ខេត្តកណ្តាល ៖ កម្លាំងប៉ូលិសស្រុកស្អាងបានចាប់ខ្លួនកូនសិស្សលោកម្នាក់ឈ្មោះឈឺន ឆើត ហៅវ៉េង អាយុ២៣ឆ្នាំ បន្ទាប់ពីមានជម្លោះជាមួយសង្ឃ១អង្គបញ្ជូនមកសាលាដំបូងខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ដោយចោទប្រកាន់ថា បានវាយសង្ឃនាមឃុត ចំរើន ព្រះជន្ម៥២ឆ្នាំ គង់នៅវត្តស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ។ ទោះបីជាបែបណា ការចាប់ខ្លួនកូនសិស្សនេះបានធ្វើឱ្យព្រះសង្ឃនិងគណៈកម្មការវត្តមួយចំនួនព្រមទាំងពុទ្ធ បរិស័ទចំណុះជើងវត្តមានប្រតិកម្មយ៉ាងខ្លាំងថា ការចោទប្រកាន់ខាងលើអយុត្តិធម៌ណាស់សំរាប់ឈ្មោះឈឺន ឆើត ។ ពួកគាត់បានជួបជុំគ្នានៅក្នុងវត្តកាលពីរសៀលថ្ងៃទី២៨ ធ្នូដើម្បីផ្តិតមេដៃគាំទ្រកូនសិស្សលោកឈ្មោះឈឺន ឆើតដែលរងការចោទប្រកាន់នោះថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ហើយនឹងធ្វើលិខិតអមដោយស្នាមមេដៃអ្នកគាំទ្ររាប់រយនាក់ដាក់ចូលមកតុលាការដើម្បីសុំឱ្យល ើកលែងការចោទប្រកាន់ ។ ដើមចមដែលនាំឱ្យកើតជាជម្លោះនេះឡើងត្រូវបានគេអះអាងថា បណ្តាលមកពីមានការចែកបក្សពួកសង្ឃជាពីរបក្ស ។ ម្ខាងកាន់ជើងខាងព្រះសង្ឃនាមឃុត ចំរើន និងម្ខាងទៀតកាន់ជើងខាងគ្រូសូត្រស្តាំ នាមផាន់ ម៉ាក់ ព្រះជន្ម៧៦ឆ្នាំ ហើយកូនសិស្សលោកដែលពុទ្ធបរិស័ទគាំទ្រនោះគឺជាកូនសិស្សគ្រូសូត្រស្តាំនាម ផាន់ ម៉ាក់ ។
បើតាមការអះអាងរបស់សង្ឃព្រះនាមផាន់ ម៉ាក់ គ្រូសូត្រស្តាំថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ធ្នូ ឈ្មោះឈឺន ឆើត ដែលរងការចោទប្រកាន់នោះនៅក្បែរកុដិរបស់ព្រះតេជគុណជាមួយកូនសិស្សលោក និងព្រះសង្ឃ៥អង្គទៀត ។ ពេលនោះព្រះសង្ឃនាមឃុត ចំរើន បានបក់ដៃហៅឈ្មោះឈឺន ឆើត ឱ្យទៅក្បែរព្រះវិហារ ពេលឈ្មោះឈឺន ឆើត ទៅដល់សង្ឃនាមឃុត ចំរើន បានជជែកគ្នាជាមួយឈ្មោះឈឺន ឆើត មិនដឹងជារឿងអីទេ បន្តិចក្រោយមកស្រាប់តែសង្ឃអង្គនោះបានដាល់ទៅលើឈ្មោះឈឺន ឆើត៣ទៅ៤ដៃ ប៉ុន្តែឈ្មោះឈឺន ឆើត គេចផុត ខណៈនោះសង្ឃឃុត ចំរើន បានស្ទុះមកដាល់ទៀតទើបមានការប្រវាយប្រតប់គ្នាតែម្តង ខណៈនោះឈ្មោះឈឺន ឆើត ក៏បានដាល់ត្រូវមុខសង្ឃឃុត ចំរើន មួយដៃ ហើយឈឺន ឆើត ក៏ត្រូវសង្ឃអង្គនោះដាល់ចំមុខ២ដៃវិញដែរ បន្ទាប់មកក៏បែកគ្នារៀងៗខ្លួន ។ មួយសន្ទុះក្រោយមក សង្ឃនាមឃុត ចំរើន ក៏បានប្តឹងប៉ូលិសឱ្យមកចាប់ខ្លួនឈ្មោះឈឺន ឆើត យកទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ។ ព្រះសង្ឃនាមផាន់ ម៉ាក់ បានបន្តថេរដីកាឱ្យដឹងទៀតថា នៅមានសាក្សីកូនសិស្ស២នាក់និងព្រះសង្ឃ៤អង្គ ព្រមទាំងពុទ្ធបរិស័ទមួយចំនួនទៀតបានឃើញហេតុការណ៍នេះ និងអាចធ្វើជាសាក្សីបានថា សង្ឃព្រះនាមឃុត ចំរើន បានវាយឈ្មោះឈឺន ឆើត មុន ហើយបែរជាប្តឹងឱ្យប៉ូលិសចាប់ខ្លួនគេយកទៅដាក់គុកបែបនេះទៅវិញគឺអយុត្តិធម៌ណាស់។ ព្រះសង្ឃអង្គនេះបានបន្តថេរដីកាថា ឈ្មោះឈឺន ឆើត ជាកូនកំព្រាឪពុកម្តាយ ហើយកាលពី៥ទៅ៦ឆ្នាំមុនបានមកសុំស្នាក់នៅដើម្បីបានរៀនសូត្រ និងបំរើព្រះសង្ឃនៅក្នុងវត្តស្អាងភ្នំនេះ ។
គណៈកម្មការវត្តម្នាក់ឈ្មោះណុល បុត្រ អាយុ៦៣ឆ្នាំ បានឱ្យដឹងថា ចាប់តាំងពីព្រះចៅអធិការអនិច្ចធម្មទៅ វត្តស្អាងភ្នំមិនទាន់បានជ្រើសរើសចៅអធិការថ្មីទេ ។ បច្ចុប្បន្ន ព្រះសង្ឃក្នុងវត្តចែកជាពីរបក្ស ម្ខាងគាំទ្រខាងសង្ឃព្រះនាមផាន់ ម៉ាក់ ជាគ្រូសូត្រស្តាំ និងម្ខាងទៀតគាំទ្រខាងសង្ឃព្រះនាមសេង ពៅ ជាគ្រូសូត្រឆ្វេង ។ លោកបន្តទៀតថា រឿងរ៉ាវទំនាស់រវាងសង្ឃឃុត ចំរើន ជាអ្នកគាំទ្រគ្រូសូត្រឆ្វេងព្រះនាមសេង ពៅ ជាមួយកូនសិស្សលោកឈឺន ឆើត នោះ គឺកើតចេញពីការប្រកាន់បក្សពួករួចយកលេសពេលមានទំនាស់គ្នាបន្តិចបន្តួចប្តឹងប៉ូលិសចាប់ភា គីម្ខាងដាក់គុកដោយអយុត្តិធម៌។ លោកបន្តទៀតថា មានពុទ្ធបរិស័ទក្នុងភូមិជាង៤០០នាក់ ត្រៀមចាំផ្តិតមេដៃដើម្បីគាំទ្រឈ្មោះឈឺន ឆើត ដែលបានរងការចោទប្រកាន់ ហើយនិងធ្វើលិខិតដើម្បីស្នើសុំឱ្យតុលាការលើកលែងការចោទប្រកាន់នោះ ។ សូមបញ្ជាក់ថា ព្រះសង្ឃនាមឃុត ចំរើន បានប្តឹងឈ្មោះឈឺន ឆើត ថា បានស្ទាក់ផ្លូវព្រះសង្ឃព្រះនាមទេព ចាន់ថន និងព្រះសង្ឃព្រះនាមធី ភារ៉ា ដើម្បីសុំលុយ ខណៈព្រះសង្ឃទាំង២អង្គនិមន្តមកពីបិណ្ឌបាត ហើយពេលសុំលុយមិនបាន ឈ្មោះឈឺន ឆើត បានរករឿងព្រះសង្ឃទាំងពីរអង្គនោះ និងបានវាយព្រះសង្ឃព្រះនាមឃុត ចំរើន ថែមទៀត ។ ទោះជាបែបណា មិនបានទទួលការបំភ្លឺចេញពីភាគីម្ខាងទៀតនោះទេ ។ នេះជាអធិករណ៍មួយផ្តើមចេញពីការប្រកាន់បក្សពួកក្នុងវត្តខណៈវត្តគ្មានចៅអធិការដែលតាមច្ បាប់គឺគ្រូសូត្រស្តាំនោះឯងជាអ្នកឡើងធ្វើចៅអធិការបន្ត តែមិនដឹងជាយ៉ាងម៉េចទេបានជាគេទុកឱ្យភ្លើងចំបើងនេះឆេះរាលដាលកាន់តែធំ ៕

