ការបំពាក់កាមេរ៉ាលើមួកសុវត្ថិភាពក្នុងពេលចុះអនុវត្តច្បាប់ របស់នគរបាលចរាចរណ៍ភ្នំពេញ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់អ្នកធ្វើដំណើរមួយចំនួន។
នៅក្នុងថ្ងៃទី ២៣ នេះ នៅតាមស្ដុបនានា ក្នុងក្រុងភ្នំពេញ គេឃើញមានក្រុមនគរបាលជាច្រើនក្រុម បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងខ្លាំងក្លាជាងធម្មតា ប៉ុន្ដែ អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះ នោះគឺ នគរបាលមួយចំនួន ត្រូវបានបំពាក់កាមេរ៉ានៅលើមួយសុវត្ថិភាព។
តាមបណ្ដោយមហាវិថី ព្រះមុនីវង្ស ជាពិសេស ចាប់ពីចំណុចក្បែរស្ដុបផ្សារអូឬស្សី មកដល់ស្ដុបពេទ្យចិន គេឃើញមាននគរបាលប្រមាណជា ៤ ទៅ ៥ក្រុមតូចៗ បានបង្ហាញវត្តមានរបស់ខ្លួន និងអនុវត្តច្បាប់ចរាចរណ៍ ចាប់ផាកពិន័យអ្នកបើកបរដែលល្មើសនឹងច្បាស់ចរាចរណ៍។ អ្នកធ្វើដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញក្រុមនគរបាលមានសមត្ថកិច្ច បំពាក់ដោយកាមេរ៉ានៅលើមួកសុវត្ថិភាព ខណៈពេលតាមចាប់អ្នកបើកបរល្មើសច្បាប់។
អ្នកធ្វើដំណើរមួយចំនួន ដែលបានឃើញសកម្មភាពខាងលើ និយាយថា វាជាការប្រសើរណាស់ព្រោះថា សកម្មភាពនេះអាចធ្វើអោយអ្នកដែលមិនគោរពច្បាប់ចរាចរណ៍មួយចំនួនតូច អាចធ្វើ ពិចារណាខ្លួនឯងឡើងវិញ ថាតើត្រូវខ្លួនបានគោរពច្បាប់ចរាចរណ៍ដែរ ឬអត់។ ចំណែកមនុស្សមួយចំនួនយល់ថា សកម្មភាពនេះ ប្រហែលជាមិនអាចធ្វើឡើងក្នុងរយៈពេលយូរបាននោះទេ៕








ដោយ ៖ សូរីយ៉ា