ខេត្តពោធិ៍សាត់់​ ៖ ក្រុមរាត្រីចរចំនួន៤នាក់​​កាលពី​យប់​ថ្ងៃទី១៨ ធ្នូ​ ត្រូវបានប៉ូលិសស្រុក​កណ្ដៀងធ្វើការឃាត់ខ្លួនសួរ​នាំដោយសង្សយ័ថា​ជាក្រុមទាក់ឆ្កែពេលយប់​ ព្រោះមានសត្វឆ្កែមួយ​ក្បាល​និងប្រដាប់ឆក់មួយ​គ្រឿងជាភស្តុតាង។ លោកអនុសេនីយ៍ឯកលីវ សេងហ៊ីម អធិការ​រងនគរបាលស្រុកកណ្ដៀងឱ្យដឹងថា បុរសជាប់​សង្ស័យ​​ទាំង​៤នាក់ ១-ឈ្មោះឈីន អាយុ២៩ឆ្នាំ ​នៅភូមិ​ត្រាច ២-ឈ្មោះប៉ែន ធូ អាយុ២៩ឆ្នាំ នៅ​ភូមិ​ព្រៃ​ស្រគុំ ៣-ឈ្មោះលឹម តាំងយូ អាយុ២៩​ឆ្នាំ នៅភូមិបឹងឈូក និង៤-ឈ្មោះកៅ ម៉ាប់ នៅ​ភូមិ​ធ្លក ឃុំស្យា ស្រុកកណ្ដៀងទាំងអស់គ្នា។ សមត្ថ​កិច្ច​បាន​​ឃាត់ខ្លួនពួកគេជាមួយវត្ថុតាង​សត្វ​ឆ្កែមួយក្បាល ប្រដាប់​ឆក់ត្រីមួយគ្រឿង ​ និង​ម៉ូតូជិះធ្វើសកម្មភាព​ចំនួន២គ្រឿងដែលមួយ​គ្រឿង​ម៉ាកគុប៩០ពណ៌​សំបកឪឡឹក​ ពាក់ស្លាក​លេខ​ពោធិ៍សាត់ 1C-1003 និងមួយគ្រឿងទៀត​ម៉ាក​ស្មាស់រីវ៉ូពណ៌ក្រហមលាយស ពាក់ស្លាក​លេខ​​ពោធិ៍សាត់ 1A-8314 ។
ទាក់ទិននឹងការ​ឃាត់​ខ្លួនជនសង្សយ័ទាំង៤​នាក់នេះលោកអធិការរងឱ្យដឹងថា កាលពីវេលា​ម៉ោង៨យប់ថ្ងៃទី១៨ ធ្នូ ២០១០ ​ខណៈពេល​នគរ​បាល​ប៉ុស្តិ៍ស្វាយលួង និងកំលាំងប្រជាការ​ពារដើរ​ល្បាត​ដល់ចំណុចភូមិរោងម៉ាស៊ីន ស្រាប់​តែ​ឃើញបុរសពីរនាក់ជិះម៉ូតូអោបសត្វឆ្កែមួយ​ក្បាលក្នុងសភាពស្រវឹងស្រាហើយមានប្រដាប់​ឆក់មួយគ្រឿងនៅលើ ម៉ូតូនោះទៀតផង។ ដោយ​មានការសង្សយ័សមត្ថកិច្ចយើងក៏ហៅឱ្យ​ឈប់​ដើម្បី​​សួរនាំ​ទើបឈានទៅឃាត់ខ្លួនបក្សពួក​២​នាក់ទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ​ឈីន បានសារភាពថា នៅយប់ថ្ងៃទី១៨ ធ្នូ នោះខ្លួននិងបក្សពួក៣នាក់ខាងលើបាននាំគ្នា​ផឹកស៊ី​នៅទំនប់ក្បាលហុងចារឹក ឃុំស្យារហូត​ដល់​​ម៉ោង​៧និង៣០នាទីទើបនាំគ្នាបន្ត​ដំណើរ​ទៅ​ច្រៀងខារ៉ាអូខេនៅហាងមួយម្ដុំភូមិ​តាស្ដី ឃុំវាល ​ដោយខ្លួនជិះម៉ូតូ២នាក់ប៉ែន ធូ ឯលឹម តាំងយូ​ ជិះ​ជាមួយកៅ ម៉ាប់។ ពេលធ្វើ​ដំណើរ​ដល់ភូមិ​យស ឃុំកណ្ដៀង ខ្លួនបានឈប់​ម៉ូតូ​នោម​នៅទី​នោះហើយឈ្មោះ​លឹម តាំងយូ និង​កៅ ម៉ាប់ បានជិះទៅមុន។​ខណៈពេល​កំពុង​ឈរ​នោមនោះស្រាប់តែសត្វឆ្កែ​មួយក្បាលបាន​មក​ហិតជើងរបស់គេ។ ដោយ​ឃើញសត្វឆ្កែនោះ​ស្លូត​ខ្លួនក៏ចាប់អោបដាក់លើ​ម៉ូតូជិះយកមកតែ​ម្ដង។ ជនសង្ស័យរូបនោះបន្ត​ទៀតថា ​ពេលមក​ដល់ត្រង់ចំណុចភូមិរោងម៉ាស៊ីន ​សត្វ​ឆ្កែនោះ​រើខ្លាំងពេកខ្លួន និងប៉ែន ធូ ក៏ឈប់ម៉ូតូ​រួចវាយ​ក្បាល​ឆ្កែ៣-៤ដំបងឱ្យវាស្រងល់ ស្រាប់តែ​ពេល​នោះ​សមត្ថកិច្ចបានហៅសួរនាំតែម្ដង។ ជន​សង្ស័យរូបនោះបន្តទៀតថា សត្វឆ្កែនេះខ្លួនមិន​បានប្រើប្រដាប់ឆក់ដើម្បីចាប់ទេហើយក៏គ្មាន​បំណងចាប់ដែរ ប៉ុន្តែដោយសារវាស្លូតពេកក៏​ចាប់​យកតែម្ដង។
លោកវរសេនីយ៍ត្រី ឈន រិទ្ធ អធិការនគរ​បាលស្រុកកណ្ដៀងឱ្យដឹងថា ជនសង្ស័យទាំង៤​នាក់ខាងលើយើងនឹងបញ្ជូនទៅសាលាដំបូងខេត្តតែពីរនាក់ទេគឺឈ្មោះឈីន និងឈ្មោះប៉ែន ធូ ដែលជាអ្នកប្រព្រឹត្តផ្ទាល់ ឯពីរនាក់ទៀតគឺឈ្មោះ​លឹម តាំងយូ និងកៅ ម៉ាប់ មិនបានដឹងរឿងទេ​នឹងដោះលែងវិញ។ លោកបន្តទៀតថា សព្វថ្ងៃ​នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍​ត្រីសារុន ចាន់ធី ស្នងការនគរបាល​ខេត្ត​ពោធិ៍សាត់លោកបានដាក់វិធានការយ៉ាងតឹងរ៉ឹង​បំផុតដល់កំលាំងនគរបាលគ្រប់ប៉ុស្តិ៍ឱ្យសហការ ​ជាមួយកំលាំងប្រជាការពារតាមភូមិក្នុងការដើរ​ល្បាតពេលយប់ ដើម្បីបង្ក្រាបចោរលួចចោរប្លន់ មុខសញ្ញាទាក់ឆ្កែ មុខសញ្ញាគ្រឿងញៀន និងមុខ​សញ្ញាក្មេងទំនើងជាដើម ៕ ​