យោងតាម The Atlantic អ្នករាល់គ្នាតែងតែត្រូវបានទាក់ទាញដោយរឿងរ៉ាវ និងភាពជោគជ័យរបស់បណ្ដាមហាសេដ្ឋី ប៉ុន្ដែពួកគេបែរជាភ្លេចថា ក្នុងចំណោម សិស្សដែលបានបោះបង់ការសិក្សាចំនួន ៣០លាននាក់នៅអាមេរិក គឺមានអ្នកគ្មានការងារធ្វើ ធ្លាក់ក្នុងភាពក្រីក្រ និងជំពាក់បំណុលគេ ខ្ពស់ជាង បើធៀបនឹងអ្នកដែលបានរៀនចប់មហាវិទ្យាល័យ។

នៅក្នុងពិភពលោក ឈ្មោះ Steve Jobs, Bill Gates, Mark Zuckerberg ឬ Micheal Dell បានធ្វើឱ្យមនុស្សជាច្រើនយល់ថា ការបោះបង់សាលារៀន ដើម្បីបង្កើតមុខរបរ គឺជាផ្លូវកាត់ ឆ្ពោះទៅរកជោគជ័យ។ New York Times ធ្លាប់បានប្រដូចថា ការជឿជាក់នេះ បាននាំឱ្យកើតឡើងនូវ “តំបន់ថ្មីមួយ ដើម្បីធ្វើមាន ធ្វើបាន”។

/

លោក Mark Zuckerberg, Steve Jobs និង Bill Gates

នៅក្នុងបញ្ជីឈ្មោះ អ្នកមានចំនួន ៤០០នាក់ មានទ្រព្យច្រើនបំផុត នៅអាមេរិក របស់ Forbes កាលពីឆ្នាំទៅ មាន ៦៣នាក់ មិនមានសញ្ញាបត្រមហាវិទ្យាល័យ។ គិតជាមធ្យម ពួកគេ មានទ្រព្យ ៩,៤ពាន់លានដុល្លារ គឺខ្ពស់ជាង ៣ដង ធៀបនឹងអ្នកមានសញ្ញាបត្របណ្ឌិត។

មហាសេដ្ឋីទាំងនេះ អាចត្រូវបានចែកជា ២ក្រុម ទី ១ គឺបោះបង់ការសិក្សា ដើម្បីតាមគំនិតជំនួញ ឬផលិតផលណាមួយ។ ពួកគេមានចក្ខុវិស័យច្បាស់លាស់ ទៅលើគម្រោងអនាគត ហើយមិនចង់រង់ចាំរហូតដល់បញ្ចប់ការសិក្សា។ នៅក្នុងក្រុមទីមួយនេះ មហាសេដ្ឋី Mark Zuckerberg, Steve Jobs និង Bill Gates គឺជាបុគ្គលិកលេចធ្លោជាងគេ។

ក្រុមទី ២ គឺមានការខុសគ្នាទៅនឹងក្រុមទី ១ ដោយសារតែពួកគេមិនបានបោះបង់ការសិក្សាដើម្បីធ្វើជំនួញនោះទេ។ ឧទាហរណ៍ដូចជា មហាសេដ្ឋី សម្លៀកបំពាក់ Ralph Lauren ។ Ralph Lauren ធ្លាប់រៀននៅមហាវិទ្យាល័យ ២ឆ្នាំ តែក៏បោះបង់សាលា ហើយចូលធ្វើទាហាន។ ក្រោយមក លោកក៏ទៅ​ធ្វើជាជំនួយការឱ្យ Brooks Brothers មុននឹងលោក បង្កើតក្រុមហ៊ុនសម្លៀកបំពាក់ដូចបច្ចុប្បន្ន។រឿងរ៉ាវទាំងឡាយខាងលើនេះ បានធ្វើឱ្យមនុស្សជាច្រើនយល់ថា កត្តាផ្សេងៗ អាចជំនួសសញ្ញាបត្រ ដូច្នេះ ប្រសិនពួកគេធ្វើបាន ហេតុអ្វីខ្លួនធ្វើមិនបាន? ក៏ប៉ុន្ដែ The Atlantic យល់ថា អ្នករាល់គ្នាបានកន្លងចោលនូវចំនុចលំអិតមួយ នោះគឺថា អ្នកដែលបានបោះបង់ការសិក្សា និងទទួលជោគជ័យ គឺជាបុគ្គលដែលឆ្នើមបំផុត។ ជោគជ័យរបស់ពួកគេ គឺយោងទៅលើសមត្ថភាពដែលមាន កាលពីនៅរៀននៅមធ្យមសិក្សា។ ពួកគេមានវិធីសិក្សាដោយខ្លួន ចេះខ្ចីប្រាក់ធនាគារធ្វើទុន ចេះគ្រប់គ្រងពេលវេលា និងគ្រប់គ្រងប្រាក់ដោយខ្លួនឯង។ ជាងនេះ ជួនកាល ពួកគេទទួលបាន​ប្រយោជន៍ពីការដែលពួកគេមានទំនាក់ទំនងទូលំទូលាយ ជំនួយពីពុកម្ដាយ មិត្តភ័ក្ដិ ឬអ្នកជិតស្និទ្ធ។ល។

ការស្រាវជ្រាវរបស់ The Atlantic បង្ហាញថា ជនជាតិអាមេរិក ចំនួន ៣៤លាននាក់ ដែលមានអាយុ លើសពី ២៥ឆ្នាំ ធ្លាប់បានរៀនមហាវិទ្យាល័យ តែយកមិនបានសញ្ញាបត្រ។ ៧១% ក្នុងចំណោមនេះមានលទ្ធភាពធ្លាក់ខ្លួនក្រ នឹងជំពាក់បំណុលខ្ពស់ជាង ៤ដង ធៀបនឹងមនុស្សដែលមានសញ្ញាបត្រ។ ទន្ទឹមនឹងនេះ ពួកគេមិនត្រឹមតែមិនបានក្លាយជាសេដ្ឋីនោះទេ តែបែរជាមានប្រាក់ចំណូលទាបទៅវិញ។

ចំណែកអ្នកដែលបានរៀនចប់មហាវិទ្យាល័យ ពួកគេទទួលបានចំណេះដឹងច្រើន និងមានទំនាក់ទំនងច្រើន ដើម្បីឈានទៅដល់ជោគជ័យ។ ការទទួលបានការអប់រំ ជួយឱ្យពួកគេប្ដូរផ្លាស់នូវការយល់ឃើញ និងមានចក្ខុវិស័យទូលំទូលាយ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ The Atlantic/Forbes