បន្ទាប់ពីការចូលនិវត្តន៍របស់ Sir Alexferguson ដែលធ្វើអោយកក្រើរញ្ជួយអស់ ពិភពបាល់ទាត់រួចមក ពេលនេះវីរបុរសម្នាក់ទៀត ក៏បានប្រកាសពីការចូលនិវត្តន៍ដែរគឺ David Beckham ។Beckham បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួន នៅលើគេហទំព័រ Facebook របស់គាត់ដោយផ្ទាល់ ។ ក្នុងនោះសំនេរមួយនោះ Beckham បាននិយាយរឿងជាច្រើនក្នុងរយៈពេល ២០ ឆ្នាំមកនេះ ។ Beckham បានថ្លែងអំណរគុណដល់ក្រុម PSG របស់បារាំងដែលបានផ្តល់ឪកាសដល់រូបលោកនៅលេងបន្ត តែវាដល់ពេលដែលលោកត្រូវចាកចេញហើយ ទោះបីជារូបលោក អាចនៅតែអាចលេងបាន ក្នុងលំដាប់ខ្ពស់ក៏ដោយ ។ Beckham ក៏បានរំលឹកអំពីប្រវត្តិ និង មានមោទនភាពផងដែរ ដែលបានធ្វើជាកីឡាកររបស់ Manchester United ដែលជាក្លឹបដំបូងរបស់ខ្លួន ដែលបានបង្វឹក និង បំភ្លឺផ្លូវអោយរូបលោកបាន ដល់សព្វថ្ងៃនេះ ។
Beckham បានថ្លែងអំណរគុណដល់ ឳពុកម្តាយរបស់ខ្លួន ដែលបានជួយជ្រោមជ្រែង និង លើកទឹកចិត្តគាត់រហូតមក ។ Beckham ក៏មិនភ្លេចពីភរិយា Victoria និង កូនៗរបស់លោកនោះទេ ព្រោះពួកគេជាមនុស្សសំខាន់សំរាប់លោក ដែលធ្វើអោយលោកមានទឹកចិត្តលេងបានល្អមកដល់ពេលនេះ ។Beckham បានប្រាប់ថា រូបលោកបានរៀបចំជីវិតថ្មីផ្សេងក្រៅពីបាល់ទាត់រួចរាល់ហើយ លោកកំពុងតែមានអារម្មណ៍សប្បាយចិត្ត ភ័យផងអរផង ព្រោះតែចង់ដឹងថាតើដំណើរជីវិតរបស់លោក និងទៅជាយ៉ាងណា នៅថ្ងៃមុខ ៕

ដោយ ៖ កុសលប្រភព ៖ facebook