ទើបតែអាយុ ២៣ឆ្នាំ ប៉ុន្ដែ Jamal Edwards មានក្រុមហ៊ុនមួយដែលមានតម្លៃ ១២,៨លានដុល្លារ ធ្វើសកម្មភាពផ្នែកបង្កើតវីដេអូ សម្រាប់តារាចម្រៀងល្បីៗ ដើម្បីបង្ហោះនៅលើ YouTube ។Jamal Edwards បានចាប់ផ្ដើមថតវីដេអូ បន្ទាប់ពីពុកម្ដាយទិញកាមេរ៉ាជាកាដូ ក្នុងពិធីបុណ្យ​ចូល​ឆ្នាំសកល កាលពីខ្លួនមានអាយុ ១៥ឆ្នាំ។ Jamal Edwards ស្រឡាញ់កាមេរ៉ានេះជាខ្លាំង ហើយតែង​ប្រើប្រាស់វា ដើម្បីថតសកម្មភាពមិត្ដភ័ក្ដិរបស់ខ្លួន ដែលកំពុងច្រៀង ហើយក្រោយមក បង្ហោះវា​ឡើង​ទៅលើបណ្ដាញ YouTube ដើម្បីឱ្យមិត្តទាំងអស់ងាយស្រួលទស្សនា។

/

Jamal គឺជាម្ចាស់ស្ថានីយវីដេអូ SBTV នៅលើ YouTube

 

Jamal Edwards បាននិយាយនៅលើ BBC ថា ៖ “ការណែនាំរបស់ខ្ញុំ គឺ ចូរសាកល្បងអ្វីៗទាំងអស់ ដោយមិនមានការភ័យខ្លាចអំពីបរាជ័យ។ អ្នកនឹងបរាជ័យ ប្រសិនមិនបានធ្វើអ្វីទាំងអស់។ នៅ​ពេលរកឃើញវិស័យដែលខ្លួនចូលចិត្ត នោះត្រូវតែប្រឹងប្រែងឱ្យបានច្រើន”។បន្ទាប់ពីបានឈប់រៀន Jamal Edwards បានទៅធ្វើការឱ្យក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយ ប៉ុន្ដែ ក្នុងពេលទំនេរ គាត់ក៏តែងតែបង្កើតវីដេអូ និងបង្ហោះតាម YouTube។ មិនយូរប៉ុន្មាន គាត់ក៏​មាន​ឈ្មោះល្បីនៅលើបណ្ដាញសង្គមមួយនេះ ដោយសារតែផលិតផលមានគុណភាពរបស់គាត់។ ក្រោយមក Jamal Edwards ក៏បានងាកមកថតវីដេអូ សម្រាប់ពន្លកតារា និងរកវិធីទាក់​ទងតារា​ល្បីៗដើម្បីសហការណ៍។Jamal បានដាក់ឈ្មោះឱ្យបណ្ដាញវីដេអូរបស់ខ្លួនថា SBTV (SB គឺ SmokeyBarz ជារហ័សនាម​របស់គាត់)។ វីដេអូរបស់ Jamal ចាប់ផ្ដើមមានអ្នកចូលមើលរាប់សែនលើក ភាគច្រើនគឺមានអាយុ ចាប់ពី ១៣ដល់ ៣០ឆ្នាំ។ ដូច្នេះ Jamal បានទាក់ទងទៅកាន់ YouTube ដើម្បីបានដឹងថា តើគាត់​អាចទទួលបានភាគរយពីការផ្សាយពាណិជ្ជកម្មដែរ ឬអត់។

/

Jamal និងមហាសេដ្ឋី Richard Branson

YouTube បានបដិសេធដល់ទៅបីលើក ប៉ុន្ដែ គាត់នៅតែព្យាយាម។ ចុងក្រោយ Jamal ត្រូវបាន YouTube យល់ព្រម បន្ទាប់ពីបានបង្ហាញភ័ស្ដុតាងថា វីដេអូទាំងនេះ គឺគាត់ជាអ្នកធ្វើផ្ទាល់។ ទឹក​ប្រាក់ដំបូងដែល Jamal ទទួលបាន គឺប៉ុន្មានរយផោនប៉ុណ្ណោះ ហើយខ្ទង់ចំណូល​នេះបានកើន​ឡើង នៅពេលមានមនុស្សចូលមើលកាន់តែច្រើន។ក្រោយមក Jamal ក៏សុំឈប់ពីការងារនៅក្រុមហ៊ុន ដើម្បីផ្ដោតមកធ្វើការរបស់ខ្លួន។ មកទល់​នឹង​​បច្ចុប្បន្ន គាត់មានបុគ្គលិកចំនួន ១២នាក់ និងមានគេហទំព័រមួយ។ SBTV ក៏កំពុងតែរកវិធី​ដើម្បី​ពង្រីកកម្មវិធីដទៃ ក្រៅពីកម្រងតន្ដ្រីបច្ចុប្បន្ន។ ជាងនេះ Jamal ថែមទាំងមានមហិច្ឆតា ផលិតវីដេអូ​កំប្លែង កីឡា និងម៉ូដែលទៀតផង។សកម្មភាពរបស់ក្រុមហ៊ុន SBTV ដើមឡើយ ទទួលប្រាក់ចំណូលផ្សាយពាណិជ្ជកម្មទាំងស្រុងពី YouTube ចំណែកតារា ទទួលបានកេរឈ្មោះល្បី។ ប៉ុន្ដែ ថ្មីៗនេះ SBTV ក៏ចាប់ផ្ដើម​ផ្ដល់ប្រាក់​ដល់​តារាទាំងនោះ។ ការរកស៊ីរបស់ Jamal ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយកាលពីឆ្នាំទៅ គាត់ត្រូវបាន មហា​សេដ្ឋី Richard Branson ប្រគល់ពានរង្វាន់អ្នកធ្វើពាណិជ្ជកម្មឆ្នើមបំផុតប្រចាំឆ្នាំ។ មូលនិធិវិនិយោគ Miroma Ventures ក៏បានបណ្ដាក់ទុននៅ SBTV ។ ប៉ុន្ដែ មកដល់ពេលនេះ ប្រាក់ចំណូល​របស់​ក្រុម​ហ៊ុននេះ មិនត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ។

Jamal ក៏ត្រូវបានគេជ្រើសរើស ឱ្យធ្វើជាអគ្គរាជទូតនៃមូលនិធី Prince's Trust ជួយដល់យុវវ័យ​ដែលទើបចេញរកស៊ីដំបូង របស់រាជបុត្រាអង់គ្លេស គឺព្រះអង្គម្ចាស់ Charles ។

/

Jamal បង្ហាញ​ខ្លួន​ នៅ​ London Fashion Week

បើទោះជាទទួលបានជោគជ័យយ៉ាងធំក្នុងការរកស៊ី ប៉ុន្ដែ Jamal និយាយថា ៖ “ខ្ញុំមានប្រភពចេញ​​ពី​ស្រទាប់​វណ្ណៈទាបក្នុងសង្គម ហើយមិនផ្ដល់សំខាន់ទៅលើរឿងប្រាក់កាស់។ ឱ្យតែរស់នៅ​បាន​ស្រួល​ខ្លួន និងអាចទិញកាដូខ្លះៗជូនមិត្តភ័ក្ដិ បងប្អូនគឺជាការប្រសើរបំផុតទៅហើយ។ ខ្ញុំមិនចង់​ត្រូវ​បានគេ ប្រព្រឹត្តចំពោះខ្លួន ខុសពីមុន”។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

នារីបម្រើតាមយន្ដហោះ មិនស្រណុកដូចអ្នកគិត

បារាំង​ចូលចិត្ត​សម្រាក ចិន​ចូលចិត្ត​​ធ្វើ​ការ

ពី​នារី​​រត់​តុ ក្លាយជា​អគ្គនាយិការ​​ក្រុមហ៊ុន ដែលមាន​ចំណូល​ពាន់​លាន​ដុល្លារ

 

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ BBC