រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​ថៃ លោក​កាស៊ីត​ភិរម្យ ​​បានជួបសវនាការ​​ជាមួយលោកហោ ណា​ហុង ​ឧបនាយករដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​​ក្រសួងការ​បរទេស នៅទីស្តី​ការ​ក្រសួង​​ការបរទេស​​​កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃចន្ទ ទី​​២០ ធ្នូ ​២០១០ ​ធ្វើ​ឡើង​នៅ​​​ក្រោយ​មួយ​ថ្ងៃ​​បន្ទាប់ពី​​កម្ពុជា​-ថៃ ​បាន​ប្រារព្ធ​​​ពិធីអប​អរ​សាទរ​​ខួប​អនុស្សា​​វរីយ៍​លើក​ទី​៦០​នៃទំនាក់​ទំនង​ការទូត​រវាង​​ប្រទេស​ទាំង​ ​២​នៅ​ស្ថាន​ទូត​​ថៃ​ប្រចាំ​​​កម្ពុជា កាលពីល្ងាច​​ថ្ងៃ​អាទិត្យ​​ម្សិលមិញ​នេះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បាន​ស្នើ​​​​ទៅរដ្ឋាភិបាល​​ថៃ​ថា សូម​ឱ្យ​​មាន​កិច្ច​ពិភាក្សា​​​គ្នាឡើងវិញ ស្តីពីការធ្វើ​​អាជីវ​កម្ម​​​រ៉ែ ប្រេង និង​ឧស្ម័ន ក្នុង​ដែនសមុទ្រ​​​នៃប្រទេស​​ទាំង​​២​​ បើ​កិច្ច​ដំណើរ​ការ​នេះ​​កាន់តែ​ឆាប់​កាន់តែ​ល្អ ។ ប៉ុន្តែ​​លោក​កាស៊ីត ភិរម្យ ​បានឆ្លើយ​តប​ថា ភាគីថៃ​​សូម​​អញ្ជើញ​​​លោក​ឧ​ប​នាយករដ្ឋ​មន្ត្រី​​​សុខ អាន ដែល​ទទួលខុសត្រូវ​​ចំពោះ​កិច្ច​ការ​នេះ​ទៅ​ពិភាក្សា​​​​​នៅក្រុងបាង​កក​វិញ ។ គួររំលឹក​ឡើងវិញ​ថា ​កាលពី​ប្រមាណ​​១​ឆ្នាំ ​កន្លងទៅនេះ ​ក្រុមហ៊ុន​​បារាំង​តូតាល់ ​មាន​បំណង​ចាប់​ផ្តើម​​​រុករក​ប្រេង​​នៅលើ​ដែន​​សមុទ្រ ​បន្ទាប់​​ពី​រដ្ឋាភិបាល​​កម្ពុជា​បាន​ប្រគល់​​សិទ្ធិ​​ផ្តាច់​មុខ​​ ប៉ុន្តែ​ត្រូវ​អាក់​ខាន​វិញ ដោយភាគី​​ថៃបង្ក​​ភាពចំរូង​សំរាស ។
លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​បាន​ស្នើ​​ផងដែរ ទៅសភា​ថៃ​​​ឱ្យអនុម័ត​​កិច្ចព្រម​ព្រៀង​​ព្រំដែន​​ឱ្យបាន​​ឆាប់ និងស្នើ​សុំ​​កុំ​ឱ្យ​ភាគីថៃប្រើ​អំពើ​ហិង្សា​​លើ​ប្រជាពលរដ្ឋ​ខ្មែរ​...​គោរព​សិទ្ធិ​​​មនុស្ស និង​​ច្បាប់​​អន្តរជាតិ ។​ លោកកាស៊ីត ភិរម្យ ​បានមាន​ប្រសាសន៍​ថា ​សភា​ថៃ​​កំពុង​​ពិនិត្យមើល​​​កិច្ចព្រមព្រៀង​នោះ​ហើយ ប៉ុន្តែ​បើ​មិន​ជាប់​ទាក់ទង​នឹង​មាត្រា​​១៩០ នៃរដ្ឋ​​ធម្មនុញ្ញ​​ថៃ​ទេ រដ្ឋាភិបាល​នឹង​ដោះស្រាយ​​ដោយខ្លួនឯង ដោយមានការតែង​តាំង​​មន្ត្រី​ពិសេស​មួយក្រុម​​សំរាប់ដោះស្រាយ​បញ្ហា​​ព្រំ​ដែន។ ឯ​បញ្ហា​ថា ភាគីថៃ​​ប្រើ​​ហិង្សា​​បាញ់សំលាប់​​ពលរដ្ឋ​ខ្មែរ​​ លោកកាស៊ីត ភិរម្យ ​បានសន្យាថា​នឹង​ពិភាក្សា​​គិតគូរ​​ពីរឿងនេះ ។​ លោករដ្ឋ​មន្ត្រី​​ការបរទេស​ថៃ ​កាស៊ីត​ ភិរម្យ​​បាន​មក​ដល់​ប្រទេស​កម្ពុជា​​កាលពីវេលាម៉ោង​​​១០​ព្រឹកថ្ងៃទី​​​១៩ ​ធ្នូ ដើម្បី​ចូលរួមក្នុង​​ពិធីអបអរ​សាទរ​ខួប​ឆ្នាំ​ទី​៦០ ​នៃ​ទំនាក់ទំនង​​ការ​ទូត​កម្ពុជា​-ថៃ ។ ​​តាមគំរោង​​​លោក​កាស៊ីត ភិរម្យ ​នឹង​ចូល​គាល់​​ព្រះ​មហាក្សត្រ​​ខ្មែរ ​នរោត្តម ​សីហមុនី ​និង​ចូល​ជួបសំដែង​ការ​គួរសម​​ជាមួយសម្តេច​​អគ្គ​មហាសេនា​​បតីតេជោ​ហ៊ុន សែន ​ផងដែរ ។​
គួរបញ្ជាក់​​ថា កិច្ច​សហប្រតិបត្តិការ​​ទាំង​ផ្នែក​​សេដ្ឋ​កិច្ច និង​ការទូត​រវាង​ប្រទេស​កម្ពុជា​-ថៃ ​បាន​ចាប់ផ្តើម​​វិលទៅរក​ប្រក្រតីភាព​ឡើងវិញ ​ក្នុង​រយៈ​​ពេលជិត​​២ខែ​មក​នេះ គឺជា​ផ្លែ​ផ្កា​​​នៃ​ជំនួប​រវាង​​ប្រមុខ​រាជរដ្ឋាភិាល​​​នៃ​ប្រទេស​ទាំង​​២ សម្តេច​​តេជោ ហ៊ុន សែន ​​និង​លោក​អាប់ភីស៊ីត ​វេចាជីវ៉ា ​ដែលបានជួបគ្នា​​​ជាច្រើនលើក ​នៅ​ក្រោយ​​វេទិកា​​ប្រជុំ​លក្ខណៈ​តំបន់ និង​ពិភព​លោក ដូចជា​​នៅ​បុរីញូវយ៉ក​​ សហរដ្ឋអាមេរិក ​ទីក្រុង​​ប្រ៊ុច​​ស៊ែល ​ប្រទេ​សបែលហ្ស៊ិក ហាណូយ ​ប្រទេស​វៀតណាម ​និង​ក្នុង​រាជ​ធានីភ្នំពេញ កាល​ពីពេលថ្មីៗ​នេះ​ ។ ជាមួយ​​នឹង​ទំនាក់ទំនង​​ការទូត​មាន​​ភាព​ប្រសើរ​ឡើង​​​វិញនោះ ​ប្រទេសទាំង​២​​ក៏បានរៀប​ចំ​ការ​​ប្រគំតន្ត្រី​​​ និងសំដែង​​សិល្បៈ​រួម​គ្នា ដែល​បាន​ធ្វើ​​ឡើងក្នុង​ទីក្រុងបាង​កក​ កាលពី​ពាក់​កណ្តាលខែ​​វិច្ឆិកា និង​ក្នុងរាជធានីភ្នំពេញ​ កាលពី​​រសៀល​​ថ្ងៃទី​​១៨ ធ្នូ ​កន្លងមក​នេះ ​ផងដែរ ៕​