ក្រោយពេលដែល ហ្វ្រេស៊ីប៊យចំណាត់ថ្នាក់លេខ៤ប្រចាំឆ្នាំ២០១២ សុខ វីរៈ ស្លាប់ដោយសារការធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពាន ជ្រោយចង្វារភ្លាមនោះ រូបថតយុវតីវ័យក្មេងម្នាក់ ត្រូវបានគេបង្ហោះតាមបណ្តាញហ្វេសប៊ុកដោយភ្ជាប់ជាមួយនឹងរូបថត សុខ វីរៈ ដោយគេបានអះអាងថា យុវតីរូបនោះជាសង្សាររបស់ សុខ វីរៈ ហើយក៏ជាអ្នកដែលធ្វើឲ្យ សុខ វីរៈ ខូចចិត្តឈានដល់ការសម្លាប់ខ្លួនដែរ។ នៅពេលនេះ ក្មេងស្រីវ័យក្មេងស្រស់សោភារូបនេះ បានចេញមុខបកស្រាយជុំវិញការស្លាប់របស់ សុខ វីរៈ ។
យុវតីដែលគេបង្ហោះរូបភ្ជាប់ជាមួយ សុខ វីរៈ រូបនេះមានឈ្មោះថា ម៉ៃ សុភក្រ្តា អាយុ១៤ឆ្នាំសព្វថ្ងៃជាសិស្សរៀនថ្នាក់ទី៩ នៅវិទ្យាល័យសម្តេចហ៊ុនសែនក្រុង ខេត្តព្រះសីហនុរស់នៅជាមួយនឹងឪពុកឈ្មោះ ម៉ៃ អូន ជាមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ពាក់ព័ន្ធនឹងការស្លាប់របស់ ហ្វ្រេស៊ីប៊យ សុខ វីរៈ យុវតី ម៉ៃ សុភក្រ្តា បានសម្តែងការភ្ញាក់ផ្អើលនៅពេលដែលមនុស្សស្ទើរគ្រប់គ្នានៅខេត្តព្រះសីហនុបានចោទសួរមកកាន់រូបនាងអំពីរឿងនេះហើយនាងកាន់តែភ្ញាក់ផ្អើលនៅពេលដែលឃើញរូបថតរបស់នាងត្រូវបាន ចុះផ្សាយលើទំព័រសារព័ត៌មានដោយត្រូវបានគេអះអាងថាជាសង្សារ របស់ សុខ វីរៈ ។
យុវតីអាយុក្រោមនីតិភាពរូបនេះបានឲ្យដឹងថា នាងក៏ជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ដែរ តែនាងពិតជាមិនធ្លាប់ស្គាល់ សុខ វីរៈ ពីមុនមកទេ សូម្បីតែនៅក្នុងហ្វេសប៊ុកក៏ សុខ វីរៈ និងនាងមិនដែលស្គាល់ និងធ្លាប់លេងហ្វេសប៊ុកជាមួយគ្នាដែរ។ ហេតុអ្វីរូបថតរបស់នាងត្រូវបានគេកាត់តភ្ជាប់ជា មួយសុខ វីរៈ ? ម៉ៃ សុភក្ត្រា បានឲ្យដឹងថា នាងមិនដឹងរឿងនេះទេ ដោយនាងបានបញ្ជាក់ថា រូបថតរបស់នាងនោះពិតជាបានបង្ហោះនៅក្នុងហ្វេសប៊ុកមែន តែមិនដឹងអ្នកណាជាអ្នកកាត់តជាមួយ ហ្វ្រេស៊ីប៊យដែលស្លាប់នោះទេ។
នាងបាននិយាយថា៖«ខ្ញុំលេងហ្វេសប៊ុកមែន តែខ្ញុំអត់ដែលស្គាល់គេម្នាក់នោះទេ។ រូបថតនោះជារូបរបស់ខ្ញុំ មិត្តភក្តិខ្ញុំគេបានអេឌីត( Edit) ឲ្យខ្ញុំ ខ្ញុំបង្ហោះលេង តែមិនដឹងហេតុអីបានជាមានគេយកទៅកាត់តភ្ជាប់ជាមួយគេម្នាក់នោះ ទេ»។
ដោយសារតែខ្លួននៅក្មេងវ័យទើប១៤ឆ្នាំ និងរងផលប៉ះពាល់អារម្មណ៍ពីការដេញដោលរបស់មិត្តភក្តិ និងអ្នកស្រុកអ្នកភូមិផងជុំវិញរឿងដែលខ្លួនមិនបានធ្វើ យុវតីរូបនេះបានសម្តែងនូវអារម្មណ៍ខឹងសម្បា និងខ្មាសអៀនចំពោះអ្នកផងគ្នា។
នាងបញ្ជាក់ថា៖«ពេលឃើញអ៊ីចឹង ខ្ញុំខឹងណាស់ ខ្ញុំចង់បញ្ជាក់ថា ខ្ញុំមិនមែនជាសង្សាររបស់ សុខ វីរៈ ទេ»។
ជាមួយគ្នានោះ លោក ម៉ៃ អូន ដែលមានតួនាទីជាមន្ត្រីកំពង់ផែស្វ័យក្រុងព្រះសីហនុ និងជាឪពុកបង្កើត ម៉ៃ សុភក្ត្រា បានឲ្យដឹងថា លោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញរូបកូនស្រីរបស់លោកនៅ លើទំព័រសារព័ត៌មានទាំងវិបសាយ ទស្សនាវដ្តី និងកាសែតបែបនេះ ខណៈដែលកូនស្រីរបស់លោកមិនបានដឹងសូម្បីបន្តិច និងកំពុងស្ថិតនៅខេត្តព្រះសីហនុ។
លោកនិយាយថា៖ «កូនខ្ញុំអត់ដែលស្គាល់ម្នាក់នោះទេ នាងនៅតែខេត្តព្រះសីហនុរហូតហ្នឹង រូបនោះកូនខ្ញុំប្រាប់ថា ប្រហែលជាគេយកពីអ៊ីនធឺណិតទៅកាត់ត។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ហើយអ្នកភូមិទាំងអស់គេក៏ភ្ញាក់ផ្អើលដែរ»។
លោកបញ្ជាក់ជាថ្មីថា៖ «ខ្ញុំមិនស្គាល់ម្នាក់នោះទេ និយាយរួមគឺមិនដែលពាក់ព័ន្ធនឹងគេតែម្តង»។ ជាមួយនឹងការភាន់ច្រឡំនោះ ម៉ៃ សុភក្ត្រា និងឪពុក បាននិយាយថា អ្នកទាំងពីរសង្ឃឹមថា ភាពភាន់ច្រឡំនេះនឹងត្រូវបានទស្សនិកជនបានជ្រាបច្បាស់នៅពេលនេះ ទាំងអស់គ្នា៕

ដោយ៖ ម៉ូនីកាប្រែសម្រួលពី៖ Postkhmer