ខេត្តកំពង់ស្ពឺ ៖ កីឡាករប្រដាល់ក្លឹបកងរាជអាវុធហត្ថខេត្តម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅ ភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខាងកើតស្ពានធ្នស់លួងប្រមាណ១០០ម៉ែត្រ កាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០១០ ខណៈជិះម៉ូតូសង់កូរ៉េ ត្រឡប់ទៅផ្ទះវិញនៅឯភូមិចំណារ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ។ កីឡាករប្រដាល់ដែលស្លាប់នេះឈ្មោះមួន សុខជា អាយុ២៨ឆ្នាំ មានប្រពន្ធនៅភូមិចំណារ សង្កាត់កណ្តោលដុំ តែពុំមានកូនទេ ។ ក្រុមគ្រួសារជនរងគ្រោះនិយាយរៀបរាប់ថា មួន សុខជា បានជិះម៉ូតូ C100 កូរ៉េ ត្រឡប់ចេញពីផ្សារកំពង់ស្ពឺ ទាំងយប់ក្រោយពីជូនបងប្អូនមិត្តភក្តិត្រឡប់ទៅផ្ទះនៅឯផ្សារនោះវិញ ។ ពេលត្រឡប់មកដល់ភូមិភ្នំដី សង្កាត់ច្បារមន ខាងកើតស្ពានធ្នស់លួង ក៏ត្រូវរថយន្តមួយគ្រឿងពុំស្គាល់ម៉ាកបុកពីក្រោយបណ្តាលឱ្យខ្ទាតផ្លោងចេញពីម៉ូតូបា ក់ដៃជើងច្រើនកំណាត់ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទាំងយប់ ប៉ុន្តែអ្នករងគ្រោះបានស្លាប់ទៅហើយ ។
រថយន្តដែលបុកបានបើករត់បាត់ដោយពុំមានអ្នកណាស្គាល់លេខស្គាល់ម៉ាករថយន្តនោះទេ ហើយបន្សល់ទុកនៅកន្លែងកើតហេតុ គឺម៉ូតូ C100 កូរ៉េ ដែលរថយន្តបុក និងកិនដូចចេកចៀន មន្ត្រីប៉ូលិសចរាចរខេត្តកំពុងព្យាយាមតាមរុករករថយន្តបង្កគ្រោះថ្នាក់នេះ ។ សពកីឡាករមួន សុខជា ត្រូវបានប្រពន្ធ និងបងប្អូន ឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ថា ប្រពន្ធកីឡាករដែលស្លាប់នេះ ក៏ជាអ្នកប្រដាល់ និងធ្លាប់ឡើងប្រដាល់នៅលើសង្វៀនផងដែរគឺកីឡាការិនីសុខ ស្រីទូច ។ កីឡាករមួន សុខជា ជាជើងឯកលេខ៣ ទូទាំងប្រទេសឆ្នាំ២០០៩ ក្នុងប្រភេទទំងន់៤៨គីឡូក្រាម ៕