រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៩ ធ្នូ មិនមានការប្រកាសផ្លូវការណាមួយពីស្ថានទូតអាមេរិក ក្នុងរាជធានីភ្នំពេញ នៅឡើយទេ ទាក់ទិននឹងបុរសខ្មែរសញ្ជាតិអាមេរិក ម្នាក់ឈ្មោះដាំ ច្ឆ័ត្ររីយ៍ ដែលបានអះអាងថា ខ្លួនជាជំនួយការពិសេសរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ចច ដាប់ប៊លយូ ប៊ូស (George W-Bush) និងបច្ចុប្បន្នជាសមាជិកឧត្តមក្រុមប្រឹក្សាពិសេសកែទំរង់សេដ្ឋកិច្ចរបស់លោកប្រធានាធ ិបតី បារ៉ាក់ អូបាម៉ា ក្រោមការគ្រប់គ្រងរបស់លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូល វ៉ូលឃ័រ (Paul A.Volcker) ដែលជាប្រធានឧត្តមក្រុមប្រឹក្សានេះ ។
លោកដាំ ច្ឆ័ត្ររីយ៍ ត្រូវបានចាប់ខ្លួនរួមជាមួយជំនួយការរបស់លោកម្នាក់ទៀតកាលពីព្រឹកថ្ងៃទី១៨ ធ្នូ កន្លងទៅ ក្នុងលំនៅឋានរបស់ខ្លួនដែលការចាប់ខ្លួននេះ ត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ និងឆបោកដែលមានតំលៃទឹកប្រាក់រហូតដល់៨០០លានដុល្លារ ។ នៅថ្ងៃនេះជនទាំង២នឹងត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តទៅតាមនីតិវិធីច្បាប់ ។ មិនទាន់មានព័ត៌មានពិស្តារជុំវិញការរកឃើញនូវកលល្បិចក្លែងឯកសារដែលមានតំលៃរាប់លា នដុល្លារនេះនៅឡើយទេ បន្ទាប់ពីមានការចាប់ខ្លួន ។
លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងដែលបានដឹកនាំការបំបែកសំណុំរឿងដ៏ធំមួយនេះ រួមជាមួយលោកព្រះរាជអាជ្ញារង សុខ រឿន ដែលបានធ្វើការឆែកឆេរកាលពីថ្ងៃទី១៨ ធ្នូ បានមានប្រសាសន៍ថា ក្រោយពីធ្វើការឃា់ាខ្លួនលោកដាំ ច្ឆ័ត្ររីយ៍ អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិគ្រឹះលេខ៣៤B ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងលោកសួស សារឿន ប្រធានក្រុមហ៊ុន ARP. OITC Group Co.,Ltd សមត្ថកិច្ចបានឆែកឆេររកឃើញឯកសារក្លែងក្លាយមួយចំនួន របស់លោកដាំ ច្ឆ័ត្ររីយ៍ ដែលអះអាងថា ខ្លួនជាជំនួយការអតីតប្រធានាធិបតីអាមេរិក លោកចច ដាប់ប៊លយូ ប៊ូស និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិសេសកែទំរង់សេដ្ឋកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ា ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួនទៀតទាក់ទិននឹងការឆបោកអ្នកវិនិយោគទុនក្នុងប្រទេសក ម្ពុជា និងក្រៅប្រទេស ដែលអួតអាងថា មានទុននៅធនាគារក្រៅប្រទេសរហូតដល់៨០០លានដុល្លារអាមេរិក នេះបើយោងតាមការសារភាពចុងក្រោយ ។ មិនតែប៉ុណ្ណោះ ជននេះបានក្លែងខ្លួនជាឧត្តមសេនីយ៍ឯកយោធាដោយមានថតរូបបង្ហាញអ្នកវិនិយោគទុនឱ្យគេជឿ ជាក់ពីអំណាចរបស់ខ្លួន ។
ដោយឡែកជនសង្ស័យឈ្មោះសួស សារឿន ប្រធានក្រុមហ៊ុន ARP. OITC Group Co.,Ltd និងជាជំនួយការរបស់ជនសង្ស័យឈ្មោះដាំ ច្ឆ័ត្ររីយ៍ ក៏ត្រូវបានឃាត់ខ្លួននៅពេលជិះរថយន្តឡិចស៊ីស៥៧០ ចូលផ្ទះដាំ ច្ឆ័ត្ររីយ៍ ពេលសមត្ថកិច្ចកំពុងឆែកឆេរ ហើយនាំខ្លួនទៅធ្វើការឆែកឆេរនៅក្រុមហ៊ុន ARP. OITC Group Co.,Ltd ដែលមានទីតាំងនៅខាងត្បូងក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១០ ផងដែរ និងបានរកឃើញឯកសារមួយចំនួនមិនប្រក្រតី ។ សមត្ថកិច្ចជំនាញមួយរូបដែលចូលរួមឆែកឆេរក្នុងក្រុមហ៊ុនខាងលើ បានបង្ហើបឱ្យដឹងថា លោកសួស សារឿន ជាប់ពាក់ព័ន្ធនឹងការបើកក្រុមហ៊ុនពុំមានអាជ្ញាប័ណ្ណ និងទាក់ទិននឹងការឆបោកអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេសផងដែរ ហើយក៏ជាមនុស្សមិនធម្មតានោះទេ ។
លោកឧត្តមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បញ្ហាជនសង្ស័យឈ្មោះដាំ ច្ឆ័ត្ររីយ៍ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវលើឯកសារមួយចំនួនពាក់ព័ន្ធនឹងធនាគារ ក្រៅប្រទេស និងរង់ចាំសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងសមត្ថកិច្ចជំនាញនៅសហរដ្ឋអាមេរិកផងដែរ ។ លោកឧត្តមសេនីយ៍បានរំលឹកថា សមត្ថកិច្ចជំនាញប្រើរយៈពេលជាងមួយខែក្នុងការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះដាំ ច្ឆ័ត្ររីយ៍ អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៤B ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងជនសង្ស័យឈ្មោះសួស សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានក្រុមហ៊ុន ARP. OITC Group Co.,Ltd និងជាជំនួយការជនសង្ស័យខាងលើ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១០ ក្នុងភូមិគ្រឹះរបស់ជនសង្ស័យដាំ ច្ឆ័ត្ររីយ៍ តែម្តង ។ ជនសង្ស័យទាំងពីរនាក់ខាងលើ នឹងត្រូវបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទនេះដោយចោទពីបទ «ក្លែងឯកសារសាធារណៈ និងឆបោក» ៕