រយៈពេល ៤ថ្ងៃបន្ទាប់ពីត្រូវបានជ្រើសតាំងជាអគ្គនាយករបស់ eBay (ថ្ងៃទី ៣២ មិនា ឆ្នាំ ២០០៨) លោក John Donahoe បានប្រកាសថា នឹងធ្វើការផ្លាស់ប្ដូរដ៏ធំក្នុងប្រព័ន្ធទូទាត់ប្រាក់របស់គេហទំព័រនេះ។ ទន្ទឹមនឹងនេះ John Donahoe ក៏បានចេញបទបញ្ញតិ្ដតឹងរឹងជាងមុន ចំពោះក្រុមអ្នកលក់រាយ ដើម្បីផ្ដល់ប្រយោជន៍ច្រើនដល់អតិថិជន។ក្រោយមក លោក John Donahoe បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រកាសថា eBay កំពុងត្រូវការ ការកែទម្រង់។ លោកថ្លែងថា “ប្រការនេះ បានធ្វើក្រុមអ្នកលក់រាយរបស់យើងខ្ញុំ មិនសប្បាយចិត្ត ចំណែកបុគ្គលិក និងអ្នកវិនិយោគ ក៏ស្អប់ផងដែរ។ ប៉ុន្ដែ នេះគឺជាជំហានដំបូងដែលត្រូវដើរ”។
ជាង ៥ឆ្នាំក្រោយមក Donahoe បានក្លាយពីអ្នកដែលគួរឱ្យស្អប់ មកជាកូនសំណព្វរបស់ក្រុមអ្នកវិនិយោគ និងក្រុមអ្នកវិភាគ។
Gil Luria ដែលជាអ្នកជំនាញការផ្នែកវិភាគរបស់ក្រុមហ៊ុន Wedbush Securities បានវាយតម្លៃថា ៖ “ជោគជ័យរបស់ Donahoe នៅ eBay ពិតជាគួរឱ្យភ្ញាក់ផ្អើល។ ក្រោមការដឹកនាំរបស់ Donahoe ក្រុមហ៊ុន eBay ដែលពីមុនជួបបញ្ហាធំ ពេលនេះ បានក្លាយជាក្រុមហ៊ុននាំមុខក្នុងវិស័យបច្ចេកវិទ្យា ផ្ដោតសំខាន់ទៅលើផ្នែកចល័ត ជាមួយនឹងការកែទម្រង់យ៉ាងខ្លាំងក្លា ហយបានធ្វើឱ្យកំណើននៃការរីកចម្រើន មានល្បឿនលឿន” ។គួររំឭកថា នៅពេលដែល Donahoe បានចូលមកធ្វើការឱ្យ eBay នៅឆ្នាំ ២០០៥ ដើម្បីគ្រប់គ្រងផ្នែក Marketplaces ការរកស៊ីរបស់ក្រុមហ៊ុននេះ កំពុងមានការធ្លាក់ចុះ។ នៅពេលទម្លាប់របស់អតិថិជនមានការផ្លាស់ប្ដូរ eBay ក៏លែងជាជម្រើសសំខាន់របស់ពួកគេ ដូច្នេះ អតិថិជនក៏បានងាកទៅទិញសម្ភារៈតាមរយៈ Amazon ដែលពេលនោះកំពុងលេចធ្លោ បន្ទាប់ពីបានចាកចេញពីរង្វង់ជំនួញសៀវភៅ។Donahoe ត្រូវបានជ្រើសរើសជាអគ្គនាយករបស់ eBay នៅចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ។ បើទោះជាមិនធ្លាប់បានសាកល្បងក្នុងវិស័យបច្ចេកវិទ្យា ប៉ុន្ដែ Donahoe យល់ថា ប្រសិនចង់រួចផុតពីវិបត្តិហិរញ្ញវត្ថុ និងការប្រកួតប្រជែងពី Amazon និងក្រុមហ៊ុនដទៃ នោះ eBay ត្រូវតែមានការផ្លាស់ប្ដូរជាចាំបាច់។ឆ្នាំ ២០០៩ Donahoe អូសទាញយក Steve Yankovich ដែលជាកំពូលអ្នកបច្ចេកវិទ្យាម្នាក់ មកពីក្រុមហ៊ុន Adobe ។ Steve Yankovich ត្រូវបាន Donahoe ប្រគល់តួនាទីបង្កើតក្រុមចល័តមួយដើម្បីបង្កើតកម្មវិធីឱ្យ iPhone និងឧបករណ៍ចល័តដទៃ។ ក្នុងមុខតំណែងរបស់ខ្លួន លោក Steve Yankovich ក៏មិនបានធ្វើឱ្យ Donahoe ខកចិត្តនោះដែរ។
ក្រោមការដឹកនាំរបស់ Donahoe ក្នុងអំឡុងពេលពីឆ្នាំ ២០០៨ ដល់ ២០១២ ការដោះដូរពាណិជ្ជកម្មប្រចាំឆ្នាំ តាមរយៈឧបករណ៍ចល័តរបស់ eBay បានកើនឡើងទ្វេដង។ ដោយឡែក ក្នុងឆ្នាំ ២០១២ តម្លៃនៃការរដោះដូរពាណិជ្ជកម្ម តាមរយៈឧបករណ៍ចល័ត ទទួលបាន ១៣ពាន់លានដុល្លារ។ តាមគម្រោង តួលេខនេះនឹងកើនឡើងដល់ ២០ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០១៣ ។គួររំឭកថា កាលពីឆ្នាំទៅ (២០១២) eBay បង្កើតបានប្រាក់ចំណូល ១៤,១ពាន់លានដុល្លារ កើនឡើង ២១% ធៀបនឹងឆ្នាំ ២០១១។ ផ្នែក Marketplaces រកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃប្រាក់ចំណូលសរុបរបស់ eBay ។ ផ្នែកទូទាត់ (ពិសេសគឺ PayPal) រកបាន ៤០% នៃប្រាក់ចំណូលសរុប៕
ដោយ ៖ តារាប្រភព ៖ NNT