ខេត្ត​កំពង់ធំ ៖ កាល​ពី​រសៀល​ថ្ងៃទី២១ ធ្នូ នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ​មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ចំនួន​២​លើក​​ បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ ដោយ​​រថ​យន្ត​​បុក និងរបួស​ធ្ងន់​២នាក់​ដោយ​ជិះម៉ូតូ​ទៅបុក​រទេះ​គោ​ដឹក​កណ្តាប់ស្រូវ​រហូត​ក្រឡាប់​រទេះ​ ។ តាម​របាយ​​ការណ៍​របស់សមត្ថកិច្ច​ស្រុក​កំពង់​ស្វាយ​ ​បានប្រាប់​​តាម​ទូរ​ស័ព្ទ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី២១ ធ្នូ វេលា​ម៉ោង​៥ និង២០​នាទី​​ល្ងាច​នៅ​តាម​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​​ចំណុច​ភូមិ​ឈើ​ទាល ឃុំត្បែង មានកើត​ករណីគ្រោះ​ថ្នាក់​ចរា​ចរ​១​លើក បង្ក​ឡើង​ដោយ​រថ​យន្ត​ម៉ាក​ទីតាន់​ ពណ៌​ខៀវ ចំណុះ​២​តោន​កន្លះ​១គ្រឿង ​ពាក់​ស្លាក​លេខ​ញ ០១៦០ ភព៣ បានជ្រុល​ល្បឿនទៅបុក​ក្មេង​ប្រុស​​ម្នាក់ ​បណ្តាល​ឱ្យ​ស្លាប់។ មុនពេលកើ​ត​ហេតុ​ គេ​ឃើញ​រថ​យន្ត​ខាង​លើ​ ដឹកស្រូវ​ពេញ​បើក​បរ​ដោយ​ឈ្មោះ​រិន រឹម ​​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់​នៅ​ភូមិ​ព្រៃ​​ព្រាល (ក) ឃុំ​ត្រពាំងប្ញ​ស្សី ស្រុក​កំពង់​ស្វាយបើក​បរ​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពីកើត​​ទៅ​លិច ។ លុះ​មក​ដល់​​ចំណុច​កើត​ហេតុ​​ ស្រាប់​តែ​មានក្មេង​ប្រលែង​គ្នាលេង​ ហើយ​រត់​ឆ្លង​ថ្នល់​ធ្វើ​ឱ្យ​អ្នក​បើកបរ​រថ​យន្ត​​គេ​ចមិន​ទាន់ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​​ប្រុស​ឈ្មោះ​ឃន ស៊ី​ណែត អាយុ​៥​ឆ្នាំ ​រស់​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ខាងលើ បណ្តាល​ឱ្យ​បែក​ក្បាល​ស្លាប់​ភ្លាមៗ នៅ​​នឹងកន្លែង​កើត​ហេតុ​ ហើយ​រថ​យន្ត​ក៏​ជ្រុល​ល្បឿន​ធ្លាក់ថ្នល់​ក្រឡាប់តែម្តង ចំណែក​អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ ។
លុះ​ដល់​វេលា​ម៉ោង​៥និង​៣០​នាទី​​ល្ងាចថ្ងៃ​ដដែល​នោះ នៅ​តាម​​ផ្លូវ​ជាតិ​លេខ​៦ ចំណុច​ភូមិ​រូង ឃុំត្រពាំងប្ញស្សី ស្រុក​កំពង់​ស្វាយ មាន​កើត​ករណីគ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយករណី​ទៀត រវាង​ម៉ូតូ​ និង​រទេះ​គោ បណ្តាល​ឱ្យរង​របួស​ធ្ងន់២​នាក់ ។ មុន​ពេល​កើត​ហេតុ គេ​ឃើញ​ឈ្មោះ​ឃាន សុឃីម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​​រស់​នៅ​ភូមិស្នោ ឃុំត្រពាំង​ប្ញស្សី ស្រុកកំពង់​ស្វាយ ​​បន្ទាប់​ពី​ស៊ី​ផឹក​ស្រវឹង ​ហើយ​បាន​បើក​បរ​ម៉ូតូ​ធុន​សេ១០០​កូរ៉េ ពណ៌ស្លា​ទុំ ​យ៉ាងលឿន ពីកើត​ទៅលិច ។ លុះ​ម​ក​ដល់​ចំណុច​កើត​ហេតុ ក៏ជ្រុល​​ល្បឿន​ទៅ​បុក​ពី​ក្រោយ​រទេះ​គោ​កំពុង​បរ​ដឹកកណ្តាប់ស្រូវ​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​សត្វ​គោ​ផ្ អើល​ក្រឡាប់​រទេះ​ ហើយ​ជាន់​លើ​អ្នកបរ​ទេះ​ឈ្មោះ​ភន សុផាត ​ភេទ ប្រុស អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំកើតហេតុ​​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ។ ​ចំណែក​អ្នកបើក​បរ​ម៉ូតូ​បង្ក​ហេតុ ​ក៏​រង​របួស​ធ្ងន់​​ដែរ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯក​ជន​ ។ បច្ចុប្បន្នវត្ថុ​តាងម៉ូតូ និងរទេះ ត្រូវ​​សមត្ថ​កិច្ច​​នាំមករ​ក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​​​ស្រុក​​កំពង់​ស្វាយ ដើម្បី​កសាង​សំណុំ​រឿង​​ចាត់​ការ​តាម​នីតិ​វិធី ៕