ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិត មេនូឡាយហ្វ៍ (Manulife) បានឧទ្ទេសនាមសេវាកម្មថ្មីរបស់ខ្លួន​សម្រាប់ប្រជាជនកម្ពុជា នោះគឺ “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” ។ សេវាកម្មថ្មីនេះ ត្រូវបានក្រុ​មហ៊ុនផ្សព្វផ្សាយ នៅក្នុងសន្និសីទកាសែត និងសិក្ខាសាលាមួយ ដែលត្រូវបាន​រៀបចំ​ឡើង នៅសណ្ឋា​គារ Raffles Hotel Le Royal កាលពីព្រឹក ថ្ងៃទី 0៣ ខែធ្នូ ឆ្នាំ ២០១២ ។

គម្រោង “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” ត្រូវបានបង្កើតឡើងសម្រាប់អតិថិ​ជន​ដែលមាន​អាយុចម្លោះពី ១៨ឆ្នាំ ដល់ ៤៥ឆ្នាំ ដោយផ្ដល់នូវការការពារលើអាយុជីវិត និងការ​សន្សំ​ប្រាក់សម្រាប់អនាគតក្រុមគ្រួសាររបស់ពួកគេ។   “មរតកខ្ញុំជាមួយ មេនូឡាយហ្វ៍” មានរួម​បញ្ចូលគ្នារវាងការការពារអាយុជីវិត និងការសន្សំប្រាក់។ គម្រោងនេះនឹងជួយដល់អតិថិជន​តាមរយៈវិធីចំនួនពីរ៖

១. ផ្ដល់ជូននូវការការពារអាយុជីវិត ក្នុងរយៈពេលកំណត់ ១០ ឬ ១៥ឆ្នាំ ព្រមទាំងជួយឱ្យ​អតិ​ថិជនអាចតម្កល់ប្រាក់សម្រាប់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងរកណីខ្លួនបាត់បង់ជីវិត។

២. គម្រោងនេះនឹងជួយឱ្យអតិថិជនបានសម្រេចនូវគោលដៅផ្នែកហិរញ្ញវត្ថុ។ តាមរយៈ​គម្រោងនេះ អតិថិជននឹងទទួលបាននូវភាគលាភប្រចាំឆ្នាំ ដោយរក្សាទុកជាប្រាក់បញ្ញើជា​មួយ​ក្រុមហ៊ុន ដើម្បីទទួលបាននូវការប្រាក់បូកបង្គរ។

/

ឆ្លើយតបទៅនឹងសំណួរមួយដែលសួរថា តើ ក្រុមហ៊ុនធានារ៉ាបរងជីវិត មេនូឡាយហ្វ៍ នឹងផ្ដល់​សំណង ឬទេ ចំពោះករណីម្ចាស់ប័ណ្ណធានារ៉ាបរង ត្រូវបានគេធ្វើឃាត?    លោក Robert Elliott អគ្គ​នាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូ​ឡាយហ្វ៍ ខេបូឌា មាន​ប្រសាសន៍ថា ក្រុមហ៊ុននឹងសងប្រាក់ធានារ៉ាបរងជីវិត ចំពោះតែករណីស្លាប់ដោយជម្ងឺ និង​គ្រោះថ្នាក់ដល់អាយុជីវិត ហើយប្រសិនម្ចាស់ប័ណ្ណធានារ៉ាបរង ត្រូវបានធ្វើឃាត នោះនឹងមានការផ្ដល់សំណងដល់អ្នករងគ្រោះ បន្ទាប់ពីរកមានការបញ្ជាក់ពីក្រុមសមត្ថកិច្ច។

បញ្ជាក់ទៅនឹងសំណួរខាងលើ អ្នកតំណាងរបស់ក្រុម​ហ៊ុននេះ ឱ្យដឹងថា ប្រសិនក្នុងករណីម្ចាស់ប័ណ្ណធានារ៉ាបរងអាយុជីវិត ត្រូវគេសម្លាប់ក្នុងសកម្មភាពខុសច្បាប់ណាមួយដែលមានការចូលរួមរបស់ម្ចាស់​ប័ណ្ណធានារ៉ាបរង នោះក្រុមហ៊ុននឹងមិនមានសំណងដល់ជនរងគ្រោះនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៨៨៧ នៅកាណាដា​ ដោយលោក John A.Macdonald ជាអតីតនាយករដ្ឋមន្ដ្រីទី ១ របស់ប្រទេសកាណាដា ​ហើយបច្ចុប្បន្ន (ឆ្នាំ ២០១២) ក្រុមហ៊ុន មេនូឡាយហ្វ៍ បានជ្រើសរើសកម្ពុជា ជាការិយាល័យថ្មីបំផុតរបស់ខ្លួន សម្រាប់ការផ្ដល់សេវាកម្មធានារ៉ាបរងអាយុជីវិត៕

ដោយ ៖ សីហា