រាជធានីភ្នំពេញ ៖ សិស្ស និស្សិត និង​បុគ្គ​លិក​ជាង​៦០០​នាក់ មក​ពី​វិទ្យា​ស្ថាន​អភិ​​វឌ្ឍន៍​វិស័យ​អប់រំ​​សាកល (UEDI) កាល​ពី​​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ បាន​រៀប​ចំ​ពិធី​បុណ្យ​ទក្ខិណា​នុ​ប្ប​​ទាន​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​ជន​រង​គ្រោះ​លើ​ស្ពាន​​ពេជ្រ ។ ពិធី​បុណ្យ​​នេះ​ត្រូវ​បាន​រៀប​ចំ​​ឡើង​នៅ​ក្នុង​បរិ​វេណ​នៃ​វិទ្យា​ស្ថាន​ ស្ថិត​នៅ​ខាង​ជើង​វត្ត​ទួល​ទំពូង ប្រមាណ​៥០​ម៉ែត្រ ។ លោក​សម ស៊ី​ណាន នាយ​ក​វិទ្យា​ស្ថាន​ UEDI បាន​ថ្លែង​ថា ការ​រៀប​ចំ​​ធ្វើ​បុណ្យ​ទក្ខិណា​នុ​ប្ប​ទាន​ថ្ងៃ​នេះ គឺផ្តើម​ឡើង​​ពី​កា​ររួប​រួម​គ្នា​រវាង​គណៈ​គ្រប់​គ្រង​​ លោក​គ្រូ អ្នក​គ្រូ សិស្ស និស្សិត និង​មាតា​បិតា​ អាណា​ព្យា​បាល​ ដើម្បី​ឧទ្ទិស​កុលស​​​ផល​បុណ្យ​​ជូន​ដល់​មរណ​ជន​ក្នុង​ឧប​ទ្ទវ​ហេតុ​​រាត្រី​ថ្ងៃ​ទី​២២ វិច្ឆិកា នៅ​លើ​ស្ពាន​​ពេជ្រ ។ លោក​បញ្ជាក់​ថា ការ​រៀប​ចំ​ពិធី​បុណ្យ​​នេះ​ គឺ មិន​ពាក់​ព័ន្ធ​ដល់​បណ្តា​នយោ​បាយ​អ្វី​នោះ​ទេ ។ គោល​បំណង​ពិត​​នៃ​ការ​រៀប​ចំ​​​ពិធី​បុណ្យ​នេះ គឺ​ដើម្បី​ប្រមូល​កុសល​ផល​បុណ្យ​ជូន​ទៅ​ដល់​​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​តែ​​​ម្យា៉ង​ប៉ុណ្ណោះ ។
លោក​បន្ត​ថា ដោយ​មើល​ឃើញ​​ពី​ការ​​​យក​ចិត្ត​ទុក​ដាក់​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោក​ជំទាវ ព្រម​ទាំង​ស្ថាប័ន​ និង​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​ចំពោះ​​​មហា​សោក​នាដ​កម្ម​លើ​ស្ពាន​​ពេជ្រ​នោះ វិទ្យា​ស្ថាន​របស់​លោក​ក៏​ផ្តួច​ផ្តើម​គំនិត​​រៀប​ចំ​ពិធី​បុណ្យ​នាពេល​នេះ​តែ​ម្តង ។ លោក​គិត​ថា មរណ​ជន​​នៅ​ស្ពាន​ពេជ្រ​​ទាំង​អស់​នឹង​​ទទួល​បាន​កុលស​ផល​បុណ្យ​​​ពី​ពិធី​បុណ្យ​ដែល​រៀប​ចំ​ដោយ​​​វិទ្យា ​ស្ថាន UEDI នេះ​ដោយ​ជាក់។ តាង​​នាម​ថ្នាក់ដឹក​នាំ​លោក​គ្រូ អ្នក​គ្រូ មាតាបិតា អាណា​ព្យា​បាល ​និង​សិស្ស និស្សិត វិទ្យា​ស្ថាន UEDI សូម​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​​គ្រោះ និង​សូម​បន់​ស្រន់​​ដល់​វិញ្ញាណក្ខន្ធ​នៃ​មរណ​ជន​ទាំង​អស់​​ទៅ​កាន់​សុគតិ​ភព​ដោយ​ស្ងប់​ស្ងាត់​កុំ​បី​ឃ្ លៀង​ឃ្លាត​ឡើយ ៕