រាជធានីភ្នំពេញ ៖ ​ក្នុងជំនួប​​ជា​មួយ​លោក​ឧប​នាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង ​​លោកស្រី​រដ្ឋ​មន្ត្រី​​​ការបរទេស​​បង់​ក្លា​ដេស ​ឌីពូ ម៉ូនី ​បាន​ស្នើ​ឱ្យ​កម្ពុជា​​នាំ​អង្ករ​​ទៅលក់​នៅប្រទេស​​របស់លោក​ស្រី​ ព្រោះ​ប្រទេស​​លោកស្រីនៅ​មាន​កង្វះ​ខាត​​ស្បៀង​ច្រើន ​ហើយ​ថា នឹង​​ជំរុញ​​ឱ្យ​វិនិយោគិន​​មក​បណ្តាក់ទុន​​រកស៊ី​​នៅក្នុង​ប្រទេស​កម្ពុជា ​ជា​ពិសេស​​​វិនិយោគ​​លើ​វិស័យ​​កសិ​កម្ម​​ដាំស្រូវ​​នេះ​តែម្តង ។ ការ​លើកឡើង​​បែបនេះ ​បានធ្វើ​​កាលពី​វេលា​ម៉ោង​​១០​ព្រឹក ​ថ្ងៃទី​​២៧ ធ្នូ ២០១០ បន្ទាប់ពី​​លោកស្រី​ និងគណៈ​​ប្រតិភូ​​អម​ដំណើរ​បាន​អញ្ជើញ​មក​ដល់​​ប្រទេស​កម្ពុជា ​ក្នុង​ដំណើរ​​​ទស្សន​កិច្ច​​ផ្លូវការ​។ លោក​ឧប​នាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​បាន​សំដែង​ការ​រីករាយ​ចំពោះ​ការ​​នាំអង្ករ​​ទៅកាន់​ប្រទេស​​បង់ក្លាដេស ​ព្រោះ​វា​ជា​គោលដៅ​​របស់​រដ្ឋាភិបាល​​​ដែលកំពុង​ជំរុញ​​ឱ្យ​មានការ​ផលិត​អង្ករ​​កាន់តែ​​ច្រើន និង​នាំអង្ករ​​ចេញទៅ​ក្រៅ​ប្រទេស ។
លោកហោ ណាំហុង ​​បាន​បន្ត​ថា ដោយ​ឡែក ការ​​វិនិយោគ​​​លើ​វិស័យ​​កសិ​កម្ម​គឺ​ត្រូវ​​ពិភាក្សា​​បន្តទៀត​ជាមួយ​ស្ថាប័ន​​ជំនាញ​​ ហើយ​រដ្ឋាភិបាល​​ស្វាគមន៍​​ការវិនិយោគ​​​នេះ​ខ្លាំង​ណាស់ ។​ គួរបញ្ជាក់​ថា យោង​តាម​​សេចក្តីជូនព័ត៌​មាន​​របស់ក្រសួង​​ការបរទេស និង​​សហប្រតិបត្តិ​ការ​​អន្តរជាតិ​ចុះថ្ងៃទី​​២២ ធ្នូ ​២០១០ ​បាន​ឱ្យ​​ដឹង​ថា ដំណើរ​​ទស្សន​កិច្ច​របស់រដ្ឋ​មន្ត្រី​ការបរទេស​​បង​់​ក្លាដេស​​រយៈ​ពេល​​២ថ្ងៃ ចាប់ពីថ្ងៃទី​២៧ ដល់​​ថ្ងៃ​ទី​២៨ ធ្នូ នេះ គឺ​ធ្វើឡើង​​តបតាម​​ការអញ្ជើញ​​របស់​លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​​ហោ ណាំហុង ​រដ្ឋ​មន្ត្រី​​ការបរទេស​កម្ពុជា ។ នៅក្នុង​ប្រទេស​កម្ពុជា លោកស្រី​រដ្ឋ​មន្ត្រី​​ការ​បរទេស​​នៃសាធារណរដ្ឋ​​ប្រជាមានិត​​បង់ក្លាដេស​​​ឌីពូ ម៉ូនី នឹង​ចូលក្រាបបង្គំ​​គាល់ព្រះករុណា​ ព្រះ​បាទសម្តេច​ព្រះ​​បរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ​​​នៅ​ព្រះបរម​រាជវាំង និង​អញ្ជើញ​ចូល​​សំដែង​ការ​គួរសម​​ជាមួយសម្តេច-​អគ្គមហា​សេនាបតី​តេជោ​ហ៊ុន​ សែន ​នាយករដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​​ជួប​ពិភាក្សា​​ការងារ​ផងដែរ ​ជាមួយលោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​​ក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និង​នេសាទ ។
មុននឹង​​​បញ្ចប់ដំណើរ​ទស្សន​កិច្ច​​ផ្លូវការ​នៅ​​កម្ពុជា ​លោកស្រី​​រដ្ឋ​មន្ត្រី​​ការ​បរទេស​​បង់​ក្លាដេស ​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​​​ និងប្រាង្គ​ប្រាសាទ​​នានា​នៅខេត្ត​​​សៀមរាបផងដែរ ។ គួរបញ្ជាក់​ដែរ​ថា ជញ្ជីង​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា-បង់ក្លាដេស​​​កាលពីឆ្នាំ​២០០៩ កន្លងមក​​​​នេះគឺ​ប្រទេស​កម្ពុជា​បាននាំ​ទំនិញ​ទៅ​ប្រទេសបង់​ក្លាដេស​​​​​មានទឹក​​ប្រាក់​ចំនួន​​៤០ម៉ឺន​ដ ុល្លារ ​ចំណែក​​បង់ក្លាដេស​​បាននាំទំនិញ​​ចូលកម្ពុជា​​មាន​ទឹកប្រាក់​ចំនួន​១លាន​​៣សែនដុល្លារ ៕​