ខេត្តកំពត ៖ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងម៉ូតូ C125 ស៊េរីឆ្នាំ២០១០ និងរថយន្តធុនធំកង់១២ យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនឯកជនមួយ ដឹកធ្យូងថ្មឱ្យក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ទូកមាស បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង និងម៉ូតូមួយគ្រឿងត្រូវខូចខ្ទេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ នៅចំណុចផ្លូវបំបែកចំណតរថយន្តចាស់ មុខហាងម៉ូតូស៊ុយហ្ស៊ុយគីប្រមាណ១០ម៉ែត្រ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងជាង១១យប់នោះ មានម៉ូតូ C125 ស៊េរីឆ្នាំ២០១០ មួយគ្រឿង បើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវបំបែក (កន្លែងកើតហេតុ) គេឃើញរថយន្តធុនធំមួយគ្រឿងដោយផ្ទុកធ្យូងថ្មពេញទ្រុង បើកក្នុងគោលដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា លើកំណាត់ផ្លូវជាតិលេខ៣ ។ ពេលនោះស្រាប់តែម៉ូតូបានបុកចំពីមុខ យ៉ាងពេញទំហឹង បណ្តាលឱ្យក្រពិតកាងមុខរថយន្ត ចំណែកម៉ូតូត្រូវខ្ទេចទាំងស្រុង រីឯអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយអ្នកបើកបរថយន្តបានឈប់រថយន្តរត់គេចខ្លួនបាត់ ។
ក្រោយពីពិនិត្យកន្លែងកើតហេតុរួច ប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកខេត្តឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះលី គឹមហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ឯម៉ូតូធុន C125 ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌កណ្តុរល្មែះ ឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-9109 ជារថយន្តដឹកធ្យូងថ្ម នៅរោងចក្រស៊ីម៉ង់ត៍ទូកមាស របស់ក្រុមហ៊ុនឯកជនមួយ ។ មន្ត្រីប៉ូលិសបន្តទៀតថា ក្រោយពីការពិនិត្យវាស់វែងរួច ប៉ូលិសបាននាំយកយានយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ ដ្ឋានខេត្ត រង់ចាំម្ចាស់ក្រុមហ៊ុន និងគ្រួសារសពចូលមកដោះស្រាយគ្នាតាមច្បាប់ រីឯសពយុវជនរងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ មន្ត្រីប៉ូលិសបាននិយាយប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់នេះ គឺម៉ូតូបុករថយន្តក្នុងខណៈអ្នកបើកបរម៉ូតូមានជាតិស្រវឹងផង ។ គួររំលឹកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២២ ធ្នូ នៅក្រុងកំពត កើតឡើងរវាងម៉ូតូ និងម៉ូតូ ព្រមទាំងម៉ូតូនិងរថយន្តមាន៤លើក ប៉ុន្តែក្រៅពីនោះ គ្រាន់តែបង្ករបួសស្នាមមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ៕
