ខេត្តបន្ទាយមានជ័យ ៖ ព្រឹកមិញនេះ (ថ្ងៃទី៣១ ធ្នូ ២០១០) ក្រុមមន្ត្រីយោធាកម្ពុជា-ថៃ (ភូមិភាគ៥កម្ពុជា-ភូមិភាគ១ថៃ) បានជួបប្រជុំគ្នានៅក្នុងខេត្តស្រះកែវ ដែលប្រធានបទក្នុងជំនួបនោះ គេមិនដឹងថា ពិភាក្សាអំពីអ្វីទេ ប៉ុន្តែគេយល់ថា ក្រុមមន្ត្រីយោធាប្រាកដជានិយាយគ្នាអំពីកិច្ចសហប្រតិបត្តិការ, ទំនាក់ទំនងល្អ និងពិនិត្យបង្គោលឡាក់លេខ៤៦ និង៤៧ នៅចំណុចដែលទាហានការពារព្រំដែនកម្ពុជាចាប់ពលរដ្ឋថៃ៧នាក់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ព្រឹកថ្ងៃទី៣១ ធ្នូ ២០១០ នេះ ក្រុមអ្នកគាំទ្រអាវលឿង ប្រមាណ១០០នាក់ ជិះឡានជាង២០គ្រឿង បានធ្វើដំណើរមកកាន់ភូមិណងច័ន្ទ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ដើម្បីត្រួតពិនិត្យមើលបង្គោលឡាក់ព្រំដេនលេខ៤៦ ប៉ុន្តែត្រូវបានអាជ្ញាធរ និងទាហានថៃបណ្តេញឱ្យត្រឡប់ទៅវិញ ព្រោះពួកអាវលឿងនេះមកបង្កភាពរញ៉េរញ៉ៃ...ប៉ុន្តែមុនពេលត្រឡប់ទៅវិញ ពួកអាវលឿងនិយាយថា ពួកគេនឹងទៅហៅមនុស្សមកកាន់ទីនេះឱ្យបានរាប់ពាន់នាក់ ។
មកដល់រសៀលម៉ោង៣ថ្ងៃដដែល ក្រុមមន្ត្រីយោធាកម្ពុជា-ថៃ (ភូមិភាគ៥កម្ពុជា-ភូមិភាគ១ថៃ) ដែលជួបប្រជុំគ្នានៅក្នុងខេត្តស្រះកែវនោះ នៅមិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងពីលទ្ធផលយ៉ាងណានោះទេ...ប៉ុន្តែតាមគំរោងថា ពេលបញ្ចប់កិច្ចប្រជុំពួកគេទាំងពីរភាគីនឹងនាំគ្នាមកកាន់ភូមិណងច័ន្ទ(ថៃ) ទល់មុខភូមិជោគជ័យ (កម្ពុជា) ដើម្បីពិនិត្យមើលខ្សែបន្ទាត់ព្រំដែន ជាពិសេសបង្គោលឡាក់លេខ៤៦ និង៤៧ ដោយមានក្រុមអ្នកកាសែតជាច្រើននាក់រង់ចាំថតរូប និងយកព័ត៌មានផងដែរ ៕