លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រថៃ រួមនិងតំណាងរាស្រ្តគណបក្សភឿថៃ ថ្នាក់ដឹកនាំក្រុមអាវក្រហម និងប្រជាពលរដ្ឋថៃអាវក្រហមប្រមាណ ៥ម៉ឺននាក់ បានមកទីក្រុងប្រវត្តិសាស្ត្រ សៀមរាប ប្រកបដោយសុខសួស្តី ក្រោមសេចក្ដីសន្ដោសប្រណី ពី សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ទីតាំងយ៉ាងល្អ និងប្រកបដោយសុខសុវត្ថិភាពខ្ពស់បំផុត សម្រាប់ការស្នាក់នៅ និងរៀបចំវេទិកាជួបជុំ ធ្វើបុណ្យទានតាមប្រពៃណី បែបព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្លងមហាសង្រ្កាន្ដ។

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃដ៏មានប្រជាប្រិយភាព បានមកដល់ក្រុងសៀមរាប តាមការគ្រោងទុករូចហើយកាលពីវេលាព្រឹក ថ្ងៃទី១៤មេសា២០១២ ដោយមានក្រុមអាវក្រហមប្រមាណជាង៥ម៉ឺននាក់ ជាមួយក្រុមមន្ដ្រីអាជ្ញាធរកម្ពុជាជាច្រើននាក់ទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅ ខណៈលោកថាក់ស៊ីនធ្វើដំណើរចុះពីយន្ដហោះពិសេសផ្ទាល់ខ្លួនរបស់លោកនៅក្រុង សៀមរាប។

ព្រឹកព្រលឹមថ្ងៃទី១៥ មេសា ឆ្នាំ២០១២ ប្រជាជនថៃរាប់ម៉ឺននាក់បានមកជួបជុំគ្នានៅទីលានខាងមុខប្រាង្គប្រាសាទអង្គរវត្ត ដើម្បីបានជួបសម្ដែងការគួសម ចំពោះ លោក ថាក់ ស៊ីន ជាថ្មី និងបានប្រគេនចង្ហាន់បិណ្ឌបាត ចំពោះព្រះសង្ឃ ព្រមទាំងស្រោចស្រង់ទឹកមន្ដគិរី សិរីសួស្ដីឆ្នាំថ្មី។ បន្ទាប់មកលោក ថាក់ ស៊ីន បានធ្វើដំណើរចូលក្នុងហ្វូងមហាជនថៃដែលកំពុងរងចាំចង់ជួបលោកយ៉ាងខ្លាំង ក្នុងពេលដែលកំពុងបន្តបាញ់ ជះទឹកមន្តនោះ។ បន្ទាប់មកទៀតលោកបានផ្ដល់នូវសេចក្ដីសម្ភាស និងផ្ញើរសារទៅជនរួមជាតិថៃ នៅចំពោះមុខសារព័ត៌មានថៃ ព័ត៌មានជាតិ-អន្តរជាតិយ៉ាងពិស្ដារ។