រាជធានីភ្នំពេញ ៖ ស្ត្រី​ជា​គ្រូបង្រៀន​​​ភាសា​ចិន ត្រូវស្លាប់​​បាត់បង់ជីវិត​ និងស្ត្រី​​ម្នាក់​ទៀតរង​របួស​ធ្ងន់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​កាលពី​វេលាម៉ោង​​១១​និង​​៣០នាទី​ព្រឹកថ្ងៃទី​​២១ ធ្នូ នៅជើង​ភ្នំ​ប្រសិទ្ធិ៍​​ ស្ថិត​នៅ​​ព្រៃពង្រ សង្កាត់​​ពញា​ពន់ ខណ្ឌ​សែនសុខ ​រាជធានីភ្នំពេញ ។​ គ្រោះថ្នាក់​​ចរាចរណ៍​​​​នេះបង្កឡើង​​ដោយ​រថ​យន្ត​ដឹកដី​ម៉ាក​ហ៊ីណូ​ ពណ៌ស ​មានស្លាក​លេខ ភ្នំពេញ ​3A-5281 បើកបរ​ដោយ​ឈ្មោះ​​សៅ ចំរើន ​ភេទ​ប្រុស អាយុ​​​២៦​ឆ្នាំ មានទីលំនៅ​ភូមិ​​ច្រក​ក្រសាំង ​ឃុំ​ទួលព្រិច ស្រុកអង្គស្នួល​​ ខេត្ត​កណ្តាល បុក​ជាមួយម៉ូតូ​ម៉ាក​គុប ជិះ​ដោយ​​ស្ត្រី​​​ទាំង​​២​នាក់ ។
នារី​រងគ្រោះ​​ស្លាប់បាត់​បង់ជីវិត​​ត្រូវសមត្ថ​កិច្ច​​ឱ្យ​​ដឹង​ថា ​ឈ្មោះ​​សាន អ៊ា ​​អាយុ​​២២​ឆ្នាំ ជា​គ្រូ​​បង្រៀន​​ភាសា​ចិន ​មាន​ទីលំ​នៅ​​ភូមិ​​​ដីថ្មី សង្កាត់​​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​បាន​ស្លាប់បាត់ជីវិត​​ នៅ​តាម​ផ្លូវ​​ពេល​ដែល​​រថយន្ត​​សាមុយ​ដឹក​​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់​ម៉ែត។ ចំណែក​នារី​​​​រង​របួស​​ឈ្មោះ​សុខ ស្រី​ទូច ​អាយុ​​២៥​ឆ្នាំ​ ជាគ្រូ​បង្រៀន​​ភាសា ​មាន​ទីលំនៅ​​​ភូមិ​ចំការ​ឪឡឹក ​សង្កាត់​​កាកាប ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​កំពុង​សំរាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ៕