ក្រុងប៉ោយប៉ែត​ ៖ ​កាលពីរសៀល​ថ្ងៃទី​​១៨ ធ្នូ ​មន្ត្រីជំនាញ​​កាំ​កុងត្រូល​​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត ​សហការជាមួយ​មន្ត្រី​ប៉ូលិស​​អន្តោ​ប្រវេសន៍​ និង​មន្ត្រី​​គណៈ​កម្មការ​ច្រក​ទ្វារ​​​បាន​ចាប់​យក​សាច់មាន់​​ខូចគុណ​ភាព​ដែល​​​ក្រុមឈ្មួញ​​លួច​នាំចូល​ ពីប្រទេស​សៀម​ តាមច្រក​​ប៉ោយ​ប៉ែត​​ចំនួន​​​១០០គីឡូក្រាម ​យកទៅ​ដុត​កំទេច​​ចោល។ តាម​ការ​បំភ្លឺ​​ពីលោក​ស៊ាន​​ ស៊ីណាត ​អនុ​ប្រធាន​​សាខា​កាំ​កុងត្រូល​ខេត្ត និងជា​ប្រធាន​​ក្រុម​មន្ត្រីជំនាញ​ឈរជើង​មាត់ច្រក​ប៉ោយប៉ែត ​បាន​ឱ្យ​​​ដឹងថា រាល់មុខ​ទំនិញ​រួមទាំង​អាហារខូច​គុណ​ភាព​​ ​ជា​ពិសេស​​គឺ​​ សាច់មាន់​នេះ​តែ​ម្តង ដែល​​​រាជ​រដ្ឋាភិបាល​​​បាន​ហាមឃាត់​មិន​ឱ្យ​​មាន​​ការ​លួច​នាំចូលពីប្រទេស​ជិត​ខាងឡើយ ។ លោក​និង​មន្ត្រី​​​ជំនាញ​របស់​លោក បាន​​ខិតខំ​យក​ចិត្តទុក​ដាក់​​បំផុត​ក្នុងការ​​ទប់ស្កាត់​​ ដោយ​មិន​អនុញ្ញាត​​ឱ្យពួក​​គេ​លួចនាំ​​ចូលមក​​ក្នុងស្រុកខ្មែរ​​បាន​ឡើយ ឱ្យតែ​​មន្ត្រី​ជំនាញ​​លោកត្រួតពិនិត្យ​​ និងឆែកឆេរ​​រកឃើញ​​នោះ​នឹង​​ចាប់យក​​ទៅ​ដុត​កំទេច​ចោល​ភ្លាម​ ។
លោក​ស៊ាន ស៊ីណាត ​​បាន​បញ្ជាក់​​ថា ចំពោះ​សាច់មាន់​​ខូច​គុណភាព​ចំនួន​១០០គីឡូក្រាម ​ដែល​មន្ត្រី​ជំនាញ​​របស់​លោក​យក​ទៅដុត​កំទេច​ចោល​នា​ពេលនេះ​គឺ​​​ បាន​​ឆែកឆេរ​​​រកឃើញ​នៅ​ក្នុងរទេះ​​របស់​កម្មករ ហើយ​ម្ចាស់​ផ្ទាល់​​​មិន​បាន​​ចេញ​មុខ​មក​ជួប​​​​​មន្ត្រីជំនាញ​ទេ​ គឺ​ពួកគេ​​រកស៊ី​​របៀប​​លោតឆត្រ​​តែម្តង ។ ​ការលួចនាំ​​ចូល​ផលិត​ផល​​ខូចគុណភាព​​មក​ក្នុង​​ប្រទេ​ស​យើង​បែបនេះ គឺក្រុម​ឈ្មួញ​ខិល​ខូច​ទាំងនោះ​​គិតតែ​​ពីប្រាក់​ចំណេញ​ប៉ុណ្ណោះ​មិន​បាន​គិត​ពី​ផល​​ប៉ះពាល់​​​ដល់​សុខភា ព​របស់​ពលរដ្ឋ​​ឡើយ​​ ដូច្នេះ​​​ឱ្យ​តែ​សមត្ថ​កិច្ច​​​ចាប់​​បាន​ត្រូវតែ​យក​ទៅ​​ដុត​កំទេច​ចោល ៕​