(សេអ៊ូល)៖ សភាជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំជាលើកទី៣ នៃគណកម្មការស៊ើបអង្កេតពិសេសក្នុងសំណុំរឿងពុករលួយនយោបាយ និងការលូកដៃចូលក្នុងកិច្ចការរដ្ឋពីសំណាក់ស្រី្តឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកស្រី ផាក គឺនហេ ប៉ុន្តែក្នុងពេលជាមួយគ្នា កិច្ចប្រជុំនេះក៏ផ្ដោតសំខាន់ផងដែរពាក់ព័ន្ធនឹង ការចោទប្រកាន់ដែលថាលោកស្រី ផាក បានទៅកែសម្ផស្ស អំឡុងពេលសាឡង់ដឹកអ្នកដំណើរឈ្មោះ Sewol ក្រឡាប់លិចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។
នារយៈពេលចុងក្រោយបន្ទាប់ពីរឿងអាស្រូវ ឆយ ស៊ូនស៊ីល បានផ្ទុះឡើងធ្វើឱ្យកក្រើកពេញកូរ៉េខាងត្បូង ពាក្យចរចាមអារ៉ាមមួយចំនួនបានលើកឡើងថា លោកស្រី ផាក បានអវត្តមានដល់ទៅ ៧ម៉ោងនៅក្នុង ការិយាល័យដោយជាប់រវល់ទៅទទួលការព្យាបាល និងកែសម្ផស្សនៅចំពេលសាឡង់ដឹកអ្នកដំណើរ Sewol ក្រឡប់លិច។
ទោះបីជាយ៉ាងណាការចោទប្រកាន់នេះ ត្រូវបានខាងមានប្រធានាធិបតីច្រានចោល ប៉ុន្តែក៏មិនបានបញ្ជាក់ឱ្យបានច្បាស់ដែរថា លោកស្រី ផាក ខ្លួនឯងផ្ទាល់បានទៅធ្វើអី្វឱ្យប្រាកដនៅពេលនោះ។ ដោយឡែក ក្រុមសមាជិកសភានឹងធ្វើការសាកសួរមនុស្សចំនួន ១៦នាក់ នៅថ្ងៃពុធនេះក្នុងនោះរួមមានទាំងអតីតមនុស្សជំនិត និងអ្នកជំនាញវេជ្ជសាស្ត្ររបស់លោកស្រី ផាក គឺនហេ ផងដែរ។
គួររំលឹកថាគ្រោះថ្នាក់លិចសាឡង់ Sewol កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ បានផ្ដាច់យកអាយុជីវិតមនុស្ស ២៩៥នាក់ភាគច្រើនជាសិស្សវិទ្យាល័យ និង០៩នាក់ផ្សេងទៀតបានបាត់ខ្លួន៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី