ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្ស​សាលា​ចំនួន​៣​នាក់​បាន​រង​របួស​​​ធ្ងន់​​​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ ចរា​ចរណ៍​ដែល​បាន​​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​២៣​នាទី​រសៀល ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១០ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦ ស្ថិត​នៅ​ក្នុង​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ មន្ត្រី​នគរ​បាល​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា យុវ​សិស្ស​​រង​គ្រោះ​ទាំង​៣​នាក់​នោះ​ ​១-ឈ្មោះ​មំ ស្រី​និច អាយុ​១៨​ឆ្នាំ នៅ​​ភូមិ​ព្រៃ​ឫស្សី សង្កាត់​​ព្រះ​ពន្លា ក្រុង​សិរី​​សោភ័ណ ជា​អ្នក​បើក​បរ​ម៉ូតូ​ម៉ាក​គ្លីក​ពណ៌ស​លាយ​ស្លា​ទុំ ២-ឈ្មោះ​យុយ រីដា អាយុ​១៧​ឆ្នាំ និង​៣-​ឈ្មោះ​អ៊ុំ វីតា អាយុ​១៥​ឆ្នាំ ទាំង​២​នាក់​ជា​អ្នក​រួម​ដំណើរ​រស់​នៅ​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរី​សោភ័ណ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហៃឡេន​ឌ័រ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​ភ្នំពេញ 2N-9561 បើក​បរ​ដោយ​ឈ្មោះ​ត្រឹង សម្បត្តិ​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​មាន​ទី​លំនៅ​ក្នុង​ខណ្ឌ​ដូន​ពេញ ​រាជ​ធានី​ភ្នំពេញ ។
លោក​វរ​សេនីយ៍​​ទោ ឈឿម សុផុន នាយ​ការិយាល័យ​​ចរាចរណ៍​​ជើង​គោក​ខេត្ត​បាន​ឱ្យ​ដឹង​​ថា មុន​ពេល​កើត​ហេតុ​​តាម​សាក្សី​បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​​ថា រថយន្ត​​បើក​ក្នុង​ទិស​ដៅ​​ពី​​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​នេះ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​បើក​​ស្រប​​ទិស​គ្នា រីឯ​ម៉ូតូ​បើក​គេច​រថយន្ត​មួយ​គ្រឿង​ដែល​ឈប់​​ចត​នៅ​ខាង​​ស្តាំ​ដៃ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​បណ្តាល​ឱ្យ​រថយន្ត​បុក​ចំ​​​ផ្នែក​ខាង​ឆ្វេង​​ម៉ូតូ​ពេញ​មួយ​ទំហឹង​​ធ្វើ​ឱ្យ​យុវ​សិស្ស​ទាំង​៣​នាក់​ខ្ទ ាត​ប៉ើង​ទៅ​លើ​ថ្នល់​​របួស​ដួល​ដេក​​រដូក​រណែល ។
លោក​នាយ​​ការិយា​ល័យ​ចរា​ចរណ៍​ខេត្ត​​​បាន​បន្ត​ទៀត​ថា កត្តា​ដែល​នាំ​​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​ខាង​លើ បណ្តាល​មក​ពី​អ្នក​បើក​​​បរ​រថយន្ត​បើក​ក្នុង​​ល្បឿន​លឿន​ពេល​មក​ដល់​ទី​ប្រជុំ​ជន​ ហើយ​​បើក​ជែង​មិន​មើល​ឧបសគ្គ​ខាង​មុខ ឯ​អ្នក​បើក​បរ​​ម៉ូតូ​ក៏​បើក​ក្នុង​ល្បឿន​លឿន​ ហើយ​មិន​ពាក់​មួក​សុវត្ថិ​ភាព​​ទៀត​ផង​ ។ បច្ចុ​ប្បន្ន​រថយន្ត និង​ម៉ូតូ​​ត្រូវ​បាន​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​​ខេត្ត​រង់​ចាំ​ធ្វើ​ការ​​ដោះ ​ស្រាយ ។ បើ​តាម​ប្រភព​ព័ត៌​មាន​ចុង​ក្រោយ​​ពី​​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា យុវ​សិស្ស​រង​គ្រោះ​ម្នាក់​ឈ្មោះ​អ៊ុំ វីតា ត្រូវ​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ​Emergency ខេត្ត​បាត់ដំបង ៕