រាជធានីភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់ខោអាវជជុះម្នាក់ ត្រូវរងគ្រោះដោយក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបប្រាក់ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូបោកក្បាល ហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ គ្រោះថ្នាក់ដោយចោរឆក់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៩ ធ្នូ នៅមុខផ្ទះលេខ៤៨០BC មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ខណៈពេលដែលស្ត្រីរងគ្រោះជិះម៉ូតូជាមួយប្អូនស្រីធ្វើដំណើរចេញពីជប់លៀងមង្គលការនៅភោជនី យដ្ឋានគិតអេង ហើយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។
ស្ត្រីដែលធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះសុខ ចិន្តា អាយុ៤៧ឆ្នាំ ជាអាជីវករលក់ខោអាវជជុះនៅផ្សារនាគមាស មានទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៩ ធ្នូ ។ តាមមន្ត្រីប៉ូលិសមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាអាជីវកររូបនេះ បានធ្វើដំណើរតាមម៉ូតូម៉ាកហុងដាវ៉េវ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1P-4856 ដោយប្អូនស្រីឈ្មោះសុខ ចន្ធូ អាយុ៤៤ឆ្នាំ ជាអ្នកឌុប ធ្វើដំណើរមកពីជប់លៀងមង្គលការនៅភោជនីយដ្ឋានគិតអេង ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ នៅពេលធ្វើដំណើរមកដល់ចំណុចខាងលើ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដា C125 ស៊េរី២០១០ មួយគ្រឿង ធ្វើដំណើរស្របទិសគ្នាហើយធ្វើសកម្មភាពឆក់កាបូបយួរពីស្ត្រីរងគ្រោះ។
តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងសកម្មភាពឆក់នេះ បណ្តាលឱ្យស្ត្រីជាម្ចាស់កាបូបធ្លាក់ពីលើម៉ូតូបោកក្បាលទៅនឹងថ្នល់រងរបួសធ្ងន់ធ្ ងរ ដោយចេញឈាមតាមត្រចៀកសន្លប់ស្តូកស្តឹង ឯក្រុមចោរក្រោយពីឆក់យកកាបូបបានសំរេចក៏ជិះគេចខ្លួនបាត់ ប៉ុន្តែនៅក្នុងហេតុការណ៍នេះពុំបណ្តាលឱ្យម៉ូតូដួលឡើយ។ បន្ទាប់ពីរងគ្រោះធ្នាក់ពីលើម៉ូតូបោកក្បាល ភ្លាមៗនោះស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ស្លាប់ទៅ។ តាមព័ត៌មានឱ្យដឹងថា កាបូបដែលក្រុមចោរឆក់យកទៅនោះពុំមានប្រាក់ឡើយ គឺមានតែទូរស័ព្ទម៉ាកណូគា ស៊េរីចាស់មួយគ្រឿងប៉ុណ្ណោះ។ សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅតំកល់ធ្វើបុណ្យនៅឈាបនដ្ឋានវត្តច្បារ អំពៅ ៕