ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែល​អះអាង​ថា ​ខ្លួន​ជា​ភ្នាក់ងារ​​កាសែតនៅអង្គភាព​ «ក្រុង​កម្ពុជា​» ​បានត្រូវ​កំលាំង​នគរបាល​​ចាប់ខ្លួន កាល​ពីល្ងាច​ថ្ងៃទី​​១៧ ធ្នូ ​នៅ​​​​ភូមិ​​គីឡូ​​​១៣ ឃុំ​​សន្តិភាព ស្រុកសំពៅលូន ​ក្រោយពី​សង្ស័យ​ថា ​បុរសនេះ​​មានពាក់ព័ន្ធ​​នឹងការ​លក់​ដូរ​ថ្នាំ​​ញៀន​ចំនួន​៤០​គ្រាប់ ​ដែលសមត្ថកិច្ច​​រកឃើញ​​នៅជាប់​នឹង​ខ្លួន​ជននេះ ពេលធ្វើការ​​ឆែក​ឆេរ​​​ភ្លាមៗ ។​ លោកឈិត សេង នាយ​ផ្នែក​នគរបាល​​ព្រហ្ម​ទណ្ឌ​​នៃអធិការដ្ឋាន​​ស្រុកសំពៅលូន ​បាន​​ឱ្យ​​ដឹង​​​ថា ​ជនសង្ស័យ​​ដែលអះអាង​ខ្លួន​ថា ជា​អ្នកកា​សែត​​ ហើយ​ត្រូវ​បាន​ចាប់ខ្លួននេះ​ឈ្មោះ​​ឡេង វុទ្ធី​ ​អាយុ​​៤០​ឆ្នាំ រស់នៅ​ភូមិ​ល្វា ​ឃុំបឹង​​បេង ស្រុក​ម៉ា​ឡៃ ​ខេត្ត​បន្ទាយមានជ័យ ។ ​​ជននេះ​ជា​មុខ​សញ្ញា​​ចែកចាយ​ថ្នាំ​ញៀន ដែល​​តែ​ងនាំ​​យក​ពីស្រុក​ម៉ា​ឡៃ ​ទៅលក់​ដូរនៅ​​ក្នុងស្រុក​សំពៅ​លូន ​ហើយ​សមត្ថ​កិច្ច​​ស្រុកសំពៅលូន ​បានតាម​​ប្រមាញ់​​ជាបន្តបន្ទាប់ ​តែជននេះ​​នៅតែ​មាន​វាសនា​​​គេច​ផុត​​រហូត​​ ទើបតែ​​​ពេលនេះ យើង​​ស្ទាក់​ចាប់​​បាន​តាម​ផ្លូវ​​ ខណៈ​​​​ព្យា​យាម​យកថ្នាំ​ទៅលក់បន្ត ហើយ​​យើង​​រកឃើញ​​​ថ្នាំញៀន​​ប្រភេទ​​មេ​តំហ្វេ​តាមីន​​ចំនួន​៤០គ្រាប់ ​ដែលជននេះ​លាក់​ទុក​ជាប់​ខ្លួន ។​
ជនសង្ស័យ​​ឈ្មោះ​​ឡេង វុទ្ធី ​បាន​ប្រាប់​សមត្ថ​កិច្ច​​ថា ខ្លួន​ជា​ភ្នាក់​ងារ​កាសែត​នៅអង្គ​ភាព «ក្រុង​កម្ពុជា​» ប៉ុន្តែ​​ប័ណ្ណ​សំគាល់ខ្លួន​ដែលអង្គ​ភាព​​​ចេញ​ឱ្យ​នោះ​បាន​ផុត​កំណត់​​រយៈ​ពេល​​១​ខែ​ហើយ ​ដោយសារតែខ្លួន​​​ខក​ខាន​មិនបានទៅធ្វើ​ប័ណ្ណ​​​​សំគាល់ខ្លួន​បន្ត​ទៀត។ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​៤០គ្រាប់ ​ដែល​នាំ​ឱ្យ​សមត្ថ​កិច្ច​​​ចាប់ខ្លួន​ជននេះ​និយាយ​ថា ខ្លួនគ្រាន់​​​តែ​កាន់​លក់​បន្តពីគេ​​​ប៉ុណ្ណោះ ។​​ ​​​លោកឈិត សេង ​បាន​បញ្ជាក់​ថា អ្នក​​​កាសែត​ត្បាញ​អាយ​​រូបនេះ ​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​ហើយនៅខេត្ត​បន្ទាយមានជ័យ ​ពីរឿង​លក់​ដូរ​ថ្នាំ​ញៀន​នេះដែរ​ ប៉ុន្តែក្រោយ​​​ពេល​ចេញពី​ពន្ធនាគារ​ជននេះ​មិន​រាង​ចាលទេ ​នៅតែ​បន្ត​ប្រកប​​របរ​នេះទៀត ។ ​មិន​តែប៉ុណ្ណោះ ​ថែមទាំង​អះ​អាង​ថា ខ្លួនជាអ្នក​កាសែត​​ទៀត​ផង​ ធ្វើ​ឱ្យ​ខូចកេរ្តិ៍​ឈ្មោះ​អ្នកកាសែត​ទូទៅ​ដែលពួក​គេ​​មាន​អាជីព​​ពិតប្រាកដ ។ ទោះ​បី​ជាបែបណា ជន​សង្ស័យ​​នេះត្រូវបានកសាង​​សំណុំរឿង​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​​​ខេត្ត ដើម្បីចាត់ការ​​បន្ត​តាម​ច្បាប់ ៕​