ខេត្តកំពង់​ចាម​៖ ពីរនាក់ម្តាយកូនត្រូវ​បាន កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំចំការអណ្តូង សហការ ជាមួយនឹងអធិការដ្ឋាននគរបាលស្រុកចំការលើ​ ធើ្វការឃាត់ខ្លួនទៅតាមដីការបស់សាលាដំបូង​ខេត្ត កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី២១ធ្នូ ២០១០ ដល់លំនៅឋានតែម្តង ដោយជាប់​ចោទ​ពី​បទប៉ុនប៉ងធ្វើមនុស្សឃាត ទៅលើអ្នកភូមិជា​មួយ​គ្នា នាពេលកន្លងមក ជាហេតុធ្វើឱ្យកូនៗរបស់​ស្រ្តីដែលត្រូវបានចាប់ខ្លួននោះស្រែក​ទ្រហោយំ និងតាមមកមើលម្តាយ ដល់អធិការ​ដ្ឋាន​ស្រុក ។ លោកអនុសេនីយ៍ឯក អ៊ិត ដារ៉ា អធិការ​នគរ​បាលស្រុកចំការលើបានប្រាប់កោះសន្តិ​ភាព​ឱ្យ​ដឹងថា ជនដែលត្រូវចាប់ខ្លួនទាំង២នាក់​នោះ​កូនឈ្មោះនូ នីម ភេទប្រុស អាយុ​១៩ឆ្នាំ និង​ម្តាយឈ្មោះ អុល សៀក អាយុ៤៧​ឆ្នាំ រស់​នៅ​ភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការ​លើ ។
លោកអធិការបានរំលឹកថា កាលពីថ្ងៃទី​១៧​ ឧសភា ២០០៥ នៅភូមិសូជ័យ ឃុំចំការអណ្តូង​ស្រុកចំការលើ មានករណីប៉ុនប៉ងធ្វើមនុស្ស​ឃាតមួយបានកើតឡើងបង្កដោយឈ្មោះនីម បានប្រើពូថៅកាប់ទៅលើគូបដិបក្សឈ្មោះនៅ ណាល់ ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឱ្យរង​របួសធ្ងន់ឈាមហូរស្រោចពេញ​ខ្លួនប្រាណរហូត​ដល់សន្លប់បាត់ស្មារតី​ត្រូវ​បានក្រុមសាច់​ញាតិ​ដឹកយ កទៅសង្រ្គោះនៅមន្ទីរ​ពេទ្យ។ ឯជនដៃ​ដល់​​រូប​នេះបានរត់គេចខ្លួន​បាត់មិន​ដឹងជាទៅរស់​នៅ ទីកន្លែងណាទេ និងត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿងបញ្ជូនទៅកាន់​សាលា​ដំបូងខេត្តដើម្បី​សុំដីកាតាមចាប់ខ្លួន ។ បន្ទាប់មកសាលាដំបូង​ខេត្តបានចេញដីកាបង្គាប់ឱ្យនាំខ្លួនពិរុទ្ធជន​ឈ្មោះនូ នីម និងម្តាយបង្កើត​ឈ្មោះសៀក ដោយ​​លោកថោង អុល ចៅ​ក្រមស៊ើបសួរចុះថ្ងៃ​ទី​១៦ កក្កដា ២០០៩ ។ តែជនទាំង២​នាក់​ម្តាយ​​និង​កូន​នេះមិនបាននៅផ្ទះទេ គឺ​បានរត់គេចចេញ​ពី​មូលដ្ឋានមិនដឹងជាទៅរស់​នៅទីណា ទោះបីជា​បែប​នេះក្តី សមត្ថ​កិច្ចបានតាមឃ្លាំមើល​ពួកគេ​ជាប់​ជានិច្ច​ ។ ថ្មីៗនេះបន្ទាប់​ពី​បានទទួល​ព័ត៌មាន​ថា ជនជាប់​ពិរុទ្ធ​ទាំង២​នាក់​នេះបានចូលមក​រស់​នៅភូមិ២២ ឃុំចំការអណ្តូងវិញ ទើប​រូប​លោក​ (អ៊ិត ដារ៉ា) ដឹកនាំលោកអធិ​ការ​រង​នគរបាល​ស្រុកចំនួន២រូបចុះទៅនាំខ្លួនពួកគេ​​ នារសៀល​ថ្ងៃទី២១ ធ្នូ មកកាន់ស្នងការដ្ឋាន​នគរ​បាលខេត្ត​ជាបន្ទាន់ ។
ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​រហូត​ឈាន​​ដល់​តុលាការ​​ចេញ​ដីកា​នាំខ្លួន​នេះ ​​ពិរុទ្ធជនឈ្មោះ​នូ នីម បានឆ្លើយសារភាព​ថា មុនពេលកើត​ហេតុ​៥ទៅ៦ថ្ងៃកូនសេះ១ក្បាលរបស់ខ្លួនបាន​ដើរ​ចូល​ទៅក្នុងបរិវេណផ្ទះរបស់​ឈ្មោះណាល់​ ដែល​មាន​ផ្ទះនៅទល់​មុខគ្នា ពេលនោះឈ្មោះ​ណាល់​បាន​គប់​សេះខ្លួន​បណ្តាលឱ្យបាក់ជើងមុខ​ផ្នែកខាង​ស្តាំ។ លុះក្រោយមកទៀតនា​វេលា​ម៉ោង​ប្រហែល​៧យប់មិនចាំថ្ងៃក្នុងខណៈពេល​​ខ្លួន​ដើរចេញពីផ្ទះបងប្រុសស្ថិតនៅ ខាងជើង​ឆ្ពោះ​​មកផ្ទះ​របស់ខ្លួន​នៅខាងត្បូងជិតដល់ផ្ទះទៅ​ហើយ​​ស្រាប់​តែ​ត្រូវ​ឈ្មោះណាល់ប្រើ​កាំបិត​​ផ្គ ាក់​កាប់​មក​លើខ្លួនត្រូវចំ.កផ្នែកខាងឆ្វេងរយះហូរ​ឈាម​ស្រោចខ្លួន ។ ពេលនោះខ្លួនបានស្ទុះ​ទៅ​យកពូថៅ​ពីក្នុងផ្ទះ​មកកាប់តបតទៅលើ​គូ​បដិ​បក្សវិញ​ដោយមានការប្រវាយប្រតប់គ្នា​ទៅវ ិញ​ទៅមកទៀតផង​ហើយខ្លួនក៏ត្រូវជនឈ្មោះ​ណាល់​នោះកាប់​ត្រូវ​​១កាំបិតទៀតចំទ្រូង បណ្តាលឱ្យរងរបួសសន្លប់​ទាំង២នាក់។ ពេល​នោះ​ខ្លួន​ត្រូវបាន​ក្រុម​សាច់​ញាតិ​ដឹកយក​មក​សង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកជើងព្រៃ ។ ស្រ្តីជាម្តាយឈ្មោះ អុល សៀក បានឆ្លើយ​បដិសេធថា នាយប់ថ្ងៃកើតហេតុនោះ​គាត់​មិន​បានយករបស់អ្វី​មួយវាយទៅលើជន​រងគ្រោះ​ឈ្មោះណាល់នោះទេ ប៉ុន្តែ​ក្រោយមក​បែរ​ជាលេចឮថាមានគេបំរុងតាមសំលាប់គាត់​ទៅ​វិញ​ទើប​ប្រញាប់​នាំកូនប្រុសមកសង្រ្គោះនៅ​មន្ទី រ​ពេទ្យដោយមិន​បានប្តឹងទៅសមត្ថកិច្ចទេ​ ៕