ការចូលរួមប្រកួតរបស់ក្រុមអត្តពលិកកម្ពុជា នៅកីឡាអូឡាំពិកលើកទី៣០ នៅទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស បានធ្វើឱ្យកម្ពុជាកាន់តែទទួលបានបទពិសោធច្រើនសម្រាប់វិស័យកីឡា។

ប្រភពព័ត៌មាន NOCC បានឱ្យដឹងថា ជាមួយនឹងការមកដល់នេះដែរ NOCC នឹងមានរៀបចំសន្និសីទសារព័ត៌មានមួយជុំវិញលទ្ធផល និងការត្រឡប់មកវិញរបស់អត្ត ពលិកកម្ពុជា ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោកនៅទីក្រុងឡុងដ៍ ក្នុងពេលឆាប់ៗនេះ។

/

ក្រុមអត្តពលិកកម្ពុជាដែលបានទៅចូលរួមប្រកួតនៅអូឡាំពិកក្រុងឡុងដ៍

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា «សន្និសីទនេះធ្វើក្នុងគោលបំណងផ្សព្វផ្សាយជូនមហាជន និង អ្នកឧបត្ថម្ភផ្សេងៗបានដឹងថា ក្រុមកីឡាករកម្ពុជា ដែលទៅចូលរួមប្រកួតកីឡាអូឡាំពិក លើកទី៣០ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នោះបានមកដល់ ប្រទេសអស់ហើយ និងប្រកបដោយសុវត្ថិភាព កាលពីរាត្រីថ្ងៃទី១៧ សីហា ឆ្នាំ ២០១២ តាមជើងយន្តហោះ Air France»។

លោកអគ្គលេខាធិការ NOCC បន្តថា «ជាមួយគ្នានោះដែរអត្តពលិករបស់កម្ពុជាយើងខ្លះបានឈ្នះ ​ ថែម ទាំងបានបំបែកឯតទគ្គកកម្មចាស់របស់ខ្លួនបាន និង គួឲ្យកោតសរសរសើរ​»។

សូមរំលឹកថា កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៦រូបលើ៤ប្រភេទកីឡា ដោយ ២រូបមកពីកីឡាហែលទឹក ​ ២រូបមកពីកីឡាអត្តពលកម្ម ​ ១រូបមកពីកីឡាយូដា​ និង១រូបទៀតមកពីកីឡាតេក្វាន់ដូ​៕

ដោយ ៖ សូរីយ៉ាប្រភព ៖ NOCC