ខេត្ត​ក្រចេះ ៖ អ្នក​ធ្វើ​ដំណើរ​​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​និយាយ​ថា រមណីយ​ដ្ឋាន​ទេស​ចរណ៍​​ប្រវត្តិ​សាស្ត្រ​វត្ត​វិហារ​​សសរ​១០០ ដែល​មាន​ចំងាយ​ជាង​៣០​គីឡូ​ម៉ែត្រ ពី​​ក្រុង​​ក្រចេះ ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ដោយ​ត្រូវ​ចំណាយ​ពេល​ទៅ​មក​យូរ ​ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត និង​មាន​លក្ខណៈ​តូច​ចង្អៀត ។ ​វត្ត​វិហារ​សសរ​១០០ ​ស្ថិត​​នៅ​ក្នុង​ស្រុក​សំបូរ មាន​ចំងាយ​៣៦​គីឡូ​ម៉ែត្រ​ពី​ក្រុង​ក្រចេះ ហើយ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​តំបន់​ទេស​ចរណ៍​ប្រវត្តិ​សាស្ត្រ​ដ៏​ល្អ​មួយ​​របស់​ខេត្ត​​ផង​ដែរ ទាំង​លើ​សោភ័ណ​ភាព​នៃ​ទេស​ភាព​​ជួរ​ដង​ទន្លេ​មេ​គង្គ​ ជា​ពិសេស​លើ​ជំនឿ​ផ្នែក​ព្រះ​​ពុទ្ធ​សាសនា ។
នៅ​លើ​ចំងាយ​ផ្លូវ​ក្រាល​កៅស៊ូ​​៣៦​គីឡូ​ម៉ែត្រការ​ធ្វើ​ដំណើរ​ទៅ​មក​​របស់​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​​មិន​ថា តាម​មធ្យោ​បាយ​អ្វី​​ទេ គឺ​​ត្រូវ​ចំណាយ​​ពេល​​យ៉ាង​យូរ ​ដោយ​សារ​កំណាត់​ផ្លូវ​នេះ​​​កំពុង​តែ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​មាន​រយៈ​​​ពេល​ជា​យូរ​ឆ្នាំ​​មក​ហើយ ​ជា​ពិសេស​មាន​លក្ខណៈ​តូច​ចង្អៀត បើក​បរ​ចៀស​គ្នា​ស្ទើរ​មិន​រួច ហើយ​ក៏​មិន​ទាន់​ឃើញ​អាជ្ញា​ធរ​ថ្នាក់​ណា​មួយ​មាន​វិធាន​ការ​ជួស​ជុល​នៅ​ពេល​ណា​នោះ​ទេ។ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​កំពុង​តែ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​នេះ គឺ​កើត​ជា​ជង្ហុក​តូច​ធំ​លៀន ​ថ្ម​ធំៗ​ចេញ​មក​ក្រៅ​ និង​មាន​ចំងាយ​តែ​ជាង​៥​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ចាប់​ពី​ភូមិ​ស្រែ​ឃឿន ឃុំ​សំបូរ រហូត​ដល់​ទី​ប្រជុំ​ជន​ស្រុក​សំបូរ ។
តាម​​មន្ត្រី​អាជ្ញា​ធរ​ស្រុក​មួយ​រូប​បាន​ឱ្យ​ដឹង​ថា ផ្លូវ​ក្រាល​កៅស៊ូ​​ពី​ទី​រួម​ខេត្ត មក​កាន់​ស្រុក​​សំបូរ​នេះ គឺ​​​បាន​ស្ថាបនា​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម៉្លេះ ដែល​ផ្លូវ​នេះ​ជា​គំរោង​កសាង​​របស់​ខេត្ត​ ហើយ​ដោយ​សារ​តែ​មិន​មាន​ការ​ថែទាំ​ឱ្យ​បាន​ដិត​ដល់​ធ្វើ​ឱ្យ​​ផ្លូវ​នេះ​ត្រូវ​​ខូច​ខាត​​ពី​មួយ​ឆ្នាំ​ទៅ ​មួយ​​ឆ្នាំ ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​​​ជួស​ជុល​​​ខ្លះៗ​ដោយ​​មន្ទីរ​គមនា​គមន៍​ខេត្ត​ក្តី ។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​​ទៀត​ថា ការ​ជួស​ជុល​​ទាំង​នោះ គឺ​ស្ថិត​នៅ​ក្នុង​​គំរោង​ដោយ​​ធ្វើ​ជា​ដំណាក់​កាល​ តែ​ក្នុង​ចំងាយ​ផ្លូវ​​ជាង​៥​គីឡូ​ម៉ែត្រ ដែល​ស្ទើរ​តែ​បើក​បរ​ទៅ​មុខ​មិន​កើត​នេះ ហាក់​បី​ដូច​ជា​មិន​មាន​នៅ​ក្នុង​គំរោង​ជួស​ជុល​​ទេ ដោយ​សារ​ជា​​ច្រើន​ឆ្នាំ​មក​ហើយ​មិន​​ឃើញ​មាន​ការ​ជួស​ជុលឡើយ គឺ​​ជួស​ជុល​តែ​ផ្លូវ​ដែល​មាន​សភាព​ខូច​តិច​តួច​ទៅ​វិញ ។
មិន​ថា តែ​អ្នក​ធ្វើ​ដំណើរ​ ឬ​ភ្ញៀវ​ទេស​ចរ​ទេ សូម្បីតែ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ស្រុក​សំបូរ​ក៏​និយាយ​ដែរ​​ថា មក​ទល់​នឹង​ពេល​នេះ ​ពី​ស្រុក​សំបូរ​​ទៅ​កាន់​ទី​រួម​​ខេត្ត​ ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​យ៉ាង​ខ្លាំង​ដោយ​សារ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​ម៉្លោះ​ហើយ​ពួក​គាត់​មួយ​​ចំនួន​ ធំ​ជា​ពិសេស​អ្នក​ជំងឺ​ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​សំរេចចិត្ត​មិន​មក​មន្ទីរ​ពេទ្យ​ទេ ដោយ​​សុខ​ចិត្ត​​ព្យា​បាល​នៅ​តាម​​ពេទ្យ​​ឯក​ជន​ក្នុង​ស្រុក​វិញ ។ លោក​ហេង ស៊ី​ថា អភិ​បាល​ស្រុក​សំបូរ បាន​មាន​ប្រសាសន៍​​ថា លោក​​ទទួល​ស្គាល់​​ពី​ការ​​ពិបាក​​​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ដែល​ខូច​ខាត​មាន​ចំងាយ​ជាង​៥​គីឡូ​ម៉ែត្រ ​នេះ ហើយ​សាលា​ស្រុក​ក៏​ធ្លាប់​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​ដល់​ថ្នាក់​ខេត្ត​ជា​ច្រើន​លើក​ច្រើន​សា​ដែរ ​តាំង​​ពី​លោក​​​អភិ​បាល​ស្រុក​ចាស់ រហូត​ដល់​រូប​លោក​​បច្ចុ​ប្បន្ន​ តែ​ការ​ស្នើ​សុំ​នេះ​គឺ​រហូត​មក​​ទល់​នឹង​បច្ចុ​ប្បន្ន​​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​​​យ៉ាង​ណា​​ន ៅឡើយ ។ លោក​អភិ​បាល​ស្រុក​បាន​ឱ្យ​ដឹង​ទៀត​ថា កំណាត់​ផ្លូវ​កៅស៊ូ​នេះ ស្ថិត​នៅ​ក្រោម​គំរោង​ និង​ថវិកា​របស់​ខេត្ត ហើយ​កន្លង​មក​គឺ ខេត្ត​បាន​សំរេច​អាទិ​ភាព​ឱ្យ​មន្ទីរ​ជំនាញ​ជួស​ជុល​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​សំខាន់ៗ​​ក្នុង​ខេត្ត​ជា​ មុន​ រីឯ​គំរោង​​​ជួស​ជុល​ផ្លូវ​មក​កាន់​​​​តំបន់​ទេស​ចរណ៍​ប្រវត្តិ​សាស្ត្រ​​​វត្ត​វិហារ​សសរ​១០០ ហាក់​បី​ដូច​ជា​មិន​មាន​​ទេ រហូត​មក​ទល់​នឹង​ពេល​នេះ ៕