កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ កម្លាំងសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ និងជាប្រធាន សមាគមអ្នកប្រជាធិបតេយ្យ នៅទី ស្នាក់ការរបស់លោក វេលាម៉ោង ៨និង ៥៦នាទី ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា នេះ ដោយត្រូវបានចោទប្រកាន់ពីល្មើសធំៗចំនួន ៤ ដែលប្រឆាំងនឹងរដ្ឋាភិបាល ពាក់ព័ន្ធបទល្មើសចាប់ដី ញុះញង់ឱ្យមានការចាប់ដីរដ្ឋខុសច្បាប់ និងពាក់ព័ន្ធចលនាបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ ។
តាមប្រភពព័ត៌មានកាសែត ដើមអម្ពិល ដកស្រង់សំដី លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសធំៗ ចំនួន ៤ ហើយធ្វើឡើងតាមដីកាបញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រមសាលាដំបូង ខេត្តក្រចេះកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ពីបទ ទី ១ -អ្នកផ្តួមផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ទី២-ធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់ នៅក្នុងការបំពេញ មុខងារសាធារណៈ របស់អាជ្ញាធរ ទី៣-ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និងទី៤ -ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់តាមមាត្រាមួយចំនួន នៃក្រមព្រហ្មទណ្ឌ។
ការឃាត់ខ្លួន លោក ម៉ម សូណង់ដូ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកធ្វើដំណើរមកពីបរទេស ហើយមកដល់ប្រទេសកម្ពុជាវិញ កាលពីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ២០១២ នេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យ ដោយចោទថា ជាប់ពាក់ព័ន្ធនឹងករណីបំផុសឲ្យប្រជាពលរដ្ឋចាប់ដីខុសច្បាប់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ៕
ដោយ៖ មិនាប្រភព៖ Dap