ខេត្ត​កំពង់ចាម ៖ រថ​យន្ត​ធុន​ធំ​២​គ្រឿង​​បាន​បុកគ្នា​​ពេញ​​ទំហឹង​​​កាលពី​វេលាម៉ោង​ប្រហែល​​​​៣​រំលង​អធ្រាត្រ​ថ្ងៃ ទី២៦ ធ្នូ ២០១០ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៧ ក្នុង​ភូមិ​អង្គួញដី ឃុំ​ក្រឡា ស្រុក​កំពង់​សៀម ធ្វើឱ្យ​រថយ​ន្ត​ទាំង​២​រង​ការ​ខូច​ខាត​​យ៉ាងដំណំ​​ និង​អ្នក​បើក​បរម្នាក់រង​របួស ។ តាម​មន្ត្រីនគរបាលចរា​ចរ​ស្រុកកំពង់សៀម ប្រាប់​ឱ្យ​ដឹង​ថា​ ឧប្បត្តិ​​ហេតុ​​នេះ ​បង្ក​ដោយរថ​យន្ត​ធំពាក់ស្លាកលេខ​តាកែវ 3A 0547 បើក​បរ​ដោយ​ឈ្មោះ​ប៊ុន លាន ភេទប្រុស រស់​នៅ​ភូមិ​ស្រឡប់ ស្រុកត្បូង​ឃ្មុំ ​បានរត់​គេចខ្លួន​បាត់​ស្រមោល​បន្ទាប់ពីកើតហេតុ ។ នៅ​ក្រោយ​​កើត​ហេតុ​បាន​បន្តិច នគរបាល​ចរា​ចរ​ស្រុក​បាន​ទៅ​ដល់​ ហើយបានជួយ​សំរួលចរាចរណ៍​មិន​ឱ្យ​មានកកកស្ទះ​ទេ ។ រហូតដល់ម៉ោង​១០​ព្រឹក ​ថ្ងៃទី២៦ ធ្នូ រថ​យន្ត​ទាំង​២​គ្រឿង​មិន​ទាន់​អូស​យក​ទៅកាន់អធិការដ្ឋាន​នគរបាល​ស្រុក​នៅ​ឡើយ​ទេ ព្រោះ​តែ​ការ​បុកគ្នានោះខ្លាំងពេក បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។
អ្នកបើកបរ​រថ​យន្ត​ឈ្មោះពេជ្រ សារិន ភេទ ប្រុស អាយុ​២៩ឆ្នាំ ប្រាប់ថា រូបគេ​បើក​​រថ​យន្ត​ចំណុះ៨តោន​ ពាក់ស្លាក​លេខ​ 3A 0693 ​​ដឹកផ្លែ​ម្ទេស​​ចំនួន​១៧តោន ចេញ​ពីច្រកដូនរ័ត្ន ស្រុក​មេមត់ ​ឆ្ពោះ​ទៅ​កាន់ព្រំដែន​ខេត្ត​ប៉ៃ​លិន ។ ​ពេល​បើក​ទៅ​ដល់ភូមិ​អង្គួញ​ដី ត្រង់​ផ្លូវ​​កោង ​ស្រាប់​តែ​មាន​រថយន្ត​ធុនធំ​១គ្រឿង​​បើកបញ្ច្រាស​ទិ​សគ្នាពីលិច​​មកកើតវ៉ា​រថ​យន្ត​​១​គ្រឿង ជ្រុល​មកបុករថយន្ត​​របស់គេ​យ៉ាង​ពេញ​ទំហឹង​តែ​ម្តង ។ ពេលនោះរថយន្ត​របស់​គេខូច​ខាត​កាប៊ីន​ខាងមុខ​ក្រពឹតរួញ​ ។ គេ​បើក​គេចមកស្តាំ​ដៃ បើ​ពុំ​នោះ​ទេ នឹងរងគ្រោះថ្នាក់​ដល់អាយុជីវិត​​មិន​ខាន ។ រូបគេគ្រាន់​តែរងរបួស​កែង​ដៃ​ម្ខាង​ប៉ុណ្ណោះ ។ មន្ត្រី​នគរបាល​ចរាចរ​បញ្ជាក់​ថា រថយន្ត​​បង្ក​បាន​រង​ការ​ខូច​ខាត​ខ្លាំង​ជាងគេ ​៕