ខេត្ត​ក្រចេះ ៖ លោក​ខាំ ភឿន អភិ​បាល​ខេត្ត​​ និង​ជា​​ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​​អគ្គ​​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា រួម​ជា​មួយ​មន្ត្រី​​ជំនាញ​របស់​មន្ទីរ​សាធា​រណ​ការ​ខេត្ត អាជ្ញា​ធរ​​មូល​ដ្ឋាន​បាន​អញ្ជើញ​​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពលរដ្ឋ និង​ពិនិត្យ​មើល ​ការ​ស្ថាបនា​កំណាត់​ផ្លូវ​២៧៩ ស្ថិត​ក្នុង​ឃុំ​ឫស្សី​​កែវ ស្រុក​ព្រែក​ប្រសព្វ កាល​ពី​រសៀល​ថ្ងៃ​​ទី​២៧ ធ្នូ កន្លង​ទៅ។ តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​ឱ្យ​ដឹងថា ផ្លូវ​​​​លេខ​២៧៩ (ផ្លូវ​លេខ​២២៣​ចាស់) គឺ​ជា​បណ្តាញ​ផ្លូវ​លំ​ ដែល​តភ្ជាប់​ពី​​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់​ចាម តាម​បណ្តោយ​​ខាង​លិច​ដង​ទន្លេ​មេគង្គ ឆ្លង​កាត់​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​ឃុំ​វឌ្ឍនៈ​ ស្រុក​សំបូរ ប្រវែង​​​ប្រមាណ​​ជា​១៣៦,៩​គីឡូ​ម៉ែត្រ ក្នុង​ទឹក​ដី​ខេត្ត​​ចាប់​ពី​ស្ពាន​បឹង​រៃ​ ឃុំ​ឫស្សី​កែវ ដល់​ឃុំ​វឌ្ឍនៈ មាន​ប្រវែង​ប្រមាណ​​ជា​៧៥​គីឡូ​ម៉ែត្រ។ ​កាល​ពី​មុន​ផ្លូវ​នេះ​ត្រូវ​បាន​សាង​សង់​ជា​ប្រភេទ​ផ្លូវ​លំ​ក្រាល​ក្រួស​ក្រហម​ ដែ​លមា​នទទឹង​៤​ម៉ែត្រ ដោយ​​មន្ទីរ​អភិ​វ​ឌ្ឍន៍​ជន​បទ​ខេត្ត សំរាប់​ការ​ប្រើ​ប្រាស់​របស់​ប្រជា​ពល​រដ្ឋ​​ទូទៅ​ដែល​ស្ថិត​នៅ​ខាង​លិច​ទន្លេ​មេគង្គ។
ដោយ​សង្កេត​ឃើញ​ថា បច្ចុ​ប្បន្ន​​កំណាត់​ផ្លូវ​លេខ​២៧៩ នេះ​​​បាន​រង​ការ​ខូច​ខាត​​ស្ទើរ​តែ​ទាំង​ស្រុង និង​ទឹក​ជំនន់​លិច​លើ​ទ្រូង​​ផ្លូវ​នា​រដូវ​វស្សា​​កាត់​ផ្តាច់​​​ការ​ធ្វើចរា​ចរណ៍​​ទៅ​មក។ មន្ត្រី​​​ដដែល​បញ្ជាក់​ថា ​ឥឡូវ​ផ្លូវ​នេះ​ត្រូវ​បាន​ស្ថាបនា​សាង​សង់​ដោយ​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​មាន​ប្រវែង​ផ្លូវ​៤​គីឡូ​ម៉ែត្រ ក្នុង​នោះ​ចាក់​ដី​​​​លើក​កំពស់​តួ​ថ្នល់​ប្រវែង​៤​គីឡូ​ម៉ែត្រ ចាក់​កៅស៊ូ​ប្រភេទ DBST ប្រវែង​១​គីឡូ​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ក្រាល​ក្រូស​​ក្រហម​ប្រវែង​៣​គីឡូ​ម៉ែត្រ ទទឹង​៨​គីឡូ​ម៉ែត្រ និង​ដាក់​ស្លាក​សញ្ញា​ចំនួន​២២​ស្លាក ហើយ​ចាប់​ផ្តើម​ស្ថាបនា​នៅ​ថ្ងៃ​ទី​១៦ ធ្នូ និង​បញ្ចប់ នៅថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០១១ ដែ​លត្រូវ​ប្រើ​​ប្រាស់​​​ថវិកា​ជំពូក​៦១ របស់​សាលា​ខេត្ត ផែន​ការ​ឆ្នាំ​២០១០ ចំនួន​២.២៨០.០០០.០០០​រៀល (ពីរ​ពាន់​ពីរ​រយ​ប៉ែត​សិប​លាន​រៀល)។
មាន​ប្រសាសន៍​នា​ឱកាស​នោះ ​លោក​ខាំ ភឿន អភិ​បាល​ខេត្ត​បាន​សំណូម​ពរ​ដល់​​ប្រជា​ពល​រដ្ឋ​ មេត្តា​​យោគ​យល់​អធ្យា​ស្រ័យ​ចំពោះ​ការ​ឈូស​ឆាយ​ពង្រីក​​ចិញ្ចើម​ផ្លូវ ​ដែល​បាន​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ និង​ផល​ដំណាំ​ផ្សេងៗ​របស់​បង​ប្អូន និង​បន្ត​រួម​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​ និង​ក្រុម​ការ​ងារ​បច្ចេក​ទេស​ ដើម្បី​​ឱ្យដំណើរ​ការ​ស្ថាបនា​សាង​សង់​​កំណាត់​ផ្លូវ​នេះ​ទទួល​បាន​គុណ​ភាព និង​ឆាប់​រហ័ស​​ដែល​ជា​​ផល​ប្រយោជន៍​របស់​យើង​ទាំង​អស់​គ្នា​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល​ផង​ដែរ​ ក្នុង​ការ​ចូល​រួម​ចំណែក​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ពិសេស ស្រប​តាម​អនុ​សាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​តែង​តែ​មាន​ប្រសាសន៍​ថា អភិ​វឌ្ឍន៍​ត្រើយ​ខាង​កើត​​កុំ​ភ្លេច​អើត​ខាង​លិច ប៉ុន្តែ​ឥឡូវ​នេះ​សម្តេច​មិន​ត្រឹម​តែ​អើត​មើល​ខាង​លិច​ទេ​ គឺ​សម្តេច​បាន​ថែម​ទាំង​​ចាប់​ផ្តើម​​ស្ថាបនា​ផ្លូវ​ថ្នល់​នេះ​​ទៀត​ផង។ លោក​បាន​ផ្តាំ​ផ្ញើ​ និង​ជំរុញ​ដល់​មន្ទីរ​សាធា​រណ​ការ​ត្រូវ​តែ​ពិនិត្យ​​ឱ្យ​បាន​ដិត​ដល់​ទាំង​សកម្ម​ភាព​អនុ​វត្ត និង​លក្ខណៈ​បច្ចេក​ទេស​ឱ្យ​​បាន​ត្រឹម​ត្រូវ ដើម្បី​ធានា​ទាំង​​គុណ​ភាព និង​បរិ​មាណ​សំដៅ​ធ្វើ​យា៉ង​ណា​ក្នុង​ការ​ប្រើ​ប្រាស់​មាន​និរន្តរ​ភាព​យូរ​អង្វែង ៕