រាជ​ធានី​ភ្នំពេញ​ ​៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ជើង​ឆ្វេង​ដោយ​សារ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​បាញ់​​នៅ​មុខ​លំនៅ​ឋាន​ ។ ហេតុ​ការណ៍​នេះ​​កើត​​ឡើង​នៅ​​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​មាន​ជ័យ កាល​ពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៨ ធ្នូ។ យុវ​ជន​រង​របួសឈ្មោះ ហោ គឹម​ហ៊ាង អាយុ​១៨​ឆ្នាំ។ ក្រោយ​ពេល​​រង​របួស​ឈ្មោះ​ហោ គឹម​ហ៊ាង ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យា​បាល​នៅ មន្ទីរ​ពេទ្យ។ ករណី​ផ្ទុះ​អាវុធនោះ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ព្យាយាម​​លាក់​លៀម​ព័ត៌​មាន​។ តាម​ប្រភព​ព័ត៌​មាន​ពុំ​ទាន់​ចាត់​ទុក​ជា​ផ្លូវ​ការ​នៅ​ឡើយ​​ឱ្យ​ដឹង​ថា កន្លង​មក​ឈ្មោះ​ហោ​ គឹម​ហ៊ាង ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ម្នាក់ ​ហើយ​បាន​​ខ្ចី​ខ្សែ.ករបស់​នាង​​យក​ទៅ​លក់​ចាយ​ទៀត​ផង។
​ទោះ​បី​ជា​​ភាគី​ខាង​ស្រី​ព្យាយាម​លួង​លោម​សុំ​យក​ខ្សែ​.ក​វិញក្តី​​ក៏​ឈ្មោះ​ហោ គឹម​ហ៊ាង មិន​ព្រម​ឱ្យ​​ដែរ​។ ប្រភព​ព័ត៌​មាន​ដដែល​​ឱ្យ​ដឹង​ថា​នៅ មុន​ពេលផ្ទុះ​អាវុធ​នោះ​បង​ប្អូន​របស់​នារី​ជា​អតីត​សង្សារ​ឈ្មោះ​ហោ គឹម​ហ៊ាង បាន​ទៅ​​ផ្ទះ​របស់​គេ​ ដើម្បី​សួរ​នាំ​យក​ខ្សែ​.ក​វិញ។ ពេល​នោះ​កើត​មាន​ការ​ប្រទូស្ត​រ៉ាយគ្នា​រហូត​​ឈាន​ដល់​​ផ្ទុះ​អាវុធ​មួយ​គ្រាប់​ត្រូវ​ចំ​ឈ្មោះ​​ហោ គឹម​ហ៊ាង​ តែ​ម្តង​។ ករណី​នេះ​សមត្ថ​កិច្ច​មូល​ដ្ឋាន​កំពុង​​ស្រាវ​ជ្រាវ​តែពុំ​ដឹង​ថា អាច​ស្វែង​រក​ចាប់​ខ្លួន​ខ្មាន់​កាំ​ភ្លើង​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​បាន​ឬ​អត់​​ទេ​៕