តាមប្រភពព័ត៌មានកាសែតដើមអំពិលបានឲ្យដឹងថា យ៉ាងហោចណាស់ ស្ដ្រីវ័យចំណាស់ អាយុ ៧៩ឆ្នាំម្នាក់ បានស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ខណៈដែលសាច់ញាតិរបស់គាត់ ៤នាក់ផ្សេងទៀត ស្ថិតក្នុងគ្រួសារតែមួយ រងគ្រោះដោយក្អួតចង្អោរ បន្ទាប់ពីពួកគេបានហូបមី ម៉ា ម៉ា រួចមក ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីជនរងគ្រោះ បានជួបអាការក្អួតចង្អោរ បន្ទាប់ពីនាំគ្នាហូបមី ម៉ា ម៉ា ចំនួន ៣កញ្ចប់ កាលពីព្រឹកថ្ងៃដដែល ស្ថិតនៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។
ស្នងការនគរបាលខេត្ដ លោកឧត្ដមសេនីយ៍ សារុន ចន្ធី បានប្រាប់អ្នកកាសែត នៅរសៀល ថ្ងៃទី៥ ខែមិថុនា នេះថា មូលហេតុពិតប្រាកដ ដែលនាំឱ្យជនរងគ្រោះស្លាប់ និងក្អួតចង្អោរខាងលើនេះ មិនទាន់ដឹង នៅឡើយទេ បើទោះបីជនរងគ្រោះអះអាងថា ដោយសារតែពុលក្រោយហូបមី ម៉ាម៉ា ក៏ដោយនោះ។ លោកឧត្ដម សេនីយ៍ សារុន ចន្ធី បានបន្ដថា សំណាកដូចជា មីដែលនៅក្នុងកេសសល់ពីការលក់ រួមទាំងទឹក ដែលយកទៅដាំ ដើម្បីឆុងមី និងវត្ថុតាងមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចបច្ចេកទេស យកទៅពិសោធន៍ នៅ មន្ទីរពិសោធន៍ ដើម្បីរកមូលហេតុឱ្យឃើញថា ជនរងគ្រោះស្លាប់ និងក្អួតចង្អោរដោយ សារអ្វីពិតប្រាកដនោះ។
បើយោង តាមស្នងការនគរបាលរូបនេះ ជនរងគ្រោះពិតប្រាកដមានតែ ៥នាក់ប៉ុណ្ណោះ ក្នុងមួយគ្រួសារ ដែលបណ្ដាលឱ្យ លោកយាយវ័យ ៧៩ឆ្នាំម្នាក់ បានស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុក រីឯ ៤នាក់ផ្សេងទៀត ជាសាច់ ញាតិរបស់លោកយាយ បានក្អួតចង្អោរ ប៉ុន្ដែបានធូរស្រាលវិញហើយ បន្ទាប់ពីពេទ្យជួយសង្គ្រោះ។
ស្នងការនគរបាលរូបនេះ បានអះអាងថា សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ថា ជាការពុលមី ម៉ា ម៉ា អ្វីនោះឡើយ បើ ទោះបីជនរងគ្រោះ បាននិយាយយ៉ាងដូច្នេះក៏ដោយ គឺអ្វីៗស្ថិតក្នុងការពិសោធន៍នៅឡើយ។
ដោយ៖ ណាវី