រាជធានីភ្នំពេញ ៖ ផលិត​ផល​ក្លែង​ក្លាយ​ដែលភាគ​ច្រើន​ជាស្រា​នាំចូល​ពីបរទេស​មាន​តម្លៃ​​ថ្លៃៗ​ រួមទាំង​​សំភារ​សំរាប់​​ផលិត​ស្រា​នេះ​ផង ត្រូវ​បាន​​​ប៉ូលិស​សេដ្ឋ​កិច្ច​រាជធានី​ភ្នំពេញ​​​​ ដឹក​តាម​រថយន្ត​កូរ៉េ​ចំនួន២​គ្រឿង​​យក​ទៅ​កំទេច​ចោល​​ កាលពី​​វេលា​​ម៉ោង​៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២១ ខែធ្នូ នៅ​ទីលាន​សំណល់​វេជ្ជ​សាស្ត្រ​​ស្ថិត​ក្នុង​សង្កាត់​ជើង​ឯក​ ខណ្ឌ​​ដង្កោ ។ លោក​ឧត្តម​​​សេនីយ៍​​ត្រី​ប៉ែន រ័ត្ន ស្នង​ការ​រង​ប៉ូលិស​រាជធានីភ្នំពេញ​ ដែល​​បាន​ដឹកនាំ​កំលាំង​​សមត្ថកិច្ច​​​ដុត​កំទេច​ស្រា​ក្លែង​​ក្លាយ​នេះបាន​ថ្លែង​​ថា ក្រោយពី​បញ្ចប់​កិច្ច​ប្រតិបត្តិ​ការ​​ស៊ើប​អង្កេត​​កន្លែង​ផលិត​ស្រាក្លែង​ក្លាយ​​ជា​ច្រើន​​កន្លែង​នៅ​ក ្នុង​រាជធានី​អស់​រយៈ​ពេល​១ខែ ​និង​ចាប់​បញ្ជូន​អ្នក​ផលិតស្រា​​ទៅ​តុលាការ​ បច្ចុប្បន្ន​​ ជន​ទាំង​នេះ​ត្រូវ​​​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារព្រៃស​។ នេះ​ក៏ជាសារ​មួយ​សំរាប់​ជនដទៃទៀត​ ដែល​​មាន​​បំណង​ប្រព្រឹត្ត​បទល្មើស​មិនគប្បី​ធ្វើទេ​ គួរតែ​ប្រកប​របរ​សុចរិតវិញ​​ជាការ​ប្រសើរ ។​​ ដោយ​ឡែក​នៅ​ថ្ងៃនេះ សាលាដំបូង​រាជធានី​បាន​សំរេច​​ឱ្យ​ស្នង​ការ​ដ្ឋាន​រាជធានី​ដុត​កំទេច​​ស្រា​​និង​សំភារ​ផលិត​ស្រានេះ ​។​
លោក​ឧត្តម​សេនីយ៍​ត្រី ប៉ែន​ រ័ត្ន បាន​មាន​ប្រសាសន៍​បន្ត​ថា ស្រាក្លែង​ក្លាយ​នេះ​ដែល​បាន​យក​ស្លាក​យីហោ​ BLACK LABEL, RED LABEL, CROWN99 និង Johnnie Walker ​សរុប​ចំនួន​៣.០០៩ដប ត្រូវ​បាន​ដុត​បំផ្លាញ​​ចោល​។ ជាមួយនេះ​​ក៏​បាន​ដុត​បំផ្លាញ​ចោល​នូវ​ឧបករណ៍​គ្រីបគំរបដបចំនួន​៣ ​ស្ទីកគ័រ​​ប្រើ​ប្រាស់​​រួច​​របស់​ក្រុម​ហ៊ុន​អែតវូត ចំនួន​១បន្ទះ​ តែមប្រិ៍ពន្ធគយ​ សំរាប់​បិទគំរប​ដបចំនួន​៧៦​សន្លឹក​ ប្រអប់​​គំរប​ដប​ សំបក​ដប និងឆ្នុក​មួយ​ចំនួន​សំរាប់​ប្រើ​ប្រាស់​ក្នុង​ការ​ផលិត​ស្រា​ក្លែង​​ក្លាយ​ទាំងនេះ​ ។ ចំពោះអ្នក​ផលិត​ស្រា​ក្លែង​ក្លាយម្នាក់​​​ឈ្មោះ​ម៉ែន សុខ ភេទ​ស្រី អាយុ​៤០ឆ្នាំ ត្រូវ​តុលាការ​សំរេច​ដាក់ពន្ធ​នា​គារ​ចំនួន​​៦​ខែ តែអនុវត្ត​ទោស​ចំនួន​៣ខែ ឯទោសសល់ពី​នេះ​ព្យួរ​​និង​ពិន័យ​ជាប្រាក់​ចំនួន​៥​លាន​រៀល ពីបទ​ក្លែងផលិត​ផល​ទំនិញ​ ។ លោក​ឧត្តម​សេនីយ៍​បាន​បញ្ជាក់​ថា ស្រា​ក្លែង​ក្លាយ​ខាង​លើ​នេះ ភាគច្រើន​បានមកពី​ពួកចុងភៅ​​ក្នុង​ពិធីអាពាហ៍ពិពាហ៍​ដែល​យក​ទៅប្រើ​ក្នុង​ពិធីពិសាភោជនាហារជា​ដើម​ ៕