ខេត្ត​តាកែវ ៖ ទោះ​បី​ជា​ជា​រឿយៗ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ខិត​ខំ​ជួស​ជុល​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ជាប់​បាន​យូរឡើយ សំរាប់​​ផ្លូវ​ជាតិ​លេខ​២ ដោយ​រថយន្ត​យីឌុប​​ដឹក​ស្រូវ​លើស​តោន ដែល​មាន​ដាក់​អក្សរ​​នៅ​លើ​កញ្ចក់​​​​រថយន្ត​ ដើម្បី​ឱ្យ​ប៉ូលិស​ចរា​ចរ និង​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​ហ៊ាន​ឃាត់​​រថយន្ត​​របស់​គេ​ បើ​ទោះ​បី​រថយន្ត​ទាំង​អស់​នោះ​ដឹក​លើស​តោន​ក៏​ដោយ ។ មន្ត្រី​ប៉ូលិស​​ចរា​ចរ​ដែល​ឈរ​ជើង​អនុ​វត្ត​ច្បាប់​​​តាម​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ក្រុង​​ដូន​​កែវ បាន​ឱ្យ​ដឹង​ថា នៅ​ពេល​​ស្រូវ​​ស្រុក​យើង​កំពុង​​ត្រូវប៉ាន់​លក់​ទៅ​ប្រទេស​វៀត​​ណាម ហើយ​​រថយន្តដឹក​ស្រូវ​គ្រប់​ប្រភេទ​កំពុង​តែ​សំរុក​ដឹក​យ៉ាង​គគ្រឹក​គ្រេង​​នោះ ​ក៏​មាន​រថយន្ត​ប្រភេទ​យីឌុប​ជា​ច្រើន​​គ្រឿង​ដោយ​​សរសេរ​អក្សរ​បិទ​នៅ​លើ​​កញ្ចក់​​គ្មាន​ស្លាក​លេខ ​ បាន​​កំញើញ​​សមត្ថ​កិច្ច​ប៉ូលិស​ចរា​ចរ​យើង​យ៉ាង​ចាស់​ដៃ​បំផុត ដែល​បញ្ហា​នេះ​សូម​រាជ​រដ្ឋាភិបាល​​ពិនិត្យ​មើល​ផង ។
មន្ត្រី​ចំរុះ​នៅ​ទី​តាំង​ជញ្ជីង​ថ្លឹង​​រថយន្ត​ក្រុង​ដូន​កែវ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា រថយន្ត​​ដែល​មិន​ព្រម​ឈប់​ឱ្យ​ថ្លឹង​រាល់ថ្ងៃ​នេះ​ តែង​ដឹក​ស្រូវ​លើស​តោន​បំផ្លាញ​ផ្លូវ​ជាតិ​លេខ​២ ​ដោយ​គេ​សរសេរ​អក្ស​​រដាក់​នៅ​មាត់​ទ្វារ​រថយន្ត​​ថា កង​ដឹក​ជញ្ជូន​ និង​សរសេរ​អក្សរ​កាត់​ដាក់​​លើ​កញ្ចក់​​មាន​៤​អង្គ​ភាព L.M, HC, DH និង GGG ​រថយន្ត​ខាង​លើ​នេះ អ្នក​បើក​បរ​សុទ្ធ​តែ​​ស្លៀក​ពាក់​ជា​ទាហាន​ទាំង​អស់ នៅ​ពេល​ក្រុម​ចំរុះ​យើង​​ឃាត់​ពួក​គេ​មិន​ឈប់​ទេ ​ហើយ​អ្នក​បើក​បរ​និយាយ​​ថា​ «រថយន្ត​ពួក​អញ​​នៅ​ទូទាំង​ប្រទេស​មិន​ដែល​ឈប់​ឱ្យ​អ្នក​ណា​ថ្លឹង​ទេ» ។ មន្ត្រីដដែល​បាន​បន្ត​ថា បញ្ហា​នេះ​យើង​បាន​ធ្វើ​របាយ​ការណ៍​​ជូន​ទៅ​លោក​អភិ​បាល​ខេត្ត មន្ទីរ​ និង​ក្រសួង​សាធា​​រណ​ការ​អស់​ហើយ ​ម្យ៉ាង​ទៀត​ បើ​តាម​ដឹង​​គ្រប់​​រថយន្ត​យីឌុប​ខាង​លើ​នេះ ដឹក​ស្រូវ​លើស​ទំងន់​១០​តោន ហើយ​ទិដ្ឋ​ភាព​បែប​នេះ​យើង​បាន​ត្រឹម​តែ​រាយ​ការណ៍​ប៉ុណ្ណោះ ៕