ក្រុង​ប៉ោយប៉ែត​​ ៖ ស្ត្រី​ម្នាក់​ឈ្មោះ​គីម លី អាយុ​​៣៥ឆ្នាំ​ ​នៅ​​ផ្ទះជួល​ក្នុង​ភូមិ​បាលិលេយ្យ​ ​​សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត មាន​មុខ​របរ​ជា​អ្នក​ដើរ​ធ្វើ​ក្រចក​នៅ​ផ្សារ​រុង​ក្លឿទឹកដីសៀម​ ​កាលពីវេ​លា​​ម៉ោង​៤​និង​៣០នាទី​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ បាន​​​​មកកាន់​​ការិយាល័យ​​ទំនាក់​ទំនង​ព្រំដែន​​កម្ពុជា​-ថៃ ​ជាមួយប្តី​សុំ​ឱ្យមន្ត្រី​នៅទីនោះ​ជួយ​ដោយ​អះ​អាង​ថា ខ្លួន​គាត់​ចំណាយ​ប្រាក់​អស់​​៦៦០​​បាត​ដើម្បី​បន្ត​កាត​អន្តោ​ប្រវេសន៍​ដែល​គេ​ហៅ​ថា Immigration Card ​ប៉ុន្តែ​នៅតែ​មិន​អាច​ចាត់​ទុក​ជាផ្លូវ​ការ​​ដដែល​ ។ តាមការ​​រៀប​រាប់​ពីស្ត្រី​​ឈ្មោះ​​គីម លី បាន​ឱ្យ​ដឹង​ថា រូបគាត់​និង​ប្តី​ឈ្មោះ​សុខ ម៉ាប់​ អាយុ​៣៧​ឆ្នាំ​ បានមក​រស់​នៅ​តំបន់​ប៉ោយ​ប៉ែត​នេះ ១០ឆ្នាំ​ហើយ​ និង​មាន​ទាំង​សៀវ​ភៅ​គ្រួសារ​​បញ្ជាក់​ពី​អាជ្ញាធរ​​ព្រមទាំង​អត្ត​សញ្ញាណ​ប័ណ្ណ​ក៏​បាន​ធ្វើ​ហើយ​ដែ រ ប៉ុន្តែ​ពុំ​ទាន់​បាន​យក ​​។ តាំង​ពី​ឆ្នាំ​២០០០​មក​ទល់​នឹងពេល​នេះ គឺ​គាត់​បាន​ចូលទៅ​ផ្សារ​រុង​ក្លឿ​ ទឹកដី​សៀម​ដើរ​ធ្វើ​ក្រចក​​ជា​ប្រចាំ​ហើយ​មាន​ទាំង​កាត​អន្តោ​ប្រវេសន៍​ ដែល​ចេញ​ឱ្យ​ដោយ​សមត្ថ​កិច្ច​​សៀម​ទៀត​ផង ដែល​បញ្ជាក់​ថា គាត់​ជា​សញ្ជាតិ​កម្ពុជា​ ។
ស្ត្រី​រូបនេះ​​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ កាត​អន្តោ​ប្រវេសន៍​​​​របស់​គាត់​បាន​ផុតកំណត់​ហើយ​ត្រូវ​បាន​សមត្ថ​កិច្ច​សៀម​ហែក​មួយ​ជ្រុងចេញ​ជាសំគាល់ ​ ដូច​កាត​គេឯង​ឯទៀត​ដែល​ផុតកំណត់​​ដែរ ។ ​ក្រោយ​ការ​ផុត​កំណត់​នេះ រូប​គាត់​​បាន​ទិញ​​លិខិត​បញ្ជាក់​ពី​ប៉ុស្តិ៍​អន្តោប្រវេសន៍​​ចំនួន​៣​ដង​ហើយ និង​យក​ក្នុង​ម្តងៗ​តម្លៃ​២២០​បាត​ លុយ​សៀម ដោយ​មាន​ទាំង​ការចុះ​ហត្ថ​លេខា​​ពី​មន្ត្រី​​ប៉ូលិស​​អន្តោ​ប្រវេសន៍​ទៀតផង ប៉ុន្តែ​​រាល់​​លិខិត​បញ្ជាក់​ពីប៉ូលិស​​អន្តោ​ប្រវេសន៍​​ខ្មែរ​នោះ​ពេល​​យកទៅ​ដល់​ខាង​សមត្ថ​កិច្ច​សៀម​គ េពុំ​ធ្វើ​ឱ្យទេ ដោយ​គេ​សង្ស័យ​ថា​ គាត់​ជា​​ជន​ជាតិ​វៀត​ណាម​ ។ នៅ​ថ្ងៃ​ដដែល​ម៉ោង​ប្រហែល​​៥​ល្ងាច​​ ក្រោយ​ពី​ការ​សួរនាំ​ មន្ត្រី​ការិយា​ល័យ​​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ក៏​បាន​យក​កាត​ដែល​ផុត​កំណត់​ភ្ជាប់​​ជាមួយ​លិខិត​​បញ្ជាក់​ពីប៉ូលិស​​អន្តោ​ប្រវេសន៍​ទៅ​សួរ​នាំខាង​ស មត្ថ​កិច្ច​អន្តោ​ប្រវេសន៍​សៀម ។​ លោក​ម៉ុន សារួន មន្ត្រី​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ ខណៈ​វិល​ត្រឡប់​ពីជួប​​ជាមួយ​សមត្ថ​កិច្ច​សៀម​បាន​ប្រាប់​កោះ​សន្តិភាព​​ថា គាត់​បាន​ជួបជាមួយលោក​ស័ក្តិ៤ អន្តោ​ប្រវេសន៍​​សៀម​នៅ​ច្រក​ទ្វារ​ខាង​ទឹកដី​សៀម​ ហើយ​ពេល​គាត់​​ព្យាយាម​សួរនាំលើ​ការបន្ត​កាត​ត្រូវ​បាន​​លោក​ស័ក្តិ​៤​នោះ​ប្រាប់​គាត់​ថា ​រឿង​កាត​របស់​ស្ត្រី​​​ម្នាក់​​នេះ​ម្តេច​ក៏​សំបូរអ្នក​​មកសួរ​ម៉្លេះ​ ។ ​មន្ត្រី​ដដែល​បន្ត​ថា ម្យ៉ាង​ដោយ​ផុត​កំណត់​​ម៉ោង​​​ធ្វើ​ការ​ផង លោក​ស័ក្តិ​៤​នោះ​ក៏​ដើរទៅ​បាត់​មិន​បញ្ជាក់​​ពីហេតុ​ផល​អ្វីឡើយ ។
ចំណែក​លោក​អនុសេនីយ៍​​ទោ​តឹប យ៉ាឌី មន្ត្រី​​សេនាធិការ​ប៉ូលិស​​​​អន្តោ​ប្រវេសន៍​​ច្រក​ទ្វារ​​ប៉ោយ​ប៉ែត​​បាន​​ប្រាប់​តាម​ទូរស័ព្ទ​នៅល្ងាច ​ថ្ងៃ​​ទី​២៦ ធ្នូ​ ថា បញ្ហា​​នេះ​​​លោក​​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុច្បាស់​​លាស់​​នៅ​ឡើយទេ​ថា​ តើ​បណ្តាល​មក​ពី​អ្វី​ទើប​ស្ត្រី​ខាង​លើ​ខាង​សមត្ថ​កិច្ច​សៀម​មិន​ធ្វើ​បន្ត​កាតឱ្យនោះ​ ។ ទោះបី​ជា​បែបណា លោក​អនុ​សេនីយ៍​​​ទោរូប​នេះ​ប្រាប់​ថា ​ខាង​លោក​បាន​បញ្ជាក់​លិខិត​ឱ្យ​ស្ត្រី​នោះ​​​កាន់​ទៅ​​ហើយ ​ឯគេធ្វើ​ឱ្យ​ឬមិន​ធ្វើ​ ​លោក​​អត់​ដឹងទេ​ ព្រោះ​វាជា​សិទ្ធិ​របស់​​ខាង​គេ ។ លោក​​តឹប យ៉ាឌី បន្ត​ទៀតថា ទំនង​​ជា​ស្ត្រី​​រូបនេះ​​និយាយ​​ពុំ​​សូវ​ច្បាស់​​គេស្តាប់​ទៅ​​​​ដឹងថា ជា​វៀតណាម​ទើប​គេ​មិន​ហ៊ាន​​ធ្វើ​ឱ្យ​បន្ត​​ដែល​តាម​ពិត​គាត់​​ជាជន​ជាតិ​​កម្ពុជា ។ ចំណែក​ស្ត្រី​ឈ្មោះ​គីម លី និយាយ​ទៀតថា បើ​រាល់​​​ការ​ចេញ​ចូល​កន្លង​មក​​មាន​បញ្ហា​ដោយ​ប្រការ​ណាមួយ​នោះ​គាត់​ក៏​មិនថា​អីដែរ ប៉ុន្តែ​រាល់​​​ការ​ចេញចូល​ទៅ​ទឹកដីសៀម​នេះ​គាត់​ពុំ​ដែល​មាន​បញ្ហា​អ្វី​ម្តង​ណា​ឡើយ ។ គេ​ឆ្ងល់​ថា កាត​ផុត​កំណត់​ដែល​គេធ្វើ​កន្លង​មក​ភាគី​សៀម​បាន​​បញ្ជាក់​ថា គាត់​​មាន​សញ្ជាតិ​កម្ពុជា​ ហើយ​​រាល់​កាតដែល​ផុត​កំណត់​​សុទ្ធតែ​បន្ត​វិញ​បាន ​ម្យ៉ាង​​ស្ត្រី​រូប​នេះ​មាន​លិខិត​បញ្ជាក់​​ពី​ប៉ូលិស​អន្តោ​ប្រវេសន៍​​​កម្ពុជា​​ទៀត​ ហេតុ​ដូចម្តេច​ក៏ភាគី​សៀម​នៅតែ​មិន​បន្ត​ឱ្យ ។ ស្ត្រី​​រូបនេះ​និយាយថា គាត់​មាន​បំណង​ចេញ​ចូល​ដោយ​​ស្រប​​ច្បាប់​​មិន​ចង់​ចេញចូល​តាម​ច្រក​​របៀង​ដោយ​ខុស​ច្បាប់​នោះ​ទេ ៕