប់ដោយការធ្វើ​ដំណើរទៅសាលសវនាការនៃអ.វ.ត.ក. ដែល នៅទីនោះអ្នកចូលរួមបានស្តាប់បទឧទ្ទេស​នាម​របស់មន្ត្រីផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក. អំពី​ដំណើរការនៃរឿងក្តីនានាពាក់ព័ន្ធនឹង​ដំណើរ​ការកាត់សេចក្តីមេដឹកនាំខ្មែក្រហម។ អ៊ំស្រីសាត និងអ៊ំស្រី សារ៉េត នៅតែមាន​កំហឹងចំពោះខ្មែរក្រហមនិងចង់ឲ្យតុលាការកាត់​ទោសប្រហារជីវិតមេដឹកនាំខ្មែរក្រហមទាំង៥រូប ។ ក៏ប៉ុន្តែគាត់នៅតែផ្តល់ការទុកចិត្តលើ​តុលា​ការ​ខ្មែរក្រហម និងជឿជាក់ថា តុលាការនេះនឹង​រកយុត្តិធម៌ឲ្យគាត់ បើទោះជាការកាត់​ទោស​នេះ​មិនអាចធ្វើឲ្យប្តីនិងបងប្អូនរបស់គាត់រស់ឡើងវិញក៏ដោយ ។ ឆែម រីយ៉ា បញ្ចេញយោបល់ថា «ខ្ញុំយល់ថាការកាត់ទោសខ្មែរក្រហម​គឺជាអំពីដ៏ត្រឹមត្រូវ។ នេះជាការដាក់ការទទួលខុសត្រូវតាមផ្លូវច្បាប់ ពុំមែនជាការសងសឹកទេ ។ វានឹងធ្វើឲ្យមនុស្ស​ជំនាន់ក្រោយដឹងថា អ្នកដែលប្រព្រឹត្តខុស​មិន​អាចរួចខ្លួនបានឡើយ» ។
ខេត្តមណ្ឌលគិរីគឺជាខេត្តដាច់ស្រយាលជាង​គេនៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ កង្វះខាតមធ្យោបាយក្នុងការទទួលព័ត៌មានសា​ធារណៈដូចជា វិទ្យុ ទូរទស្សន៍ កាសែត ។ល។ គឺជាមូលហេតុដែល​ប្រជាជន​ក្នុង​ខេត្ត​នេះ​ទទួល​បានការយល់ដឹងតិចតួចបំផុតអំពីដំណើរការនៃ​តុលាការខ្មែរក ្រហម ។ ​ដំណើរទស្សនកិច្ច​សិក្សា របស់អ.វ.ត.ក.ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការនាំយកប្រជាជនពីតំបន់ដាច់​ស្រយាល​ទាំងនោះមកមើល​ដោយផ្ទា ល់ភ្នែក ស្តាប់​ដោយផ្ទាល់ត្រចៀក និងទទួលយកបទ ពិសោធន៍ផ្ទាល់អំពីតុលាការខ្មែរក្រហម។ ប្អូនប្រុសអ៊ុន វាសនា អាយុ៣០ឆ្នាំ ដែល​ពកូនតូចអាយុ៣ឆ្នាំនៅក្នុងដៃបានសម្តែងក្តីរីករាយបើទោះជាប្អូនអស់កម្លាំង​និងងងុយគេង​ក៏ដោយ ។ ប្អូននិយាយថា «អ្វីដែលខ្ញុំបានយល់​ដឹង​នៅក្នុងដំណើរទស្សកិច្ចសិក្សានេះ​ល្មម​អាច​ទូទាត់នឹងភាពអត់ងងុយនិងអស់កម្លា ំងដែលខ្ញុំចំណាយក្នុងរយៈពេល២យប់១ថ្ងៃនេះ។ ខ្ញុំចង់​មកលើកក្រោយទៀត​ដើម្បីមើលការកាត់ទោស​ដោយផ្ទាល់» ។
មួយចំនួននៃអ្នកដែលចូលរួមដំណើរទស្សន​កិច្ចនៅពេលនេះមានបំណងវិលមកម្តងទៀតដើម្បីចូលរួមស្តាប់សវនាការនៅក្នុងសំ ណុំរឿង ០០២ ។ អ៊ំស្រី សារ៉េត និយាយថា អ៊ំចង់មក​មើល​មុខ​មេដឹកនាំខ្មែរក្រហមទាំងបួននាក់​ដោយ​ផ្ទាល់ភ្នែក និងចង់ឃើញតុលាការកាត់ទោស​អ្នកទាំងនោះ ។«ខ្ញុំចង់មកមើលឲ្យច្បាស់តើវា​យ៉ាងម៉េចទៅអ្នកដែលសម្លាប់មនុស្សសាហាវ​ព្រៃផ្សៃម្ល៉ឹងៗ» អ៊ុំស្រីបន្ថែម ។ ប្អូនស្រី រីយ៉ា និងប្អូនប្រុស វាសនា សុទ្ធតែ សម្តែងបំណងតាមដានដំណើរការកាត់ទោសមេ​ដឹកនាំខ្មែរក្រហម ហើយប្អូនចង់មកមើលដំណើរ​ការកាត់ទោសដោយផ្ទាល់ផង។ ដំណើរទស្សនកិច្ចរបស់ប្រជាជនខេត្តមណ្ឌលគិរីនៅពេលនេះ​ធ្វើឲ្យគម្រោង​កម្មវិធីផ្សព្វផ្សាយ​របស់ផ្នែកកិច្ចការ សាធារណៈនៃអ.វ.ត.​ក. មានលក្ខណៈពេញលេញនិងគ្របដណ្តប់ទូទាំង២៤ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាដូច​ដែល​បានគ្រោងទុក ៕