អតីតវិស្វកររបស់ក្រុមហ៊ុន Intel ម្នាក់កំពុងតែប្រឈមនឹងទោសជាប់ពន្ធធនាគាររយៈពេល ២០ ឆ្នាំ ក្រោមបទចោទប្រកាន់ថាបានលួចឯកសារសំងាត់នៅក្នុងក្រុមហ៊ុនផលិត Chip ធំជាងគេលើពិភពលោកមូយនេះ ដែលមានតំលៃពី ២០០ លានដុល្លាអាមេរិក ដល់ ៤០០ លានដុល្លាអាមេរិក នៅមុនពេលប្តូរទៅធ្វើការងារនៅឯ AMD ។

អតីបុគ្គលិករួបនោះមានឈ្មោះថា Biswamohan Pani អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅឯ Chelmsford, Massachusetts ។ ក្រសួងយុត្តិធម៌អាមេរិកបានធ្វើសេចក្តីថ្លែងការណ៍អោយដឹងថា Pani បានទទួលស្គាល់នូវទង្វើល្មើសរបស់ខ្លួនក្នុងការលួចយកឯកសារមានតំលៃនៅឯរោងចក្រផលិត chip របស់ Intel នេះផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៨ Pani បានធ្វើការងារនៅក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រផលិត chip ទាំងឡាយរបស់ Intel នៅឯ Hudson, Massachusetts ។ ក្រោយមកបុគ្គលិករូបនេះក៏បានដាក់ពាក្យសុំឈប់ពីការងារនៅឯ Intel នៅថ្ងៃទី ១១ ខែមិថុនា។ ប៉ុន្តែ Pani បានចូលបំរើការងារនៅ AMD ចាប់តាំងពីថ្ងៃទី ២ ខែ មិថុនាមកម្ល៉េះ ខណៈពេលដែលគាត់នៅមានសិទ្ធិពេញលេញក្នុងការចូលទៅប្រើប្រាស់ប្រព័ន្ធឯកសាររបស់ Intel ។ នៅខណៈពេលនោះ Pani ក៏ចាប់ផ្តើមទាញយកឯកសារសំងាត់ជាច្រើនស្តីពីការផលិត និងការរចនា chip កុំព្យូទ័ររបស់ Intel ដែលតាមការប៉ាន់ស្មានមានតំលៃចាប់ពី ២០០ លានដុល្លាអាមេរិកដល់ ៤០០ លានដុល្លាអាមេរិកឯណោះ។ ហើយរាល់ឯកសារទាំងអស់នោះត្រូវបានរកឃើញនៅឯគេហដ្ឋានផ្ទាល់ខ្លូនរបស់ Pani ។
បច្ចុប្បន្ន AMD កំពុងតែសហការគ្នាជាមួយ Intel ដើម្បីធ្វើការស៊ើបអង្កេត ហើយក៏មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា AMD មានការទាក់ទងនៅក្នុងការលួចយកឯកសាររបស់ Pani នៅឡើយដែរ។ ដោយឡែកសេចក្តីវិនិច្ឆ័យទោសរបស់តុលាការនឹងធ្វើឡើងនៅថ្ងៃទី ៨ ខែ សីហា ខាងមុខនេះហើយ ហើយ Pani កំពុងប្រឈមនឹងទោសជាប់ពន្ធធនាគាររយៈពេល ២០ ឆ្នាំ៕
ប្រភព៖ Slashgearដោយ៖ រស្មី